ចំណុចសំខាន់ៗនៃដំណើរដើមទងនៃការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលអ្នកគួរដឹង!
ទិវាសិទ្ធិនារីអន្តរជាតិ ដែលតែងតែត្រូវបានប្រារព្ធឡើងនៅជារៀងរាល់ឆ្នាំនៃខែមិនា ទី៨ នៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីអបអរសាទរដល់សមិទ្ធផលនិងភាពអស្ចារ្យរបស់ស្ត្រី និងភាពស្មើគ្នារវាងសិទ្ធិបុរសនិងស្ត្រី។ យ៉ាងណាមិញ តើឫសគល់នៃទិវាសិទ្ធិនារីអន្តរជាតិ មានប្រវត្តិសាស្ត្រកកើតឡើងយ៉ាងដូចម្ដេច ?
១) ទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានចាប់ប្រារព្ធឡើងមុនគេបង្អស់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩០៩ ដោយគណបក្សសង្គមនិយមរបស់អាមេរិក ក្នុងគោលបំណងផ្ដល់កិត្តិយសចំពោះចលនាបាតុកម្មទាមទារការដំឡើងប្រាក់ឈ្នួលនិងសិទ្ធិក្នុងការបោះឆ្នោតពីក្រុមស្ត្រីធ្វើការក្នុងរោងចក្រ នៅឯទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩០៨។
២) នៅឆ្នាំបន្ទាប់ ការប្រជុំគ្នារបស់ពួកសង្គមនិយមអន្តរជាតិក្នុងសន្និសីទមួយ នៅក្នុងរដ្ឋធានី Copenhagen នៃប្រទេសដាណឺម៉ាក អ្នកដឹកនាំគណបក្សសង្គមនិយមរបស់អាល្លឺម៉ង់ បានលើកឡើងពីគម្រោងការនៃការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីផ្ដល់កិត្តិយសទៅដល់ចលនាបាតុកម្មរបស់ស្ត្រី ហើយមតិនេះក៏ទទួលបានការស្វាគមន៍ពីសំណាក់ស្ត្រីជាង១០០នាក់មកពី១៧ប្រទេសក្នុងសន្និសីទអន្តរជាតិនោះ។
៣) ភ្លាមៗនោះ ក្នុងឆ្នាំ១៩១១ ការប្រារព្ធឡើងនូវទិវាសិទ្ធិនារី ក៏ឃើញកើតមានឡើងក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស នាថ្ងៃទី១៩ ខែមិនា ដែលមានទាំងស្ត្រីនិងបុរសជាង១លាននាក់ចូលរួមក្នុងការជួបជុំនេះ ដើម្បីទាមទារសិទ្ធិរបស់ស្ត្រីក្នុងការបំពេញការងារ ការហាត់ការ និងលុបបំបាត់ចោលនូវការរើសអើងភេទក្នុងក្របខ័ណ្ឌការងារ ដែលមានលើសពីសិទ្ធិស្ត្រីក្នុងការបោះឆ្នោត។
៤) រហូតដល់ឆ្នាំ១៩៦៥ ការផ្លាស់ប្ដូរថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិទៅរៀងរាល់ខែមិនា ថ្ងៃទី៨វិញ ក៏បានព្រមព្រៀងគ្នាជាសកលលោកចាប់តាំងពីពេលនោះមក។
៥) អង្គការសហប្រជាជាតិក៏បានចាប់ផ្ដើមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិជាផ្លូវការរបស់ខ្លួន ក្នុងឆ្នាំ១៩៧៥។
៦) ទិវាសិទ្ធិនារីអន្តរជាតិនេះ គឺជាថ្ងៃឈប់សម្រាករបស់ជាតិ នៅបណ្ដាប្រទេសចំនួន១៥ ក្នុងនោះរួមមានទាំងប្រទេសចិន អ៊ុយក្រែន និងវៀតណាមផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.mirror.co.uk & www.un.org