កំពូលអ្នកមានលើលោកទាំងពីររូប លោក Bill Gates និង Warren Buffett មានគំនិតដូចគ្នា ចំពោះអត្ថន័យនៃពាក្យជោគជ័យ
មិនប្រាកដថាភាពជោគជ័យនៅកន្លែងធ្វើការ មានអត្ថន័យពេញលេញគ្រប់គ្រាន់នឹងជាតម្លៃតំណាងពីភាពជោគជ័យពិតប្រាកដទាំងមូលក្នុងជីវិតរបស់អ្នកនោះឡើយ។ អ្នកអាចសម្រេចគម្រោងការដ៏ធំមួយបានជោគជ័យហើយ មានប្រាក់ចាយមិនខ្វះហើយ ប៉ុន្តែនៅពេលអ្នកឈានជើងដើរចូលក្នុងផ្ទះពេលណា បែរជាមានអារម្មណ៍ថាក្នុងផ្ទះហាក់ដូចជាគ្មានវិញ្ញាណនៃភាពកក់ក្ដៅនិងក្ដីស្រឡាញ់ទាល់តែសោះ។
មកដល់ដំណាក់កាលនេះ តើជោគជ័យនៃទ្រព្យសម្បត្តិតែម្យ៉ាងពិតនឹងអាចផ្ដល់ឲ្យអ្នកនូវសេចក្ដីសុខបាននៅក្នុងជីវិតមែនឬ ? តើអ្នកប្រាកដចិត្តឬអត់ថាខ្លួនឯងបានផ្ដល់ភាពសំខាន់ទៅលើរឿងដែលពិតជាសំខាន់មែននោះ ? ភាពម៉ត់ចត់ចំពោះការងារពិតនឹងនាំអ្នកទៅរកភាពជោគជ័យ ប៉ុន្តែការផ្ដល់ភាពម៉ត់ចត់របស់អ្នក ភាពសំខាន់របស់អ្នក និងក្ដីស្រឡាញ់ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់កាន់តែសំខាន់លើសពីនេះទៅទៀត។ ពុំនោះទេ ប្រសិនបើអ្នកយល់ថាមានលុយទើបមានសេចក្ដីសុខ នោះជោគជ័យដែលអ្នកទទួលបាននឹងគ្រាន់តែជាជោគជ័យដែលមានប្រហោងតែប៉ុណ្ណោះ ព្រោះបើអ្នកមិនបានផ្ដល់និងមិនបានទទួលក្ដីស្រឡាញ់ពីអ្នកដទៃ អ្នកនឹងគ្មានក្ដីសុខពិតប្រាកដឡើយ។
បើនិយាយពីបច្ចេកវិទ្យាដ៏ឆ្លាតវៃ នរណាក៏ស្គាល់ពីមហាសេដ្ឋី Bill Gatesដែរ។ ឯខាងផ្នែកវិនិយោគដ៏ល្បីល្បាញឯណោះវិញ មហាសេដ្ឋី Warren Buffettក៏តែងតែជាបុគ្គលម្នាក់ដែលត្រូវបានគេរំលឹកពីភាពអស្ចារ្យនិងគតិបណ្ឌិតល្អៗពីលោកដូចគ្នាដែរ។ ពួកគេទាំងពីរមិនត្រឹមតែពូកែរកលុយនោះទេ តែជោគជ័យដែលពួកគេមានគឺជាជោគជ័យដែលមនុស្សមានត្រឹមតែជោគជ័យនៅកន្លែងការងារតែបែរជាមានទំនាស់ជាមួយអ្នកផ្ទះទាំងឡាយតែងប្រាថ្នាចង់បាន។ នៅក្នុងកម្មវិធីសំណួរចម្លើយរបស់Reddit លោក Bill Gatesត្រូវបានគេសួរថា តើគាត់មានការយល់ឃើញបែបណាចំពោះភាពជោគជ័យ ?
លោកបានឆ្លើយតបទៅវិញដោយរំលឹកពីសម្ដីមិត្តភ័ក្ដិដ៏ជំនិតរបស់គាត់ថា "Warren Buffettតែងនិយាយថាកម្រិតរបស់វាស្ថិតនៅត្រង់ថាតើមនុស្សស្និទ្ធស្នាលនឹងអ្នកពួកគេសប្បាយរីករាយនិងស្រឡាញ់អ្នកឬអត់"។ ស្ថាបនិកក្រុមហ៊ុន Microsoftរូបនេះ មិនថារវល់មមាញឹកនឹងការងារប៉ុណ្ណានោះទេ គាត់តែងតែឆ្លៀតឱកាសចំណាយពេលជាមួយក្រុមគ្រួសារ ភរិយា និងកូនៗជាទីស្រឡាញ់របស់គាត់ជានិច្ច។ ដោយឆ្លៀតពេលជូនកូនៗទៅសាលា គាត់អាចយកពេលវេលានេះជជែកសួរនាំពីពួកគេ ដែលគាត់តែងចាត់ទុកវាជាពេលវេលាដ៏មានតម្លៃបំផុតសម្រាប់ខ្លួនជាឪពុក។
ក្រៅពីសមាជិកគ្រួសារ លោកក៏បានផ្ដល់ភាពសំខាន់ជាខ្លាំងទៅលើកាតព្វកិច្ចរបស់លោកក្នុងក្រុមហ៊ុន Microsoft ព្រោះថាវាគឺជាឱកាសសម្រាប់លោកក្នុងការរួមចំណែកធ្វើបដិវត្តន៍software ដើម្បីជំរុញភាពអស្ចារ្យរបស់មនុស្សលោកផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.cnbc.com