​​ហេតុ​អ្វី​​ដើម្បី​ជោគជ័យ​ អ្នក​​គួរ​លក់​ទេពកោសល្យ​ ​​មិន​មែន​លក់​ពេលវេលា​?​



សុភាសិត​ខ្មែរ​ពី​បុរាណ​តែង​ពោល​ថា "នៅ​ពេល​អ្នក​ចេះ​ពិត​ប្រាកដ ប្រាក់​នឹង​រត់​តាម​ហោប៉ៅ​មិន​ខាន"។ ចូរលក់ទេពកោសល្យរបស់អ្នក មិនមែនពេលវេលារបស់​អ្នកនោះទេ។ អ្នក​ធ្វើការ​ដ៏​វៃ​ឆ្លាត​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត គឺជា​បុគ្គល​ដែល​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​របស់​ពួកគេ​ដើម្បី​រក​លុយ​ឲ្យ​ពួកគេ និង​ប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​តិចតួច​បំផុត។

អ្នក​ក៏​គួរ​តែ​យល់​ឲ្យ​ច្បាស់​ផង​ដែរ​ពី​អត្ថន័យ​នៃ​ពាក្យ​ថា "ប្រសិទ្ធភាព" គឺជា​លទ្ធផល​នៃ​ការងារ​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ប្រើប្រាស់​ពេលវេលា​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង និង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ គឺជា​រឿង​ពីរ​ខុស​ប្លែក​ពី​គ្នា​ជា​ខ្លាំង។ រវាង​បរិមាណ​និង​គុណភាព រាល់​បុគ្គល​ដែល​បំពេញ​ការងារ​ប្រកប​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង នឹង​ផលិត​បាន​នូវ​បរិមាណ​ការងារ​ច្រើន ក៏​ព្រោះ​តែ​ពួកគេ​បាន​បូជា​ពេលវេលា​ជា​ច្រើន​ដើម្បី​សម្រេច​ការងារ​ទាំងនោះ ប៉ុន្តែ​ជាមួយ​នឹង​បរិមាណ​ការងារ​ច្រើន គុណភាព​ការងារ​របស់​ពួកគេ​ទទួល​បាន​ក្នុង​កម្រិត​ទាប​ទៅវិញ រីឯ​ប្រសិទ្ធភាព​ការងារ​វិញ​ក៏​នឹង​ថយ​ចុះ​បន្តិច​ម្ដងៗ ទៅ​តាម​ចំនួន​ការងារ​ដែល​កើន​ឡើង​នោះ​ដែរ។

ងាក​មក​គិត​ត្រិះរិះ​ពី​ផ្នែក​ម្ខាង​ទៀត​នៃ​បុគ្គល​ដែល​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​វិញ ពួកគេ​ចំណាយ​ពេល​តែ​បន្តិចបន្តួច​ក្នុង​ការ​សម្រេច​កិច្ចការ​ណាមួយ​ប៉ុណ្ណោះ ប៉ុន្តែ​ការងារ​របស់​ពួកគេ​អាច​ធានា​បាន​នូវ​គុណភាព​ខ្ពស់ និង​ប្រសិទ្ធភាព​ខ្ពស់ បើ​ទោះជា​បរិមាណ​ការងារ​មាន​តិចតួច​ក្ដី។ តើ​អ្វី​ជា​ភាព​ខុសគ្នា​យ៉ាង​ពិត​ប្រាកដ​រវាង​អ្នក​បំពេញ​ការងារ​ទាំង​ពីរ​ប្រភេទ​នេះ? អ្នក​ទី១ ​ទទួល​បាន​ប្រាក់​តបស្នង​ចំពោះ​ពេលវេលា​ដែល​ពួកគេ​បាន​បូជា​ទៅលើ​លទ្ធផល​កិច្ចការ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ត្រូវ​បាន​ហៅ​ទៅ​បំពេញ​កិច្ចការ​វិញ​ជានិច្ច​រៀងរាល់​ពេល​ដែល​ថ្នាក់លើ​ត្រូវការ ប្រៀប​ដូចជា​អ្នក​ធ្វើការ​ក្នុង​រោងចក្រ​យ៉ាង​ដូច្នោះ។ រីឯ​អ្នក​ទី២​ វិញ ពឹងផ្អែក​ទៅលើ​ចំណេះ និង​ជំនាញ និង​ទេពកោសល្យ​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រាក់​តបស្នង​ចំពោះ​លទ្ធផល​ការងារ​ដែល​ពួកគេ​បាន​ធ្វើ​នោះ​វិញ។ ថ្នាក់លើ​មិន​ហៅ​គេ​ឲ្យ​មក​ធ្វើការ​គ្រប់​ពេល​នោះ​ទេ ផ្ទុយទៅវិញ អ្នក​ដឹកនាំ​នឹង​និយាយ​ទៅ​កាន់​បុគ្គល​ប្រភេទ​នេះ​ថា "ត្រឡប់​មក​រក​ពួក​យើង​វិញ នៅ​ពេល​អ្នក​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​មក​កាន់​ពួក​យើង"

នៅ​ពេល​អ្នក​មាន​ចំណេះ ជំនាញ និង​ទេពកោសល្យ​ពិត​ប្រាកដ ទោះ​ជា​ត្រូវ​អស់​ប្រាក់​ច្រើន​ប៉ុណ្ណា​ក៏​គេ​ហ៊ាន​បង់​ឲ្យ​អ្នក​ដើម្បី​ទទួល​បាន​នូវ​ការងារ​ដ៏​មាន​គុណភាព​របស់​អ្នក​ដែរ ហើយ​ថ្នាក់លើ​ក៏​មិន​ខ្វល់​ឬ​ចាប់អារម្មណ៍​ដែរ​ថា​តើ​អ្នក​បាន​បូជា​ពេលវេលា​ខ្លួនឯង​ប៉ុន្មាន​ដើម្បី​ផលិត​ការងារ​សម្រាប់​ពួកគេ​នោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.cnbc.com

X
5s