អ្នករៀនមាន៣ប្រភេទ តើអ្នកស្ថិតនៅក្នុងប្រភេទមួយណា?
ខួរក្បាលរបស់មនុស្សម្នាក់ៗធ្វើការតាមរបៀបខុសៗពីគ្នា។ ធម្មជាតិប្រទាននូវរបស់ដ៏មានតម្លៃជាខួរក្បាលទៅឲ្យមនុស្សគ្រប់គ្នាមែន ហើយអ្នកនិងអ្នកដទៃទៀតនៅក្នុងបន្ទប់សិក្សាជាមួយគ្នាកំពុងស្រូបយកចំណេះដឹងពីគ្រូបង្រៀនតែមួយមែន ប៉ុន្តែវាមិនបានន័យថាកម្រិតនៃការទទួលយល់ដឹងរបស់អ្នកនិងអ្នកផ្សេងទៀត មានលទ្ធផលដូចៗគ្នានោះឡើយ។ ខួរក្បាលរបស់មនុស្សធ្វើការតាមរបៀបខុសគ្នា ឯដំណើរការណ៍នៃការទទួលយកចំណេះដឹងក៏ប្រព្រឹត្តទៅខុសពីគ្នាដែរ។
ហេតុនេះ ជាការចាំបាច់បំផុត ប្រសិនបើអ្នកស្គាល់ពីខ្លួនឯងច្បាស់ថា តើតាមរបៀបបែបណាទើបខួរក្បាលរបស់អ្នកឆាប់ចាប់យកបានចំណេះដឹង និងសន្សំទុកវាបានយូរ នោះអ្នកនឹងទទួលបានប្រយោជន៍យ៉ាងច្រើនមហាសាលពីចំណេះដឹងរៀនសូត្រមកទាំងប៉ុន្មានជាក់ជាមិនខាន។ ក្នុងចំណោមប្រភេទអ្នកសិក្សាទាំង៣ខាងក្រោមនេះ ចូរធ្វើការស្វែងយល់ថាតើអ្នកស្ថិតក្នុងប្រភេទមួយណា ?
១) អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណ៖ អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណតែងស្រូបទាញនូវចំណេះដឹងផ្ទុកក្នុងខួរក្បាលរបស់ខ្លួនបានល្អបំផុត តាមរយៈសកម្មភាពអានដែលពឹងផ្អែកជាចម្បងនូវចក្ខុវិញ្ញាណ ឬភ្នែក ហើយវាបែងចែកជាពីរប្រភេទទៀត។ ដើម្បីឲ្យងាយស្រួលយល់ ឧទាហរណ៍ថាអ្នកស្ថិតក្នុងស្ថានភាពកំពុងស្វែងរកទិសដៅទៅកន្លែងគោលដៅណាមួយ បើអ្នកឆាប់យល់បានដោយការផ្ដល់ព័ត៌មានពីទិសដៅតាមរយៈការណែនាំជាអក្សរថាត្រូវបត់ឆ្វេង រួចបត់ស្ដាំ។ល។ នោះអ្នកនឹងស្ថិតក្នុងប្រភេទជាអ្នកសិក្សាតាមបែបចក្ខុវិញ្ញាណដោយប្រើភាសា។ បើអ្នកស្ថិតក្នុងប្រភេទនេះ អ្នកគួរមានទម្លាប់ក្នុងការរៀនសូត្រដោយប្រមែប្រមូលឯកសារជាអក្សរសម្រាប់អាន និងកត់ត្រាទុកនូវរាល់ចំណុចសំខាន់ពេលគ្រូពន្យល់។
ផ្ទុយទៅវិញ បើអ្នកឆាប់យល់បានដោយការផ្ដល់ព័ត៌មានពីទិសដៅតាមរយៈផែនទី ឬជារូបភាពបង្ហាញផ្សេងៗ នោះអ្នកស្ថិតក្នុងប្រភេទជាអ្នកសិក្សាតាមបែបចក្ខុវិញ្ញាណដោយប្រើរូបភាពហើយ។ បើអ្នកចង់ឆាប់ស្រូបទាញបាននូវចំណេះដឹងទាំងឡាយ អ្នកគួរងាកមកសិក្សាលើក្រាហ្វិក ក្រាប រូបភាព ឬតារាង រួមទាំងការនឹកស្រមៃពីព័ត៌មានដែលទទួលបានក្នុងស្ថានភាពជាក់ស្ដែងក៏ជួយដល់អ្នកផងដែរ។
២) អ្នកសិក្សាតាមបែបសោតវិញ្ញាណ៖ ពួកគេឆាប់ទទួលបានព័ត៌មានដោយការពឹងផ្អែកទៅលើសោតវិញ្ញាណ ឬត្រចៀកជាចម្បង។ ពួកគេចូលចិត្តស្ដាប់គ្រូពន្យល់ ការធ្វើបទបង្ហាញផ្សេងៗ ជាជាងនៅអង្គុយអានតួអក្សរដ៏ស្មុគស្មាញទាំងនោះ។ បើអ្នករកឃើញថាខ្លួនអ្នកជាអ្នកសិក្សាប្រភេទនេះ ដូច្នេះសកម្មភាពសិក្សាដូចជាចូលរួមក្រុមសិក្សាណាដែលអ្នកអាចធ្វើបានទាំងស្ដាប់ការចែករំលែកគំនិតពីអ្នកដទៃ និងគំនិតរបស់ខ្លួនអ្នកផងដែរ ស្វែងរកកន្លែងរៀនស្ងប់ស្ងាត់ដែលអ្នកអាចអានលឺៗឲ្យខ្លួនឯងស្ដាប់ ឫបើកាន់តែល្អជាងនេះទៅទៀត អ្នកក៏អាចថតសំឡេងរបស់ខ្លួនរួចចាក់ស្ដាប់វាពេលក្រោយទៀតក៏បាន ដែលសុទ្ធតែជាវិធីរៀនដែលជួយដល់អ្នកយ៉ាងខ្ពស់បំផុត។
៣) អ្នកសិក្សាតាមបែបអនុវត្តជាក់ស្តែង៖ រាល់សកម្មភាពសិក្សាបែបណាដែលផ្ដល់នូវការអនុវត្តជាក់ស្ដែងដល់អ្នកសិក្សាប្រភេទនេះ ពួកគេនឹងឆាប់ទទួលបានចំណេះដឹងបំផុត ដែលខុសពីអ្នកសិក្សាប្រភេទទាំងពីរខាងលើដាច់ស្រឡះ។ បើអ្នកពិតជាពឹងផ្អែកទៅលើកាយវិញ្ញាណរបស់អ្នកដើម្បីឲ្យការរៀនសូត្រប្រកបដោយប្រសិទ្ធភាពខ្ពស់មែន អ្នកត្រូវចូលរៀនក្នុងបន្ទប់សិក្សាណាដែលផ្ដល់ឲ្យអ្នកនូវបន្ទប់ពិសោធន៍ និងសកម្មភាពដែលប្រើប្រាស់មេរៀនយកមកអនុវត្តជាក់ស្ដែង ឬក៏អ្នករៀនយកវាមកប្រើប្រាស់ក្នុងការអនុវត្តជាក់ស្ដែងដោយខ្លួនអ្នកផ្ទាល់ក៏បានដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.blog.centers.saintleo.edu