ចំណុចសំខាន់៧យ៉ាងអំពីបដិវត្តន៍ឧស្សាហកម្ម ដែលអ្នកគួរយល់ដឹង!​



ក្រៅ​ពី​ដឹង​ថា​បដិវត្តន៍​ឧស្សាហកម្ម​គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​មួយ ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព​មួយ​ចំណែក​ធំ​របស់​ពិភពលោក​ហើយ ថា​តើ​មាន​ការ​ពិត​អ្វី​ខ្លះ​ទៀត ដែល​អ្នក​អាច​នឹង​មិន​ដែល​ធ្លាប់​បាន​ដឹង​អំពី​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​នេះ ? តើ "បដិវត្តន៍​ឧស្សាហកម្ម" មាន​អត្ថន័យ​ដូចម្ដេច ? បដិវត្តន៍​ឧស្សាហកម្ម​សំដៅ​ទៅលើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ធំធេង​ក្នុង​ផ្នែក​បច្ចេកវិទ្យា កសិកម្ម ការ​ខួង​យក​រ៉ែ ឧស្សាហកម្ម និង​មធ្យោបាយ​ធ្វើ​ដំណើរ ចាប់​ពី​ពាក់​កណ្ដាល​ទសវត្ស​ទី១៨​រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​ទី១៩ ហើយ​ឥទ្ធិពល​របស់​វា​មាន​ទៅលើ​ការ​ផ្លាស់ប្ដូរ​ជា​ខ្លាំង​ចំពោះ​ការ​រស់នៅ​របស់​មនុស្ស​ផ្នែក​សង្គម វប្បធម៌ និង​សេដ្ឋកិច្ច។ ខាងក្រោម​នេះ​ដែរ​គឺ​ជា​ការ​ពិត​អំពី​បដិវត្តន៍​ឧស្សាហកម្ម៖ ១) ប្រទេស​នាំ​មុខ​ឲ្យ​មាន​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​នេះ គឺ​ជា​ចក្រភពអង់គ្លេស ដោយសារ​មូលហេតុ​សំខាន់ៗ​៣​យ៉ាង។ ទី១ ចក្រភពអង់គ្លេស​សម្បូរ​ទៅ​ដោយ​ប្រភព​ធនធាន​ធ្យូងថ្ម និង​រ៉ែដែក ដែល​ចាំបាច់​ត្រូវការ​ដំណើរការណ៍​របស់​ម៉ាស៊ីន​ដើម្បី​ផលិត​របស់​ទាំងនេះ។ ទី២ គឺ​ជា​ស្ថិរភាព​នយោបាយ​របស់​មហាអំណាច​ពិភពលោក​មួយ​នេះ។ ចុងក្រោយ​ទី៣ ប្រទេស​នេះ​គឺជា​អំណាច​អាណានិគម​ដ៏​សំខាន់​មួយ​របស់​ពិភពលោក ដែល​មិន​ត្រឹមតែ​មាន​ប្រភព​ធនធាន​សម្រាប់​ដំណើរការណ៍​ក្នុង​ឧស្សាហកម្ម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ទីផ្សារ​សម្រាប់​លក់​ចេញ​នូវ​ផលិតផល​ដែល​បាន​ផលិត​ហើយ​នោះ​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​ដ៏​ធំធេង​នេះ ក្រោយមក​ក៏​បាន​រីក​សាយភាយ​ទៅលើ​ប៉ែក​អឺរ៉ុប​ខាងលិច អាមេរិក​ខាងជើង និង​ជុំវិញ​ពិភពលោក។ ២) ចំណុច​សំខាន់​អំពី​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ស្ថិត​នៅ​ត្រង់​ថា ម៉ាស៊ីន​ដែល​ត្រូវ​បាន​អភិវឌ្ឍ​អាច​បង្កើត​បាន​នូវ​ផលិតកម្ម​យ៉ាង​ច្រើន​អនេក បើ​ប្រៀបធៀប​នឹង​កាល​ពី​មុន​ដែល​ផលិតកម្ម​ទាំងឡាយ​សុទ្ធតែ​ពឹង​ផ្អែក​តែ​ម្យ៉ាង​ទៅលើ​កម្លាំង​មនុស្ស ធ្វើឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​មុន​ពេល​ការ​ចាប់ផ្ដើម​នូវ​បដិវត្តន៍​ឧស្សាហកម្ម​នេះ គឺ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ផលិតផល​ទាំងឡាយ​ត្រូវ​បាន​ផលិត​មក​ក្នុង​បរិមាណ​ចំនួន​ប្រហាក់ប្រហែល​គ្នា ជា​ហេតុ​នាំ​ឲ្យ​សេដ្ឋកិច្ច​មាន​សភាព​ងាប់​ក្រឡា។ ៣) ប្រទេស​ដែល​មិន​ទាន់​បាន​សាកល្បង​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​នេះ មាន​នៅ​បណ្ដា​ប្រទេស​ដូចជា អាហ្វ្រិក និង​អាសីុ។ រីឯ​ប្រទេស​ដែល​បាន​ទទួល​បទពិសោធន៍​ការ​ផ្លាស់ប្ដូរ​ដ៏​ធំធេង​នេះ​រួច​ហើយ ត្រូវ​បាន​គេ​ហៅថា 'ប្រទេស​ទី៣ ឬ​ប្រទេស​អភិវឌ្ឍ'៤) ដោយសារ​ការ​ផ្លាស់ប្ដូរ​នេះ​បាន​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​សង្គម បដិវត្តន៍​ឧស្សាហកម្ម​ក៏​បង្កើត​ចេញ​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ឈ្មោះ​ថា "របប​មូលធន​និយម"៥) យ៉ាងណាមិញ ការ​ផ្លាស់ប្ដូរ​ជីវភាព​ប្រជាជន​តាម​ទម្រង់​នៃ​ការ​ធ្វើ​បដិវត្តន៍​បែប​នេះ មិន​បាន​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​នោះ​ឡើយ។ សេដ្ឋកិច្ច​រវាង​ក្រុម​អ្នក​ក្រ និង​វណ្ណៈ​អ្នក​ធ្វើការ មាន​គម្លាត​ខុស​គ្នា​ជា​ខ្លាំង​ជាមួយ​វណ្ណៈ​អ្នក​មាន​ដែល​ជា​ម្ចាស់​នៃ​ឧស្សាហកម្ម។ ម្យ៉ាងទៀត អ្នក​ធ្វើការ​ក្នុង​រោងចក្រ​ទាំងអស់ សុទ្ធតែ​ទទួល​ផល​ប៉ះពាល់​ពី​ប្រព័ន្ធ​នៃ​ការ​ធ្វើការ​ដដែលៗ​ជា​ច្រើន​ម៉ោង​បែប​នេះ ដែល​ក្នុង​រយៈពេល​វែង​ផ្ដល់​គ្រោះថ្នាក់​ដល់​សុខភាព​ជា​ខ្លាំង ព្រម​ទាំង​ការ​ប៉ះពាល់​ចំពោះ​បរិស្ថាន​ពី​ការ​បញ្ចេញ​ជាតិ​ពុល និង​កាក​សំណល់​ពី​ឧស្សាហកម្ម​រោងចក្រ​ផង​ដែរ។ ៦) ដោយសារ​បែប​នេះ​ហើយ បាន​ជា​អំឡុង​ពេល​នៃ​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​នោះ ស្រប​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​ពួក​អ្នក​មាន​មាន​ភាព​វិជ្ជមាន អ្នក​ក្រ​ក៏​កាន់តែ​ក្រ​ជាង​មុន ដូច្នេះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ក៏​កើត​មាន​ឡើង​នា​ពេល​នោះ​ផង​ដែរ។ ៧) ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក គឺជា​ម៉ាស៊ីន​ដំបូង​និង​សំខាន់​ជាង​គេ​មួយ​នៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​ច្នៃប្រឌិត​ជនជាតិ​អង់គ្លេស​មួយ​រូប ឈ្មោះ​ថា Thomas Newcomen ក្នុង​ឆ្នាំ១៧១២។ ក្រោយមក​ក៏​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​បុរស​ជនជាតិ​ស្កុតឡែន​ម្នាក់​គឺ​លោក James Watt។ បើ​គ្មាន​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​នេះ​ទេ ពួក​យើង​ក៏​ប្រហែល​ជា​មិន​បាន​ឃើញ​ការ​ផ្លាស់ប្ដូរ​ដ៏​វិជ្ជមាន​ចំពោះ​មធ្យោបាយ​ធ្វើ​ដំណើរ​ដូចជា រថភ្លើង នាវា ក្រៅពី​វា​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រោងចក្រ និង​ការ​ខួង​យក​រ៉ែ​រួច​ហើយ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.owlcation.com
X
5s