អ្វីខ្លះជាឫសគល់បញ្ឆេះភ្លើងសង្គ្រាមលោកលើកទី២ឡើង ?​



តើ​ឫសគល់​ដ៏​ចម្បង​អ្វី​ខ្លះ​ដែល​បាន​បណ្ដុះ​គ្រាប់​ពូជ​នៃ​សង្គ្រាម​លោក​លើក​ទី២​ឲ្យ​ផ្ទុះ​ឡើង ជា​លទ្ធផល​នៃ​មហន្តរាយ​នៃ​ការ​ស្លាប់​បាត់បង់​ជីវិត និង​ពិការភាព​របស់​ទាហាន និង​ប្រជាជន​ស្លូត​ត្រង់​ទាំងឡាយ​អស់​ជា​ច្រើន​រាប់​រយ​ពាន់​លាន​នាក់​ក្នុង​ពិភពលោក​នោះ ? ការ​បកស្រាយ​ខាងក្រោម​នេះ នឹង​ធ្វើការ​ជម្រះ​នូវ​ចម្ងល់​របស់​អ្នក​ទៅលើ​សំណួរ​ដ៏​សំខាន់​មួយ​នេះ​ដោយ​ឥត​មាន​បន្សល់​នូវ​មន្ទិល​សង្ស័យ​នោះ​ឡើយ។ ១) កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ សង្គ្រាម​លោក​លើក​ទី១​បាន​ចាប់​កំណើត​ឡើង​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ១៩១៤ បន្ទាប់​ពី​មាន​ការ​សម្លាប់​បុគ្គល​ដ៏​សំខាន់​មួយ​រូប​របស់​ប្រទេស​អូទ្រីស​ហុងគ្រី ដោយ​ជន​ភេរវកម្ម​របស់​ពួក​ស៊ែរប៊ី មួយ​ខែ​មុន​​នៅ​ថ្ងៃ​ទី២៨​ក្នុង​ឆ្នាំ​ដដែល​នេះ។ សង្គ្រាម​ដ៏​ព្រៃ​ផ្សៃ​នេះ មាន​រយៈកាល​ចាប់​ពី​ឆ្នាំ១៩១៤​និង​បញ្ចប់​នៅ​ឆ្នាំ១៩១៨។ ក្រោយ​ពេល​ភ្លើង​សង្គ្រាម​បាន​រលត់ ប្រទេស​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ទាំងអស់​តម្រូវ​ឲ្យ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ២៨ ខែ​មិថុនា ឆ្នាំ១៩១៩។ យ៉ាងណាមិញ អត្ថន័យ​នៃ​ការ​រួប​រួម​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា​វិញ​នេះ មិន​បាន​ធ្វើឲ្យ​ប្រទេស​អាល្លឺម៉ង់ ប្រទេស​អូទ្រីស និង​ប្រទេស​ចាញ់​ក្នុង​សង្គ្រាម​ដទៃ​ទៀត​ពេញចិត្ត​នោះ​ឡើយ ក៏​ព្រោះ​តែ​នេះ​ជា​ការ​បង្ហាញ​ពី​កម្សោយ​របស់​ពួកគេ ព្រម​ទាំង​ត្រូវ​សង​ថ្លៃ​ខូចខាត​ជា​ទឹកប្រាក់​ក្នុង​ចំនួន​ដ៏​ច្រើន​ផង​ដែរ។ បើ​មិន​ដោយសារ​តែ​ខ្លាច​ការ​គំរាម​កំហែង​ពី​ប្រទេស​ឈ្នះ​សង្គ្រាម​ថា​នឹង​ធ្វើការ​ឈ្លានពាន​ទឹកដី មិន​ដូច្នោះ​ទេ​ប្រទេស​អាល្លឺម៉ង់​មិន​ព្រម​ចុះ​កិច្ច​ព្រមព្រៀង​នោះ​ឡើយ ហើយ​ប្រទេស​ដែល​ដឹកនាំ​ដោយ​មេ​ដឹកនាំ​ផ្ដាច់ការ អាដុល ហីុទ្លែ​មួយ​នេះ ទើប​តែ​បាន​បង់​ប្រាក់​ជា​សំណង​ថ្លៃ​ខូចខាត​សរុប​ចំនួន​៧០លាន​អឺរ៉ូ​ក្នុង​ឆ្នាំ២០១០​នេះ​តែ​ប៉ុណ្ណោះ។ ២) វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ៖ បើ​ទោះ​ជា​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ទសវត្ស​ឆ្នាំ១៩២០ ក្រោយ​ពី​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាម​លោក​លើក​ទី១​ក៏​ដោយ ក៏​ភាព​វឹកវរ​នៃ​សេដ្ឋកិច្ច​របស់​មហាអំណាច​អាមេរិក បាន​ជះ​ឥទ្ធិពល​យ៉ាង​អវិជ្ជមាន​ទៅលើ​ប៉ែក​អឺរ៉ុប​នៅ​ឡើយ។ ឆ្លៀត​ឱកាស​នូវ​កណ្ដាល​ភាព​វឹកវរ របប​កុំមុយនិស​និង​របប​ហ្វាសីុស​ក៏​បាន​បង្កើន​អំណាច​របស់​ខ្លួន​ផង​ដែរ។ ៣) គំនិត​ជាតិនិយម៖ ភ្លើង​សង្គ្រាម​បាន​បញ្ចប់​ពិត​មែន ប៉ុន្តែ​ភ្លើង​សង្គ្រាម​ដែល​រីក​ដុះដាល​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​ជាតិនិយម​នៅ​ខាង​អឺរ៉ុប​ពិត​ជា​មិន​បាន​បញ្ចប់​ដោយ​ងាយស្រួល​បែប​នេះ​ឡើយ ហើយ​វា​កាន់តែ​រីក​ធំ​ឡើងៗ​ជាង​មុន​ថែម​ទៀត​ផង ជា​ពិសេស​រាល់​ប្រទេស​ចាញ់​ក្នុង​សង្គ្រាម​ទាំងឡាយ។ ៤) របប​ផ្ដាច់ការ៖ ពួក​ប្រទេស​ដែល​ធ្លាប់​តែ​ឈរ​អង់អាច​សម្ញែង​ភាព​អស្ចារ្យ និង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម ក៏​មក​ត្រូវ​បញ្ចប់​ដោយ​ការ​ចុះចាញ់​ទាំង​មិន​អស់​ចិត្ត ហើយ​ថែម​ទាំង​ប្រឈម​មុខ​នឹង​ស្ថានភាព​នយោបាយ​សេដ្ឋកិច្ច​ដែល​មិន​អំណោយផល​ទៀត​នោះ ភាព​មិន​សម​តាម​បំណង​ទាំងនេះ ក៏​បាន​ដុត​បញ្ឆេះ​គំនិត​បែប​ផ្ដាច់ការ​របស់​អ្នក​ដឹកនាំ​ក្នុង​បណ្ដា​ប្រទេស​មេៗ​មួយ​ចំនួន​ដូចជា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន រួម​ទាំង​សហភាព​សូវៀត​ផង​ដែរ។ ៥) បរាជ័យ​របស់​គោលនយោបាយ​នៃ​ការ​ព្រម​ប្រគល់​ទឹកដី​ឲ្យ​ទៅ​អាល្លឺម៉ង់(Appeasement) តាម​ពិត​ទៅ​ក្រោយ​ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី១ ប្រទេស​ឆេកូស្លូវ៉ាគី​បាន​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​ទៅ​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ១៩៣៨​ក៏​ត្រូវ​ធ្លាក់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​អាល្លឺម៉ង់។ ការណ៍​នេះ​ក៏​ដោយសារ​តែ​អ្នក​ដឹកនាំ​ផ្ដាច់ការ​ណាសីុ​អាល្លឺម៉ង់ លោក ហីុទ្លែ ចង់​បាន​ទឹកដី Sudetenland ដែល​ស្ថិត​នៅ​ប៉ែក​ខាងលិច​នៃ​ប្រទេស​នេះ ដែល​មាន​ប្រជាជន​អាល្លឺម៉ង់​ជា​ច្រើន​រស់នៅ​ទី​នោះ។ អ្នក​ដែល​បាន​យល់ព្រម​តាម​សំណើ​របស់​ជន​ផ្ដាច់ការ​រូប​នេះ គឺជា​ប្រធានាធិបតី​អង់គ្លេស Neville Chamberlain ក៏​ព្រោះ​តែ​ការ​សន្យា​របស់​អ្នក​ដឹកនាំ​អាល្លឺម៉ង់​ថា​នឹង​បញ្ឈប់​ការ​ឈ្លានពាន​ទៅលើ​ទឹកដី​ដទៃ​ទៀត​ហើយ ប៉ុន្តែ​នៅ​ពេល​អំណាច​ទាំង​ប៉ុន្មាន​ធ្លាក់​លើ​កណ្ដាប់​ដៃ​របស់​ហីុទ្លែ ពេល​នោះ​នៅ​ឆ្នាំ១៩៣៩ ខែ​មីនា ទឹកដី​ទាំងមូល​របស់​ឆេកូស្លូវ៉ាគី​ត្រូវ​ឋិត​ក្រោម​ការ​ត្រួតត្រា​របស់​លោក​គ្មាន​សេសសល់​នោះ​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពីរ​ក្រុម​ធំៗ​ដែល​ជា​គូ​បដិបក្ខ​បញ្ចេញ​ចង្កូម​ដាក់​គ្នា​អំឡុង​សង្គ្រាម​លោក​លើក​ទី២​នេះ មាន​ក្រុម Axis Powers ដែល​មាន​សមាជិក​ជា​ប្រទេស​នាំ​មុខ​គឺ​អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន ឯ​ក្រុម​មួយ​ទៀត Allied Powers មាន​សមាជិក​ជា​ប្រទេស​នាំ​មុខ​គឺ​សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ចិន និង​សហភាពសូវៀត៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖www.edition.cnn.com & www.bbc.com
X
5s