លោក Stephen Hawking ៖ ពីមនុស្សធ្លាក់ខ្លួនពិកា តស៊ូរហូតក្លាយជារូបវិទូដ៏ល្បីលើពិភពលោក និង ឈ្នះពានចំនួន១១
តើបុគ្គលរូបណាដែលបានផ្លាស់ប្ដូរការយល់ដឹងរបស់ពិភពលោកពាក់ព័ន្ធជាមួយប្រហោងខ្មៅ (black hole) ដែលនៅតែបន្សល់ទុកនូវអាថ៌កំបាំង និងចំណាប់អារម្មណ៍ចំពោះអ្នកស្រាវជ្រាវទូទាំងសកលលោកមកទល់ពេលបច្ចុប្បន្ននេះ ?លោក Stephen Hawking ជាអ្នកទ្រឹស្ដីរូបវិទ្យា និងជាអ្នកទ្រឹស្ដីចក្រវាលវិទ្យាដ៏សំខាន់របស់ពិភពលោកមួយរូប ដែលបានប្រើប្រាស់ទ្រឹស្ដីទំហៀប ឬទ្រឹស្ដីទំនាក់ទំនងទូទៅ (general relativity theory)របស់រូបវិទូអាល្លឺម៉ង់ អាល់ប៊ឺត អាញស្តាញ ជាមួយទ្រឹស្ដីមេកានិចអង្គធាតុ (quantum mechanics) របស់លោកផ្ទាល់ ធ្វើការបកស្រាយបើកកកាយទម្លុះមើលពីអាថ៌កំបាំងរបស់ប្រហោងខ្មៅទៅកាន់ពិភពលោកអស់រយៈកាលជាច្រើនឆ្នាំកន្លងមក។
ចំពោះនិយមន័យជុំវិញប្រហោងខ្មៅវិញ បើយោងតាមអង្គការស្រាវជ្រាវលំហអាកាសណាសា ប្រហោងខ្មៅគឺជាកន្លែងមួយនៅក្នុងលំហដែលកម្លាំងទំនាញរបស់វាមានខ្លាំង រហូតសូម្បីតែពន្លឺក៏មិនអាចចេញមកវិញបានដែរ។ យ៉ាងណាមិញ អស់រយៈពេលជាង៥ទសវត្សមកហើយដែលលោករស់នៅជាមួយជំងឺម្យ៉ាងដែលប្រព័ន្ធប្រសាទសាច់ដុំមាននាទីធ្វើសកម្មភាពរបស់លោក ចាប់ផ្ដើមលែងដំណើរការណ៍ ឬហៅថា Amyotrophic Lateral Sclerosis កើតឡើងនៅពេលលោកធ្លាក់ចុះមក កំឡុងពេលជិះស្គីទឹកកកពេលគាត់នៅជានិស្សិតឆ្នាំទី១នៅសាកលវិទ្យាល័យCambridge។ ការពិតនេះ នឹងធ្វើឲ្យអ្នកស្ទើរតែមិនជឿនោះទេថា លោកបែរជាទទួលបានពានរង្វាន់ចំនួន១១រួចមកហើយនៅក្នុងជីវិត ក្នុងនោះរួមមានទាំងពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ាផងដែរ។
កើតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤២ រូបវិទូសញ្ជាតិអង់គ្លេសរូបនេះ មានអតីតកាលនៃការសិក្សាមិនសូវជាមានភាពលេចធ្លោ និងជោគជ័យដែលនឹងស័ក្ដិសមឲ្យលោកក្លាយជាបុគ្គលដ៏សំខាន់ក្នុងការស្រាវជ្រាវពីចក្រវាលរបស់ពិភពលោកនោះឡើយ បើទោះជាលោកកើតចេញពីត្រកូលគ្រួសារដែលមានឪពុកម្ដាយសុទ្ធតែជាអ្នកមានការសិក្សាចេះដឹងជ្រៅជ្រះពីសាកលវិទ្យាល័យ Oxfordក៏ដោយ។ ជាអ្នកនិពន្ធសៀវភៅលក់ដាច់ជាងគេ ក្រោមចំណងជើងថា 'A Brief History of Time' ផងដែរនោះ គាត់ត្រូវបានរំពឹងទុកឲ្យដើរតាមគន្លងឪពុករបស់គាត់ក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ តែដោយសារគាត់មិនមានចំណាប់អារម្មណ៍លើមុខវិជ្ជាជីវវិទ្យា គាត់ក៏ចូលរៀនមុខវិជ្ជារូបវិទ្យានៅសាកលវិទ្យាល័យOxfordជំនួសវិញ និងរៀនមុខវិជ្ជាតារាវិទ្យា និងចក្រវាលវិទ្យានៅ Trinity Hallនៃសាកលវិទ្យាល័យCambridge។ ទោះជាស្ថានភាពអកុសលនៃជំងឺរបស់លោកតម្រូវឲ្យលោកអាចធ្វើទំនាក់ទំនងនិយាយបានត្រឹម១៥ពាក្យក្នុង១នាទីដោយប្រើប្រាស់ប្រព័ន្ធsystemយ៉ាងដូច្នេះក្ដី ក៏បុគ្គលដែលតែងត្រូវបានគេប្រដូចទៅនឹងរូបវិទូអច្ឆរិយក្នុងប្រវត្តិសាស្ត្រពិភពលោកដូចជាលោក អាល់ប៊ឺត អាញស្តាញ និងលោក ហ្គាលីលេរូបនេះ គឺជាប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ទ្រឹស្ដីចក្រវាលវិទ្យា (The Centre For Theoretical Cosmology) ក្នុងសាកលវិទ្យាល័យCambridge ថែមទាំងបានត្រូវគេលើកតម្កើងនៅក្នុងមុខតំណែងLucasian Professor of the Mathematics ដែលជាតំណែងចាស់របស់រូបវិទូ អ៊ីសាក់ ញូតុនផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.successstory.com & www.biography.com & www.nasa.gov