មហាសេដ្ឋី​​អាមេរិក​ ​លោក Bill Gates និង ​​​Warren Buffett ​​មាន​ចំណុច​រួម​មួយ​ គឺ​​ផ្ដល់​តម្លៃ​លើ​មិត្តភាព​



មាន​ពំនោល​មួយ​បាន​លើក​ឡើង​ដូច្នេះ​ថា៖ «ចូរ​បង្កើត​រង្វង់​មិត្តភាព​មួយ​ដែល​ខ្លួន​អ្នក​បាន​នៅ​ក្បែរ​មនុស្ស​ដែល​មាន​ក្ដី​សុបិន កម្លាំង​ជំរុញ​ចិត្ត និង​មហិច្ឆតា ព្រោះ​ថា​ពួកគេ​ទាំងនេះ​នឹង​ជំរុញ​អ្នក​ឲ្យ​ស្ទុះស្ទា ក៏​ដូចជា​ដឹង​ច្បាស់​ពី​ក្ដី​សុបិន​របស់​ខ្លួនឯង​ផង​ដែរ»។

ស្ថាបនិក ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​របស់​សហរដ្ឋអាមេរិក លោក Bill Gates និង​វិនិយោគិន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett បាន​សាង​ចំណង​មិត្តភាព​ពោរពេញ​ដោយ​មេត្រីភាព​នឹង​គ្នា​អស់​រយៈពេល​ជាង​២៥ឆ្នាំ​មក​ហើយ។ ពួកគេ​តែង​មាន​ទម្លាប់​ជជែក​គ្នា​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ឧស្សាហកម្ម និង​ការ​ផ្លាស់ប្ដូរ​ថ្មីៗ ព្រមទាំង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ ដូច្នេះ​វា​មិន​ជា​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទាំងពីរ​ឲ្យ​តម្លៃ​ទៅលើ​មិត្តភាព​យ៉ាង​សំខាន់​បែប​នេះ។ យ៉ាងណាមិញ អ្នក​ត្រូវ​មាន​ភាព​ឈ្លាសវៃ​ក្នុង​ការ​ជ្រើសរើស​រង្វង់​មិត្តភាប​ដែល​អ្នក​នឹង​ស្ថិត​នៅ ព្រោះ​ថា​មនុស្ស​ប្រភេទ​ណា​ក៏​អាច​មាន​ដែរ ហើយ​អ្នក​ក៏​អាច​នឹង​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​មិត្តភាព​ដែល​មិន​បាន​ផ្ដល់​ភាព​ល្អ​ប្រសើរ​ទាំង​សម្រាប់​ខ្លួនឯង និង​សម្រាប់​គ្នា​ទៅវិញ​ទៅមក។

មិត្តភាព​ដែល​អ្នក​នឹង​ត្រូវ​លះបង់​ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​បណ្ដាក់ទុន​ទៅលើ ត្រូវ​តែ​ជា​អ្នក​ចេះ​ដឹង​ជាង​អ្នក ល្អ​ប្រសើរ​ជាង​អ្នក ជា​អ្នក​ដែល​មាន​ក្ដី​សុបិន​ច្បាស់លាស់​សម្គាល់​ពី​ខ្លួនឯង និង​ពោរពេញ​ដោយ​ឆន្ទៈ​ពុះពោរ​ក្នុង​ការ​សម្រេច​វា និង​ជា​អ្នក​មើល​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​អ្នក និង​ជំរុញ​អ្នក​ឲ្យ​បំផុស​នូវ​សក្ដានុពល​របស់​ខ្លួន​ដើម្បី​សម្រេច​នូវ​គោលដៅ​ផង​ដែរ។ ក្រៅពី​មាន​ចំណង​មិត្តភាព​ដែល​ជួយ​លើក​កម្ពស់​ភាព​អស្ចារ្យ​របស់​គ្នា​ទៅវិញ​ទៅមក​ហើយ ពួកគេ​ទាំងពីរ​ថែម​ទាំង​មាន​រង្វង់​ចំណង​មិត្តភាព​ជាមួយ​បុគ្គល​អស្ចារ្យ​ដទៃ​ទៀត​របស់​ពិភពលោក​ផង​ដែរ។ តួយ៉ាង ដូចជា​មហាសេដ្ឋី លោក Bill Gates គឺ​ជា​មិត្តភ័ក្ដិ​នឹង​ស្ថាបនិក​ក្រុមហ៊ុន Virgin Group លោក Richard Branson និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Oracle លោក Larry Ellison រីឯ​មហាសេដ្ឋី លោក Warren Buffett សាង​ចំណង​មិត្តភាព​ជាមួយ​អនុប្រធាន​ក្រុមហ៊ុន Berkshire Hathaway លោក Charlie Munger រួម​ទាំង​ម្ចាស់​សមាគម National Basketball Association's Dallas Mavericks លោក Mark Cuban​ផង​ដែរ។ សរុប​មក​ដូច​ដែល​លោក Warren Buffett បាន​និយាយ​ថា៖ «វា​ប្រសើរ​ជា​ជាង​ដែល​អ្នក​ទៅ​រាប់​អាន​ជាមួយ​អ្នក​ដែល​ល្អ​ប្រសើរ​ជាង​អ្នក។ ចូរ​ជ្រើសរើស​នៅ​ជាមួយ​មិត្តភ័ក្ដិ​ណា ដែល​មាន​ឥរិយាបថ​ល្អ​ជាង​អ្នក នោះ​វា​នឹង​ជំរុញ​អ្នក​ឲ្យ​ដើរ​តាម​ទិសដៅ​បែប​នោះ​ដូច​ពួកគេ​នោះ​ដែរ»

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.cnbc.com

X
5s