ហេតុអ្វី​​សិង្ហបុរី​ជា​កូន​ប្រទេស​តូច​មួយ​សោះ ក្លាយ​ជា​កូន​នាគ​អាស៊ី​?​



មាន​អតីតកាល​ជា​រដ្ឋ​បំបែក​ខ្លួន​ដ៏​តូច និង​អសមត្ថភាព​មួយ​ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​១៩៦៥ ដោយ​ខ្វះខាត​នូវ​ធនធាន​ធម្មជាតិ ឯ​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​នយោបាយ​នៅ​មាន​ភាព​ឥត​សណ្ដាប់ធ្នាប់​នៅ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ​សោះ ភាព​អស្ចារ្យ​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​ចំពោះ​ជោគវាសនា​ប្រទេស​មួយ​នេះ បាន​ផ្លាស់ប្ដូរ​យ៉ាង​វិជ្ជមាន​ស្ទើរ​គ្រប់​ផ្នែក​រហូត​គេ​ឲ្យ​ប្រសិទ្ធិនាម​ថា​ជា "កូន​នាគ​អាសីុ"។ អ៊ីចឹងហើយបានជាគេ ចោទជាសំណួរថា ហេតុអ្វីបានជាកូនប្រទេសតូច​មួយសោះ​អាចរីកចម្រើនអស្ចារ្យបែបនេះ? ប្រទេស​ដែល​ទទួល​បាន​បទពិសោធន៍​នូវ​ការ​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​នេះ គឺ​ជា​ប្រទេស​សិង្ហបុរី​នោះ​ឯង។ ដំណាក់កាល​ដ៏​យ៉ាប់យ៉ឺន​ដំបូង​នៃ​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រទេស គឺ​ប្រជាជន​ម្នាក់ៗ​មាន​ប្រាក់​ចំណូល​ត្រឹម​តែ​៥០០​ដុល្លារ​ក្នុង​១​កាពីតា​ប៉ុណ្ណោះ។ មិន​គួរ​ឲ្យ​ជឿ​តួលេខ​នេះ​បាន​កើន​ឡើង​ក្នុង​ឆ្នាំ២០១៥ រហូត​ដល់​៥៥,០០០​ដុល្លារ​ក្នុង​១​កាពីតា​នៃ​ប្រាក់​ចំណូល​ប្រជាជន​ម្នាក់ៗ។ ការ​ផ្លាស់ប្ដូរ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​បែប​នេះ ក៏​មិនមែន​មាន​តែ​ទៅលើ​ផ្នែក​សេដ្ឋកិច្ច​នោះ​ដែរ ព្រោះ​សូម្បី​តែ​តួលេខ​នៃ​ការ​ស្លាប់​របស់​ទារក​ក៏​បាន​ធ្លាក់​ចុះ​អស់​ជា​ច្រើន​ផង​ដែរ ពី​តួលេខ​ទារក​ស្លាប់​៣៥​នាក់​ក្នុង​ចំណោម​ទារក​មាន​ជីវិត​១,០០០​នាក់​ក្នុង​ឆ្នាំ១៩៦៥ រហូត​នៅ​សល់​ត្រឹមតែ១០.៩០​នាក់​ក្នុង​ឆ្នាំ១៩៨៥។ មិនតែប៉ុណ្ណោះ ទារក​ដែល​មាន​ជីវិត​លូតលាស់​ធំធាត់​មក ថែម​ទាំង​ទទួល​បាន​នូវ​ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក ធ្វើឲ្យ​ក្មេង​ជនជាតិ​សិង្ហបុរី​មាន​អាយុ​១៥ឆ្នាំ​ទាំងឡាយ ជាប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ចាត់​ថ្នាក់​ជា​សកលលោក ទៅលើ​មុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ដោយ​អង្គការ​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​រីកចម្រើន (OECD) ហើយ​កូន​សិស្ស​សិង្ហបុរី​ក៏​បាន​ជាប់​ក្នុង​លំដាប់​កំពូល​ក្នុង​កម្មវិធី​សម្រាប់​ការ​វាយតម្លៃ​សិស្ស​អន្តរជាតិ​របស់​OECD (OECD PISA problem solving test) ក្នុង​ឆ្នាំ២០១២​ផង​ដែរ។ ផ្នែក​ជោគជ័យ​មួយ​ទៀត​របស់​កូន​នាគ​អាសីុ​គឺ ៩០ភាគរយ​នៃ​ប្រជាជន​សិង្ហបុរី​មាន​ផ្ទះ​នៅ​ដោយ​ខ្លួនឯង ធ្វើឲ្យ​ប្រទេស​ដ៏​តូច​តែ​ខ្លឹម​មួយ​នេះ​ស្ថិត​ក្នុង​តារាង​លំដាប់​លើ​គេ​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ផ្ទះ​នៅ​ដោយ​ខ្លួនឯង​ច្រើន​ជាង​គេ​បំផុត។ ភាព​អស្ចារ្យ​នេះ​អាច​ទៅ​រួច​បាន​ក៏​ដោយសារ ប្រាក់​ចំណូល​ខ្ពស់​របស់​ប្រជាជន និង​ប្រព័ន្ធ​សន្សំ​លុយ​យ៉ាង​តឹងរ៉ឹង​ក្រោម​ការ​កំណត់​របស់​ច្បាប់​ផង​ដែរ។ ហេតុអ្វី​ប្រទេស​ដែល​ស្ទើរ​តែ​គ្មាន​សង្ឃឹម​ទទួល​បាន​ភាព​រុងរឿង​ក្រោយ​ពី​បំបែក​ខ្លួន​ចេញ​មក​ជា​រដ្ឋ​ឯករាជ្យ អាច​កសាង​ប្រទេស​ដ៏​អសមត្ថភាព​មួយ​ក្លាយ​ជា​ប្រទេស​ដ៏​រីកចម្រើន​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស​ទូទាំង​សកលលោក​បាន​បែប​នេះ ? ព្រោះ​ថា​នៅ​ពី​ក្រោយ​សមិទ្ធផល​ទាំងនោះ គឺ​ជា​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​បិតា​ស្ថាបនិក​សិង្ហបុរី និង​ជា​អតីត​ប្រធានាធិបតី​ដំបូង​របស់​សិង្ហបុរី​លោក លី ក្វាន់យូ​​នោះ​ឯង។ គាត់​បាន​ដឹកនាំ​ប្រទេស​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​៣​យ៉ាង។ ទី១​គឺ​ជា​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ជា​អ្នក​ដឹកនាំ​ប្រទេស មិនមែន​អ្នក​ក្រៅ​នោះ​ទេ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួកគេ​តែង​សង្កត់​ធ្ងន់​ទៅលើ​ការ​ផ្ដល់​ការ​អប់រំ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​ខ្លួន។ ទី២​គឺ​ជា​ការ​អនុវត្ត​តាម ដោយ​ពួកគេ​បាន​ចម្លង​គំរូ​ពី​របៀប​ក្នុង​ការ​ដឹកនាំ​ពី​ប្រទេស​អង់គ្លេស រហូត​ដល់​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​អស្ចារ្យ​បែប​នេះ។ ទី៣​គឺ​ជា​ភាព​ស្មោះត្រង់ ជា​ការ​លុប​បំបាត់​នូវ​អំពើ​ពុករលួយ​ក្នុង​សង្គម​ជាតិ។ យ៉ាងណាមិញ ប្រព័ន្ធ​នយោបាយ​របស់​ពួកគេ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ដឹកនាំ​បែប​ផ្ដាច់ការ បើ​ទោះ​ជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី​រៀងរាល់​៥ឆ្នាំ​ម្ដង​ក៏​ដោយ ក៏​ព្រោះ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ហើយ​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​លី ក្វាន់យូ​ទៀត​សោត​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈកាល​ជាង​៣០ឆ្នាំ​ជាប់ៗ​គ្នា​រួច​មក។ ទោះជា​បែប​នេះ​ក្ដី ក៏​ប្រជាជន​សិង្ហបុរី​សុទ្ធ​តែ​ជា​អ្នក​ពោរពេញ​ដោយ​ការ​ចេះដឹង​ជ្រៅជ្រះ ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​ចេញ​បើ​ពួកគេ​មិន​ពេញចិត្ត តែ​ពួកគេ​នៅ​តែ​ជ្រើសរើស​របៀប​ដឹកនាំ​ដដែល​អស់​ពេល​ដ៏​យូរ​មក​នោះ៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ huffingtonpost
X
5s