ហេតុអ្វី​បាន​ជា​មនុស្ស​មាន​ទុក្ខ ?​



ហេតុអ្វី​បាន​ជា​មនុស្ស​មាន​ទុក្ខ ? ទោះ​ជា​អ្នក​ចង់​ប្រកែក​មិន​ទទួល​ស្គាល់​ក៏​ដោយ ទុក្ខ​របស់​មនុស្ស មិនមែន​ជា​លទ្ធផល​មក​ពី​កត្តា​ខាងក្រៅ ដូចជា​សង្គម មិត្តភ័ក្ដិ គ្រួសារ ឬ​មក​ពី​ស្ថានភាព​ណាមួយ​នោះ​ឡើយ តែ​ទុក្ខ​របស់​មនុស្ស​គឺ​មនុស្ស​ជា​អ្នក​បង្កើត​ដោយ​ខ្លួនឯង។

ផ្នត់​គំនិត​ដែល​ចាក់​ឫស​បង្កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ការ​គិត​របស់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​នេះ តែង​យល់ថា​ទុក្ខ ឬ​លទ្ធផល​នៃ​ស្ថានភាព​លំបាក​វេទនា​កើត​ឡើង​នៅ​ក្នុង​ជីវិត​ពួកគេ គឺ​ដោយសារ​កត្តា​ខាងក្រៅ​ជា​អ្នក​បង្ក ឯ​ពួកគេ​គឺ​គ្រាន់តែ​ជា​ជន​រងគ្រោះ​ដែល​គ្មាន​ជម្រើស និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​តាម​ចិត្ត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ពួកគេ​តែង​បន្ទោស​អ្វីៗ​គ្រប់​យ៉ាង លើកលែង​តែ​ខ្លួនឯង​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ជីវិត​ពួកគេ គឺ​ពួកគេ​ខ្លួនឯង​ជា​អ្នក​ទទួល​ខុសត្រូវ។ តាម​ពិត​ពួកគេ​មិនមែន​គ្មាន​ជម្រើស​ធ្វើ​តាម​ការ​ចង់​បាន​នៃ​ចិត្ត​របស់​ខ្លួន​នោះ​ទេ។ បើ​ដូច្នេះ តើ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​អាច​ទទួល​បាន​មក​ពី​ណា ? គឺ​អ្នក​នេះ​ហើយ​កំពុង​តែ​មាន​អំណាច​គ្រប់គ្រង​ទៅលើ​វា វា​នៅ​ក្នុង​ខ្លួន​របស់​អ្នក គ្រាន់តែ​អ្នក​មិន​ធ្លាប់​បាន​ដឹង​ថា​អំណាច​នៃ​សេរីភាព​នោះ​ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​តែ​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត អ្នក​មិន​ដឹង​ថា​តើ​ធ្វើ​បែប​ណា​ទើប​អាច​ក្លាយ​ជា​ចៅហ្វាយ​គ្រប់គ្រង​ទៅលើ​វា​បាន។ ព្រោះ​គ្រប់​ពេល​ដែល​ទុក្ខ​របស់​អ្នក​លេច​មុខ​ឡើង​មក វា​តែងតែ​ជា​លទ្ធផល​ដែល​អ្នក​បណ្ដោយ​ឲ្យ​ចិត្ត​របស់​អ្នក​ធ្វើ​ជា​ចៅហ្វាយ​គ្រប់គ្រង​មក​លើ​អ្នក មិនមែន​ខ្លួន​អ្នក​គ្រប់គ្រង​ទៅលើ​វា​នោះ​ទេ។ ពុទ្ធសាសនិក​ជា​ព្រះសង្ឃ​មួយ​អង្គMatthieu Ricard មាន​ពុទ្ធដីកា​ថា៖ «ការ​គិត​អាច​ក្លាយ​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ ហើយ​ក៏​អាច​ក្លាយ​ជា​សត្រូវ​ដ៏​អាក្រក់​ផង​ដែរ»

ឯ​ចិត្តវិទូ​មួយ​រូប​ទៀត​បាន​និយាយ​ថា ៖«កាលណា​អ្នក​ផ្លាស់ប្ដូរ​វិធី​ដែល​អ្នក​សម្លឹង​មើល​ទៅលើ​រឿង​ណាមួយ នោះ​រឿង​ណាមួយ​នោះ​នឹង​ផ្លាស់ប្ដូរ​ខ្លួន​វា​ដោយ​ខ្លួនឯង"។ អ្វី​ក៏​ដោយ ត្រូវ​ចាប់ផ្ដើម​ពី​ការ​គ្រប់គ្រង​ចិត្ត​គំនិត ការ​គិត​របស់​អ្នក ដើម្បី​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ចៅហ្វាយ​របស់​វា នោះ​អ្នក​នឹង​ទទួល​បាន​នូវ​ជីវិត​ដែល​អ្នក​តែង​ប្រាថ្នា​ចង់​បាន។ តើ​ធ្វើ​បែប​ណា​ទើប​អាច​គ្រប់គ្រង​ការ​គិត​របស់​អ្នក​បាន ? ចុះ​អ្នក​ឆ្ងល់​ទេ​ថា តើ​ការ​តាំង​សមាធិ​មាន​អត្ថប្រយោជន៍​យ៉ាង​ដូចម្ដេច​ទើប​បាន​ជា​ស្ទើរ​តែ​រាល់​អ្នក​ជំនាញ​ទាំងអស់​ណែនាំ​ឲ្យ​អ្នក​ធ្វើ​វា​ជា​ប្រចាំ​នោះ ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ យើង​ត្រូវ​មក​ស្វែង​យល់​ពី​អត្ថន័យ​នៃ "ការ​តាំង​សមាធិ" ជា​មុន​សិន។

បើ​ប្រៀបធៀប​រវាង​ការ​តាំង​សមាធិ និង​ការ​សណ្ដំ ការ​តាំង​សមាធិ គឺ​ជា​ដំណើរការណ៍​នៃ​ការ​ប្រមូល​អារម្មណ៍​របស់​អ្នក​ឲ្យ​ស្ងប់ និង​ធូរស្រាល ដោយ​ផ្ចង់​អារម្មណ៍​ឲ្យ​គិត​ទៅលើ​អ្វី​មួយ​តែ​ម្យ៉ាង ហើយ​វា​គ្មាន​ដែន​កំណត់​នោះ​ទេ ឬ​គ្មាន​គោលដៅ​ថា​ផ្ចង់​អារម្មណ៍​គិត​ទៅលើ​រឿង​នោះ​ដោយ​ចង់​បាន​អ្វី​នោះ​ឡើយ។ ថ្វីត្បិតតែ ការ​តាំង​សមាធិ​និង​ការ​សណ្ដំ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ត្រង់​ថា​វា​ជា​ការ​ផ្ចង់​អារម្មណ៍​គិត​ទៅលើ​អ្វី​មួយ​តែ​ម្យ៉ាង​ដូច​គ្នា ប៉ុន្តែ​ការ​សណ្ដំ​ជា​ដំណើរការណ៍​មាន​ទី​បញ្ចប់ មាន​គោលដៅ​ថា​ផ្ចង់​អារម្មណ៍​គិត​ពី​អ្វី​មួយ​នោះ​ក្នុង​គោលបំណង​ចង់​បាន​អ្វី​មក​វិញ មិន​ថា​ជា​ទ្រព្យសម្បត្តិ ការ​ជា​សះស្បើយ​ពី​ជំងឺ​នោះ​ទេ ស្រប​ពេល​ដែល​ការ​តាំង​សមាធិ​គ្រាន់តែ​ចង់​ឲ្យ​ចិត្ត​របស់​អ្នក​ស្ងប់​សុខ​តែ​ប៉ុណ្ណោះ។ ទាំងពីរ​យ៉ាង​នេះ សុទ្ធតែ​ប្រៀប​ប្រដូច​ទៅ​នឹង​ការ​ផ្សងព្រេង​មួយ​ដែល​នឹង​គាស់​ចេញ​នូវ​កំណប់​ទ្រព្យ​ពី​ខាងក្នុង​ដែល​អ្នក​មាន​ស្រាប់​យ៉ាង​ដូច្នោះ។ យ៉ាងណាមិញ ដំណើរការណ៍​នេះ​ត្រូវ​ការ​ការ​ព្យាយាម និង​ឆន្ទៈ​ដ៏​មោះមុត​ធ្វើ​វា​ដដែលៗ​ជា​ប្រចាំ និង​ភាព​ជឿជាក់​យ៉ាង​ខ្លាំងក្លា​ថា​អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​អ្នក​កំពុង​ផ្ចង់​គិត​ចង់​បាន​នោះ។ ជា​អ្វី​ដែល​អ្នក​ចាំបាច់​គួរ​យល់ដឹង​ផង​ដែរ​នោះ​គឺ ការ​តាំង​សមាធិ និង​ការ​សណ្ដំ​គឺ​ប្រព្រឹត្ត​ទៅ​បាន​នៅ​ពេល​ណា​ដែល​សម្បជញ្ញៈ ឬ​ចិត្ត​មាន​ហេតុផល ឬ​អាច​ហៅ​ថា​ចិត្ត​ក្រៅ​ខ្លួន​របស់​អ្នក​ដេក​លក់ លែង​ដំណើរការណ៍។ ពេល​នោះ​អនុ​សម្បជញ្ញៈ ឬ​ចិត្ត​ក្នុង​ខ្លួន​របស់​អ្នក​នឹង​ធ្វើការ​របស់​វា​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ វា​ជា​ដំណាក់កាល​ទី២​នៃ​ចិត្ត​បន្ទាប់​ពី​សម្បជញ្ញៈ​ដែល​មាន​នាទី​ស្ដាប់​តាម​ការ​បញ្ជា​របស់​អ្នក នៅ​ពេល​អ្នក​ទទួល​យក​គំនិត​ណាមួយ​ចូល​មក វា​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​គំនិត​ដែល​អ្នក​ទទួល​យក​មក​ក្លាយ​ជា​ការ​ពិត។ ហេតុនេះ​ហើយ ចូរ​នឹក​គិត​តែ​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​រាល់​ពេល​ដែល​អ្នក​ធ្វើ​ការ​តាំង​សមាធិ ឬ​សណ្ដំ នោះ​វា​នឹង​ស្ដាប់​តាម​បញ្ជា​អ្នក​ប្រឹង​ធ្វើ​យ៉ាងណា​ឲ្យ​ការ​គិត​នោះ​ក្លាយ​ជា​ការ​ពិត៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.selfhypnosis.com & www.beliefnet.com

X
5s