តើ​អ្វី​ជា​ការ​បាត់បង់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី (short-term memory loss) ?​



តើអ្នកយល់ឃើញយ៉ាងណាចំពោះអត្ថន័យនៃការ​បាត់បង់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី (short-term memory loss) ? ដើម្បី​យល់​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​គន្លឹះ​មួយ​នេះ​ប្រើប្រាស់​សម្រាប់​ការ​បកស្រាយ​ទាំងមូល ការ​យល់​ដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​ថា ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី (short-term memory) គឺ​ជា​ប្រការ​ចាំបាច់​ដែល​គួរ​ស្វែងយល់​ជាមុន។ ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី គឺ​ជា​ដំណើរការណ៍​នៃ​ការ​ផ្ទុក​ទិន្នន័យ​បន្តិចបន្តួច​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​កំណត់​ដ៏​ខ្លី​មួយ ដែល​ជាទូទៅ​អាច​បាន​ត្រឹម​ពី១៥​ទៅ​៣០វិនាទី​ប៉ុណ្ណោះ និង​មាន​សមត្ថភាព​ផ្ទុក​ទិន្នន័យ​បាន​ត្រឹម​តែ​៤​បណ្ដុំ​ប៉ុណ្ណោះ ដោយ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ។ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ មនុស្ស​យើង​ប្រើប្រាស់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី​សម្រាប់​ចងចាំ​លេខ​ទូរស័ព្ទ និង​កាលកំណត់​ជា​ដើម ក្នុង​ទម្រង់​ជា​ការ​ចងចាំ​បណ្ដោះអាសន្ន រហូត​ទាល់តែ​អ្នក​បាន​កត់ត្រា​វា​ទុក។ ងាក​មក​ស្វែងយល់​ពី​អត្ថន័យ​នៃ​ពាក្យ "ការ​បាត់បង់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី" វិញ បើ​និយាយ​ដោយ​ទូលំទូលាយ វា​គឺ​ជា​អសមត្ថភាព​ក្នុង​ការ​ចងចាំ​អ្វី​មួយ​ដែល​ទើប​នឹង​កើតឡើង​ថ្មីៗ។ តើ​អ្នក​អាច​ដឹង​ដូចម្ដេច​បាន​ថា​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី​នោះ ? ដោយ​កត់សម្គាល់​ខ្លួនឯង​ពី​រោគសញ្ញា​ខាងក្រោម​នេះ អ្នក​អាច​សន្និដ្ឋាន​បាន​ថា​អ្នក​កំពុង​មាន​បញ្ហា​បែប​នោះ​ហើយ៖

  • រោគសញ្ញា​ធម្មតា៖ ឧស្សាហ៍​ដាក់​វត្ថុ​តែមួយ​នៅ​ខុស​កន្លែង មិន​អាច​រក​នឹក​ពាក្យ​ត្រឹមត្រូវ​ណាមួយ​យក​មក​និយាយ​បាន មិន​ចងចាំ​នូវ​អ្វី​ដែល​អ្នក​ទើប​នឹង​អាន​រួច ដើរ​ចូល​ទៅ​បន្ទប់​ណាមួយ​និង​ចាំ​មិន​បាន​ថា​ហេតុអ្វី​អ្នក​ចូល​ទៅ​ទីនោះ និង​ឧស្សាហ៍​ហៅ​ឈ្មោះ​ខុស ​ចំពោះ​មនុស្ស​ដែល​អ្នក​តែង​ខ្វល់ខ្វាយ​ជាដើម។
  • រោគសញ្ញា​ធ្ងន់ធ្ងរ៖ វង្វេង​ផ្លូវ​ទៅ​ផ្ទះ ភ្លេចភ្លាំង​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដូចជា បង់លុយ ឬ​រៀបចំ​ម្ហូបអាហារ មិន​ចាំ​ថា​អ្នក​បាន​ញាំុ​អាហារ​ហើយ​ឬ​នៅ សួរ​សំណួរ​ដដែល​ជា​ញឹកញាប់ និង​ទទួល​បទពិសោធន៍​នូវ​ការ​ផ្លាស់ប្ដូរ​អត្តចរិត​ជាដើម។

ចុះ​ថា​តើ​អ្វី​ទៅ​ជា​ឫសគល់​បង្ក​បញ្ហា​នៃ​ការ​បាត់បង់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី​នេះ​ឡើង​មក ? ឫសគល់​ដ៏​ចម្បង​ដែល​បង្ក​ជា​បញ្ហា​នេះ​ឡើង​មាន​២​ចំណុច​ធំៗ ដែល​ទី​១​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​ផ្សេងៗ​របស់​អ្នក​បច្ចុប្បន្ន ដែល​ជះ​ឥទ្ធិពល​ដល់​កម្សោយ​នៃ​ការ​ចងចាំ​របស់​អ្នក រួម​ទាំង​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​ដល់​ភាព​ចុះ​ខ្សោយ​នៃ​ការ​ចងចាំ ជាពិសេស​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ និង​ថ្នាំ​ងងុយ​គេង។ រីឯ​ដើម​ហេតុ​ចម្បង​មួយ​ទៀត គឺ​ជា​របៀប​នៃ​ការ​រស់នៅ​របស់​អ្នក​ប្រចាំ​ថ្ងៃ ទាំង​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ឬsleep deprivation ដែល​បណ្ដាល​មក​ពី​កង្វះ​អុកស៊ីហ្សែន​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​បាត់បង់​កោសិកា​ខួរក្បាល​ក្នុង​តំបន់​ដែល​មាន​នាទី​ផ្ទុក​ទិន្នន័យ​សម្រាប់​ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី និង​ទម្លាប់​នៃ​ការ​សម្លឹង​មើល​អេក្រង់​គ្រឿង​អេឡិចត្រូនិក ព្រោះ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញ​ពី​អេក្រង់​ធ្វើ​ឲ្យ​ខួរក្បាល​ទទួល​យក​ពន្លឺ​នេះ​ថា​ជា​ពេល​ថ្ងៃ រួច​បញ្ជូន​សញ្ញា​ឲ្យ​អ្នក​ភ្ញាក់ និង​ដឹង​ខ្លួន និង​ពិបាក​ក្នុង​ការ​គេង​លក់​ស្កប់ស្កល់។ គូ​សត្រូវ​របស់​ភាព​ចុះ​ខ្សោយ​ក្នុង​ការ​ចងចាំ​ទាក់ទង​នឹង​របៀប​រស់នៅ​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក ក៏​ជា​បញ្ហា​ស្មុគស្មាញ​ដែរ។ ភាព​តានតឹង​នឹង​ធ្វើ​ឲ្យ​ខួរក្បាល​ឆាប់​វិវត្ត​ទៅ​រក​ភាព​ចាស់​ជរា និង​ការ​រួម​តូច ព្រម​ទាំង​វិវត្ត​ទៅ​រក​ជំងឺ​ផ្លូវចិត្ត និង​សមត្ថភាព​ចុះ​ខ្សោយ​ក្នុង​ការ​សម្រេច​ចិត្ត។ មួយ​វិញ​ទៀត​គឺ​ជា​របប​អាហារ​ដែល​អ្នក​ទទួល​ទាន​ជាតិ​ស្ករ​លើស​កម្រិត សូម្បី​តែ​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​កាបូអីុដ្រាត​ធម្មតា​ក៏​ដោយ ដែល​វា​នឹង​ប៉ះពាល់​ដល់​រយៈពេល​កំណត់​នៃ​ការ​ផ្ចង់​អារម្មណ៍ ការ​ចងចាំ​ក្នុង​រយៈពេល​ខ្លី និង​ភាព​នឹងន​ផ្នែក​អារម្មណ៍​ផង​ដែរ។ ដើម្បី​ទប់ទល់​ជាមួយ​បញ្ហា​នេះ​កុំ​ឲ្យ​រីក​រាលដាល​ដល់​ធំ​រហូត​ដល់​វិវត្ត​ទៅ​ជា​ជំងឺ​ភ្លេចភ្លាំង (Alzheimer’s) និង​ពង្រឹង​មក​វិញ​នូវ​ការ​ចងចាំ​របស់​អ្នក​ឲ្យ​ជ្រះ​ស្រឡះ​ល្អ អ្នក​ត្រូវ​ធ្វើ​កិច្ចការ​តែមួយ​ក្នុង​ពេល​តែ​មួយ បញ្ចៀស​ពី​ការ​រំខាន​ផ្សេងៗ ផ្ចង់​អារម្មណ៍​យ៉ាង​ពេញ​ទំហឹង​លើ​អ្វី​មួយ និយាយ​វា​ចេញ​មក​លឺ​ៗ បំបែក​ទិន្នន័យ​នោះ​ជា​បំណែក​តូចៗ កត់ត្រា ដើរ​ក្បែរ​ធម្មជាតិ ទទួលទាន​កាហ្វេ ទទួលទាន​ដំណេក​ឲ្យ​បាន​ស្កប់ស្កល់ កាត់បន្ថយ​ភាព​ស្មុគស្មាញ​តាមរយៈ​សកម្មភាព​ចំណង់​ចំណូល​ចិត្ត​ផ្សេងៗ កាត់បន្ថយ​អាហារ​សម្បូរ​ជាតិ​គ្លុយកូស ជាពិសេស​គឺ​ការ​តាំង​សមាធិ​ផ្ចង់​អារម្មណ៍​នោះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖​​ bebrainfit

X
5s