លោក Bill Gates ៖ សុខចិត្តផ្ដល់ការអប់រំល្អបំផុតដល់កូន តែមិនផ្ដល់ទ្រព្យសម្បត្តិទាំងអស់ដល់កូនឡើយ
លោក Bill Gates ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមហាសេដ្ឋី។ ទោះបីជាមានទ្រព្យសម្បត្តិច្រើនសឹងកប់ពពកក៏ដោយ តែមហាសេដ្ឋីរូបនេះធ្លាប់បានប្រកាសជាស្រេចថា លោកនឹងមិនផ្ដល់ទ្រព្យសម្បត្តិទាំងអស់ដល់កូនៗឡើយ តែលោកនឹងផ្ដល់ការអប់រំដ៏ល្អបំផុតជំនួសវិញ។
«កូនៗរបស់យើងនឹងទទួលបានការអប់រំដ៏ល្អបំផុត ជាមួយនឹងលុយមួយចំនួនតូច ដូច្នេះពួកគេអាចចេញទៅប្រឡូកក្នុងសង្គម ដើម្បីសាងក្ដីសុបិនរបស់ខ្លួន»។ នេះជាការបញ្ជាក់របស់លោក Bill Gate កន្លងទៅ ដែលស្រង់សម្ដីដោយសារព័ត៌មានBusiness Insider របស់អាមេរិក។ លោក បញ្ជាក់ថា កាលណាផ្ដល់លុយច្រើនពេកដល់ពួកគេ (កូនៗរបស់Bill Gates) អាចនឹងធ្វើឲ្យពួកគេខូច ឬ គ្មានការតស៊ូ ហើយមហាសេដ្ឋីរូបនេះបន្ថែមថា ទ្រព្យសម្បត្តិសឹងតែទាំងអស់នឹងបរិច្ចាគទៅកាន់សកម្មភាពមនុស្សធម៌នៅពេលលោកស្លាប់ទៅ។ អាចនិយាយបានថា លោកមិនចង់ឲ្យកូនៗទាំង៣ ទទួលបានជីវិតជោគជ័យ ដោយមិនបានប្រឹងប្រែងនោះឡើយ។
ដោយ៖ រតនា វិចិត្រ