ធ្វើម៉េចទើបដឹងថា អ្នកឆ្លាតគ្រប់គ្រាន់ដើម្បីក្លាយជាសហគ្រិនជោគជ័យ?
មានមនុស្សមិនតិចទេដែលមានអារម្មណ៍ថា ពួកគេមិនទាន់ឆ្លាតគ្រប់គ្រាន់ដើម្បីក្លាយជាសហគ្រិនដ៏ជោគជ័យនោះទេ។ ប៉ុន្តែមែនទែនភាពឆ្លាតរបស់អ្នករកស៊ី មិនមែនពឹងផ្អែកលើការវិនិច្ឆ័យលើ IQ នោះទេ ព្រោះក៏មានបុគ្គលជោគជ័យជាច្រើននាក់មិនបានរៀនចប់ថ្នាក់វិទ្យាល័យផង។ ចុះភាពឆ្លាតជាក់ស្ដែងរបស់អ្នករកស៊ី គឺអ្វីទៅ?
១) ឆ្លាតខាងពាក្យសម្ដី (Word-smarts/linguistic intelligence) ជាមនុស្សដែលពូកកែផ្នែកវោហារសាស្ត្រ អាន សរសេរ និងនិយាយលើគ្រប់បញ្ហា។ អ្នករកស៊ីគឺត្រូវការជំនាញនេះដើម្បីអាចលក់ អាចដឹកនាំក្រុមការងារបានជោគជ័យ។
២) ឆ្លាតខាងទំនាក់ទំនង (People-smarts/interpersonal intelligence) ជាផ្នែកមួយនៃជំនាញទំនាក់ទំនងនៅក្នុងសង្គម។ អ្នកដែលមានជំនាញផ្នែកទំនាក់ទំនងអន្តរបុគ្គលនេះខ្លាំង គឺមិនខ្វះទេដៃគូរកស៊ី ឬអតិថិជន ព្រោះពួកគេដឹងពីវិធីទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព។
៣) ឆ្លាតខាងដឹងពីខ្លួនឯង (Self-smarts/intra-personal intelligence) គឺជាសមត្ថភាពពិសេសដែលអាចធ្វើឱ្យលោកអ្នកដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ចេះលើកទឹកចិត្តខ្លួនឯង និងចេះធ្វើផែនការ និងយុទ្ធសាស្ត្រ។ សហគ្រិនដែលឆ្លាត គឺចេះស្វែងរកអ្នកផ្ដល់យោបល់ និងដៃគូដែលអាចបំពេញជំនាញរបស់គេដែលខ្វះខាត។
៤) ឆ្លាតខាងលេខ (Number-smarts/logical-reasoning intelligence) ជាសមត្ថភាពពិសេសខាងគណិតវិទ្យា ពោលគឺពូកែគិតលេខ និងដោះស្រាយបញ្ហាមួយចំនួនតាមរយៈការគណនា។
៥) ឆ្លាតផ្នែកធម្មជាតិ (Nature-smarts/naturalist intelligence) ជាមនុស្សដែលពូកែផ្នែកបរិស្ថាន និងវប្បធម៌នៅជុំវិញពិភពលោក។ ជាមនុស្សដែលដឹងពីរបៀបរបបនៃការរស់នៅ សង្គម សីលធម៌របស់សង្គមផ្សេងៗគ្នានៅជុំវិញពិភពលោក ឬតំបន់ផ្សេងៗដែលពួកគេចង់រកស៊ី។
៦) ឆ្លាតផ្នែករូបភាព (Picture-smarts/spatial intelligence) ជាមនុស្សដែលមានភ្នែកល្អ ពោលគឺចេះមើលរូបភាពថាស្អាតៗ មិនស្អាត និងជាមនុស្សដែលពូកែស្រមើស្រម៉ៃ និងសម្បូរទៅដោយគំនិតច្នៃប្រឌិត៕
ដោយ៖ រតនៈវិភូ