ប្រទេសណាខ្លះ មានប្រព័ន្ធការពារមីស៊ីលលក្ខណៈទំនើប?
ការធ្វើទំនើបកម្មសព្វាវុធពីសំណាក់ប្រទេសមហាអំណាច កាន់តែរីកចម្រើនឡើងៗ ហើយការចំណាយទៅលើការបង្កើតប្រព័ន្ធការពារមីស៊ីលក៏រឹតតែធំឡើងៗផងដែរ ដោយផ្អែកទៅលើខ្ទង់ថវិកាចំណាយ។ ថាតើប្រទេសណាខ្លះដែលមានប្រព័ន្ធការពារមីស៊ីល?
-សហរដ្ឋអាមេរិក៖
ផែនការប្រព័ន្ធការពារមីស៊ីលថ្នាក់ជាតិត្រូវបានចាប់ផ្ដើមនៅទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែមិនត្រូវបានដាក់ពង្រាយនោះទេ។ មកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ទើបសហរដ្ឋអាមេរិកមានប្រព័ន្ធការពារមីស៊ីលនៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ប្រព័ន្ធការពារនៅទីតាំងជាច្រើននៅក្នុងពិភពលោកដូចជា កោះហ្គាម មានប្រហែល ១៤គ្រឿងសម្រាប់ទប់ទល់នឹងកូរ៉េខាងជើង ជប៉ុន កូរ៉េខាងត្បូង ទួរគី និងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបមួយចំនួនទៀត។ សហរដ្ឋមានប្រព័ន្ធការពារមីស៊ីលដ៏ទំនើប។
-រុស្ស៊ី៖
ខុសពីសហរដ្ឋអាមេរិកព្រោះថា រុស្ស៊ីបានប្រើប្រាស់ប្រព័ន្ធប្រឆាំងមិស៊ីល A-135 គឺអាចប្រតិបត្តិការការពារជុំវិញទីក្រុងម៊ូស្គូនិងបណ្ដាទីក្រុងធំៗមួយចំនួនប៉ុណ្ណោះនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០។ ប៉ុន្មានឆ្នាំក្រោយមកទៀត រុស្ស៊ីបានពង្រឹង និងផលិតប្រព័ន្ធការពារមីស៊ីលកាន់តែទំនើបៗដូចជា S-300PMUI, PMU2, S-300V និង S-400 ដែលទើបនឹងដាក់ពង្រាយនៅប្រទេសស៊ីរីថ្មីៗនេះជាដើម។
-បារាំង អង់គ្លេស និងអ៊ីតាលី៖
អ៊ីតាលី និងបារាំង បានផលិតគ្រួសារមីស៊ីលមួយដែលប្រព័ន្ធនោះឱ្យឈ្មោះថា Aster 15 និង Aster 30។ កងទ័ពជើងទឹកកម្ទេច ៤៥, កងទ័ពជើងទឹកបារាំង និងអ៊ីតាលី គឺសុទ្ធតែបំពាក់មកជាមួយនូវប្រព័ន្ធការពារមីស៊ីលនេះទាំងអស់។
-ចិន៖
រដ្ឋាភិបាលក្រុងប៉េកាំងក៏មានប្រព័ន្ធការពារមីស៊ីលមួយចំនួនដែរដែលសមត្ថភាពនៅមានកម្រិតនៅឡើយ។ ជាក់ស្ដែង ដូចជាប្រព័ន្ធ HQ-9, KS និង HQ-16 ជាដើម។ នៅឆ្នាំ២០១០ និងឆ្នាំ២០១៣ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើតេស្ដជោគជ័យបានចំនួនពីរដង។ ប្រព័ន្ធ S-300 កំពុងដាក់ឱ្យដំណើរការមានប្រភេទ PMU, PMU1 និង PMU2ជាដើម។
-ឥណ្ឌា៖ ឥណ្ឌាមានប្រព័ន្ធការពារដែនអាកាសរឹងមាំដែលមានពីរសមាសធាតុសំខាន់ៗគឺ ADGES និង BADZ ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីល។ ឥណ្ឌាក៏បានអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលច្រើនជាន់ (multi-layers) ដើម្បីការពារការវាយប្រហារពី Ballistic។ ក្រៅពីដែនអាកាស ឥណ្ឌាក៏មានប្រព័ន្ធការពារដែនទឹកទំនើបគួរសមដែរ។
-អ៊ីស្រាអែល និងជប៉ុន៖ ប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទាំងពីរនេះ ក៏មានប្រព័ន្ធការពារមីស៊ីលច្រើនគួរសមដែរ ក្រោមការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។ ជប៉ុនបានអភិវឌ្ឍប្រព័ន្ធស្ទាក់ចាប់មិស៊ីលលើអាកាស លើដី ហើយនាពេលកន្លងមកបានធ្វើតេស្ដដោយជោគជ័យជាច្រើនលើកច្រើនសារ។ ដោយឡែក បើនិយាយពីអ៊ីស្រាអែលវិញ គឺមានប្រព័ន្ធការពារពេញផ្ទៃប្រទេសតែម្ដង។ ក្រោមការជួយឧបត្ថម្ភបច្ចេកទេសពីសហរដ្ឋអាមេរិក គិតចាប់តាំងពីឆ្នាំ១៩៨៦មក អ៊ីស្រាអែល បានខិតខំអភិវឌ្ឍន៍ប្រព័ន្ធនេះឥតឈប់ឈរ ហើយត្រូវបានគេទទួលស្គាល់លើការធ្វើទំនើបកម្មដ៏ខ្លាំងរបស់ប្រទេសមួយនេះ។
-ចំណែក កោះតៃវ៉ាន់វិញ ក៏មានប្រព័ន្ធការពារមីស៊ីលដែរ ដូចជាប្រព័ន្ធ Tien Kung-II (Sky Bow) SAM និង Patriot-III មីស៊ីលជាដើម៕
ដោយ៖ រតនៈវិភូ