ចំណុចអវិជ្ជមាន៦យ៉ាង ដែលបុគ្គលិកមិនល្អតែងធ្វើមុនពេលធ្វើការប្រហែល១០នាទី
អ្វីដែលអ្នកធ្វើក្នុងរយៈពេល១០នាទីដំបូងក្នុងថ្ងៃធ្វើការ នឹងមានឥទ្ធិពលទៅលើប្រសិទ្ធភាពការងាររបស់អ្នកក្នុងពេល៨ម៉ោងបន្ទាប់។ បើសិនជាអ្នករកឃើញថាខ្លួនឯងបានធ្លាក់ចូលក្នុងអន្ទាក់ទាំង៦ចំណុចនេះដែលបំផ្លាញទៅដល់ប្រសិទ្ធភាពការងាររបស់អ្នក អ្នកគួរចៀសវាងវាហើយនាំភាពជោគជ័យសម្រាប់ខ្លួនឯងមកវិញ។
១) មកដល់កន្លែងធ្វើការយឺត៖ តាមការស្រាវជ្រាវថ្មីមួយ ដែលចុះផ្សាយដោយសារព័ត៌មានThe Huffington Postបានរកឃើញថាប្រធានភាគច្រើនតែងវាយតម្លៃទៅលើបុគ្គលិកដែលមកយឺតជាមនុស្សមានមនសិការទាបនិងផ្ដល់ចំណាត់ថ្នាក់ដល់ការងាររបស់គេក្នុងកម្រិតទាបមួយ ទោះជាពួកគេចេញពីធ្វើការក្រោយក៏ដោយ។ ដូច្នេះអ្នកគួរព្យាយាមមកឲ្យបានលឿនជានិច្ច។
២) មិនស្វាគមន៍រាក់ទាក់ដល់អ្នករួមការងារ៖ ការណ៍ដែលអ្នកដើរចូលមកកន្លែងធ្វើការដោយស្ងាត់ៗនិងមិនបាននិយាយអ្វីសូម្បីតែពាក្យ«អរុណសួស្ដី»ទៅកាន់មិត្តរួមការងារ វានឹងធ្វើឲ្យគេយល់ថាអ្នកជាមនុស្សដែលខ្វះជំនាញទំនាក់ទំនងមនុស្សនិងពិបាកក្នុងការទាក់ទងជាមួយ។
៣) ចាប់ផ្ដើមការងារដោយគ្មានកាលវិភាគការងារឲ្យបានជាក់លាក់ជាមុន៖ អ្នកត្រូវមានកាលវិភាគច្បាស់លាស់សម្រាប់ថ្ងៃធ្វើការរបស់អ្នកទាំងការកត់ត្រាទុកនូវការងារណាដែលមានអាទិភាពខ្ពស់ជាងគេ សំខាន់ជាងគេដែលអ្នកត្រូវបំពេញ រួមទាំងគម្រោងដែលអ្នកត្រូវត្រៀមខ្លួនសម្រាប់សម្រេចវា។
៤) ធ្វើកិច្ចការណាដែលងាយស្រួលជាមុន៖ ថាមពលរបស់អ្នកប្រើប្រាស់ក្នុងពេលមួយថ្ងៃនឹងថយចុះបន្តិចម្ដងៗ ដូច្នេះវាជាការចាំបាច់បំផុតដែលអ្នកត្រូវផ្ដល់អាទិភាពសម្រេចការងារណាដែលសំខាន់មុនគេបង្អស់។
៥) សញ្ជឹងគិតទៅលើគំនិតអវិជ្ជមាន៖ អ្នកមិនត្រូវឲ្យគំនិតអវិជ្ជមានទាំងឡាយមកគ្រប់គ្រងលើប្រសិទ្ធភាពការងាររបស់អ្នកសម្រាប់ថ្ងៃនេះនោះទេ។ អ្នកគួរទុកវាចោលមួយឡែក បើចាំបាច់អ្នកអាចដោះស្រាយជាមួយវានៅពេលក្រោយបាន។
៦) បើកការប្រជុំ៖ ព្រឹកព្រលឹមឡើងគួរតែជាពេលសម្រាប់បំពេញការងារណាដែលត្រូវការការផ្ចង់អារម្មណ៍ខ្ពស់។ បើសិនជាអ្នកចាំបាច់មានកិច្ចការសំខាន់ដែលត្រូវនិយាយ អ្នកត្រូវប្រាកដថាអង្គប្រជុំរបស់អ្នកកំណត់ឡើងក្នុងពេលមួយដែលមិនសូវទាមទារថាមពលច្រើនដូចជាពេលរសៀលជាដើម៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org