ចំណុចសំខាន់ៗ ដែលយើងគួររៀនសូត្រពីប្រព័ន្ធអប់រំដ៏ជោគជ័យនៅលើលោក
ប្រព័ន្ធអប់រំជាច្រើននៅជុំវិញពិភពលោកត្រូវបានធ្វើការសាកពិសោធន៍និងសម្រិតសម្រាំងយ៉ាងម៉ត់ចត់ដើម្បីធានាបាននូវលទ្ធផលការសិក្សាល្អ និងបណ្ដុះនូវភាពរីកចម្រើនផ្ទាល់ខ្លួនរបស់ក្មេង។ប្រទេសនីមួយៗរៀបចំប្រព័ន្ធអប់រំរបស់ខ្លួនខុសប្លែកពីគ្នា តែទោះជាយ៉ាងណាក៏ដោយគោលគំនិតដែលប្រទេសទាំង៤នេះប្រកាន់យកជាអាទិភាពបានសាងភាពជោគជ័យទៅដល់ប្រព័ន្ធអប់រំរបស់ពួកគេ។
១) ប្រទេសជប៉ុន
ក) បណ្ដុះអត្តចរិតមុនចំណេះដឹង ៖ការផ្ដោតភាពសំខាន់របស់វប្បធម៌ជប៉ុនទៅលើការបណ្ដុះអត្តចរិតឲ្យមានការគោរពគ្នា មេត្តាធម៌ និងសប្បុរសធម៌ ព្រមទាំងភាពយុត្តិធម៌ ការចេះគ្រប់គ្រងខ្លួនឯងនិងការប្ដេជ្ញាចិត្តបានបង្កើតធនធានមនុស្សរបស់ពួកគេជាមួយអត្តចរិតល្អនិងឥរិយាបថសមរម្យដើម្បីទទួលជោគជ័យក្នុងសាលានិងដំណើរជីវិតពួកគេ។ ក្មេងៗត្រូវបានបណ្ដុះបណ្ដាលបែបនេះតាំងពីប៉ុន្មានឆ្នាំដំបូងក្នុងសាលាមុនពេលពួកគេមានការធ្វើតេស្តប្រឡង។
ខ) សិស្សរបស់ជប៉ុនសម្អាតសាលារបស់ពួកគេដោយខ្លួនឯង៖ ពួកគេធ្វើការសម្អាតសាលាជាប្រចាំទៅតាមក្រុម។ ការធ្វើបែបនេះ មិនមែនព្រោះតែចង់បង្រៀនឲ្យសិស្សយល់ពីភាពសំខាន់លើទម្លាប់នៃការសម្អាតនោះទេ តែវាក៏បានជួយបណ្ដុះស្មារតីការងារក្រុម និង ការឲ្យតម្លៃលើការងាររបស់គ្នាទៅវិញទៅមកផងដែរ។
២) ប្រទេសហ្វាំងឡង់
ក) តិចតែច្រើន៖ប្រព័ន្ធអប់រំរបស់ប្រទេសហ្វាំងឡង់ទទួលបានជោគជ័យគឺជាការឲ្យសិស្សចំណាយពេលរៀនតិចក្នុងសាលា ចំណែកពេលវេលាសេសសល់ជាច្រើនទៀតគឺសម្រាប់គ្រូបង្រៀនពង្រឹងនូវភាពរីកចម្រើនរបស់ខ្លួនលើគុណភាពនៃការបង្រៀន។ វាមិនត្រឹមតែផ្ដល់ភាពជោគជ័យសម្រាប់សិស្សនោះទេ តែថែមទាំងគ្រូបង្រៀនផងដែរ។
ខ) ក្មេងត្រូវបានលើកទឹកចិត្តឲ្យចំណាយពេលលេងខាងក្រៅ៖នៅពេលក្មេងៗចេញទៅលេងក្នុងបរិយាកាសបែបធម្មជាតិច្រើន វាជួយឲ្យមានប្រសិទ្ធភាពយ៉ាងអស្ចារ្យលើជីវិតរស់នៅ សេចក្ដីសុខ និងជួយដល់ខួរក្បាលរបស់ពួកគេបានច្រើនបែប។
៣) ប្រទេសសិង្ហបុរី
ក) ការបណ្ដាក់ទុនជាច្រើនក្នុងបច្ចេកវិទ្យា៖ សិង្ហបុរីជាប្រទេសមួយដែលមានស្ថិតិចំនួនសាលាដែលទទួលបានជោគជ័យខ្ពស់ជាងគេក្នុងចំណោមតំបន់អាស៊ីនិងទូទាំងពិភពលោកដោយការផ្តល់តម្លៃសំខាន់ទៅលើបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាពសាលានិងផ្ដល់ឱកាសដល់សិស្សក្នុងការទទួលបានព័ត៌មានគ្រប់គ្រាន់សម្រាប់ការសិក្សាពួកគេ។
ខ) ណែនាំពីសារៈសំខាន់នៃចិត្តសាស្ត្រវិជ្ជមាន៖ប្រទេសសិង្ហបុរីទើបតែបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំក្នុងពេលថ្មីៗនេះ ដែលនៅក្នុងនោះគេឃើញមានការបន្ថែមចូលនូវកម្មវិធីសិក្សាមួយដែលផ្ដោតលើការសិក្សាស្រាវជ្រាវថ្មីៗពាក់ព័ន្ធនឹងចិត្តសាស្ត្រវិជ្ជមាន។ វាត្រូវបានគេជឿជាក់ថាសិស្សានុសិស្សនឹងចេះលើកទឹកចិត្តខ្លួនឯងក្នុងជីវិតតាមវិធីច្រើនយ៉ាង។
៤) ប្រទេសអាល្លឺម៉ង់
ក) គ្មានការប្រៀបធៀបរវាងសាលានីមួយៗ៖នៅតាមសាលាក្នុងប្រទេសអាល្លឺម៉ង់ លទ្ធផលនៃការប្រឡងរបស់សិស្សមិនត្រូវបានប្រកាសជាផ្លូវការនោះទេ ពួកគេយកចិត្តទុកដាក់ទៅលើដំណើរការនៃការអប់រំជាជាងផ្ដោតលើលទ្ធផលដែលវាបានកាត់បន្ថយសម្ពាធរបស់សិស្សព្រមទាំងបង្កើតភាពពេញចិត្តក្នុងការរៀនសូត្រផងដែរ។
ខ) មានការបែងចែកតិចតួចរវាងសិស្សពីកម្រិតសិក្សាផ្សេងៗគ្នា៖ការសិក្សារបស់សិស្សនៅគ្រប់កម្រិតទាំងអស់ត្រូវបានរួមបញ្ចូលក្នុងមជ្ឈដ្ឋានសិក្សាតែមួយ។ ការរៀបចំបែបនេះធ្វើឡើងដើម្បីឲ្យការបែងចែករបស់សិស្សដែលមានកម្រិតសិក្សាខុសគ្នាមានទាបជាងមុន និងជំរុញឲ្យមានភាពរហ័សរហួនក្នុងការរៀនសូត្ររបស់សិស្ស៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖www.lifehack.org