នេះជាអ្វីដែលអ្នកគួរតែធ្វើឲ្យខ្ជាប់ខ្ជួន ប្រសិនបើចង់រក្សាទម្ងន់ឲ្យនៅដដែល
ដូចដែលអ្នកគ្រប់គ្នាបានដឹងមកហើយថា ការសម្រកទម្ងន់ គឺជារឿងមួយដ៏លំបាក ប៉ុន្តែការដែលរក្សាលំនឹងឲ្យស្ថិតស្ថេរគឺជារឿងមួយទៀតដែលរឹតតែពិបាកដើម្បីធ្វើវាឱ្យបានជោគជ័យ។ មនុស្សភាគច្រើន អាចសម្រកទម្ងន់បាន តែក្នុងចំណោមអ្នកទាំងនោះ មិនមានមនុស្សច្រើនទេ ដែលអាចរក្សាទម្ងន់របស់ពួកគេឲ្យនៅដដែល បន្ទាប់ពីសម្រកទម្ងន់បានសម្រេចហើយនោះ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអ្នកអាចធ្វើបានប្រសិនបើអ្នកចង់រក្សាទម្ងន់របស់អ្នកនៅក្នុងរយៈពេលមួយដ៏យូរ៖
១) កុំព្យាយាមបន្ថយអាហារខ្លាំងពេក៖ ជាការពិតណាស់ ការពិនិត្យទៅលើរបបអាហារ និងការហាត់ប្រាណនឹងជួយអ្នកក្នុងការសម្រកទម្ងន់ ក៏ដូចជារក្សាទម្ងន់បានផងដែរ តែមនុស្សភាគច្រើនជាពិសេសយុវវ័យតែងតែយល់ថាដើម្បីសម្រកទម្ងន់ ឬរក្សាស្ថេរភាពទម្ងន់ឲ្យបានសម្រេចនោះគឺត្រូវតមឬកាត់បន្ថយអាហារជាដើម ដោយអ្នកខ្លះមិនញាំអាហារតែងម្ដង។ ការធ្វើបែបនេះគឺផ្ដល់ហានិភ័យខ្ពស់ទៅវិញទេ។ ម៉ោងញាំអ្នកគួរតែញាំ ហើយម៉ោងសម្រាកអ្នកក៏គួរតែសម្រាក។
២) សម្រេចអ្វីដែលអ្នកចង់បានដោយការអនុវត្ត៖ បើអ្នកមានគម្រោង ឬមានក្ដីសុបិន តែអ្នកមិនដែលអនុវត្តធ្វើយ៉ាងណាឲ្យក្ដីសុបិនរបស់អ្នកនោះក្លាយទៅជាការពិត តើអាចទេដែលអ្នកនឹងសម្រេចវាដោយមិនធ្វើអ្វីសោះនោះ? អ្នកគួរតែពិចារណាឡើងវិញចំពោះរឿងនេះ ព្រោះមានមនុស្សច្រើនណាស់ដែលមានក្ដីសុបិនដូចគ្នា តែបែរជាមានអ្នកខ្លះបរាជ័យ ហើយខ្លះទៀតបែរជាជួបនឹងភាពជោគជ័យទៅវិញ។
៣) លួចធ្វើខុសពីគោលការណ៍៖ ការលួចធ្វើអ្វីខុសពីគោលការណ៍ មានដូចជា ការដែលមិនទៅហាត់ប្រាណ ឬលួចញាំអាហារណាដែលអ្នកគួរតែតមជាដើម ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ធ្វើវាទៀត។ បើអ្នកគិតថា ម្ដង ២ដងមិនអី មិនយូរមិនឆាប់នោះទេ អ្នកនឹងលួចធ្វើអ្វីខុសពីគោលការណ៍បែបនេះរហូត។
៤) កុំមានទម្លាប់អាក្រក់៖ មនុស្សមួយចំនួននៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ពួកគេតែងតែចេញទៅញាំរបស់ផ្ដេសផ្ដាស ហើយថែមទាំងញាំច្រើនទៀតផង។ នេះមិនមែនជាទម្លាប់ល្អនោះទេ ទោះបីជាវាអាចជួយអ្នកបំបាត់ភាពតានតឹងបានក៏ដោយ តែវានឹងផ្ដល់ផលប៉ះពាល់មកឲ្យអ្នកនៅថ្ងៃមុខ ជាពិសេសទាក់ទងនឹងទម្ងន់នេះតែម្ដង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org