មហាយក្សចិន មានយន្តហោះប្រយុទ្ធទំនើបៗ ៥ប្រភេទនេះ ដែលធ្វើឱ្យសត្រូវញញើតបាន
សេដ្ឋកិច្ចរបស់មហាយក្សចិន មានកំណើនយ៉ាងតិចក្នុងរង្វង់ជាង ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកាលពីឆ្នាំកន្លងទៅថ្មីៗនេះដែរ មហាអំណាចអាស៊ីមួយនេះបានក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខមួយលើលោក វ៉ាដាច់អាមេរិក បើគិតទៅលើផលិតផលក្នុងស្រុកសរុបគិតតាមយុគភាពនៃអំណាចទិញ (Purchasing Power Parity)។ មហាអំណាចក្រុងប៉េកាំងបានធ្វើកំណែទម្រង់យ៉ាងខ្លាំង និងជាពិសេសគឺធ្វើទំនើបភាវូបនីយកម្មសព្វាវុធរបស់ខ្លួនមិនឱ្យចាញ់សត្រូវដែលកំពុងបញ្ចេញធ្មុងដាក់ខ្លួន។
យន្តហោះចម្បាំងទាំង ៥ប្រភេទ មាន៖
ក) យន្តហោះ Chengdu J-20 ៖ ជាប្រភេទយន្តហោះប្រយុទ្ធស្ថិតនៅក្នុងជំនាន់ទី៥ ដើម្បីប្រជែងជាមួយ F-35 របស់អាមេរិក និង T-50 របស់រុស្ស៊ី។ មហាយក្សចិនបានទិញម៉ាស៊ីនយន្តហោះប្រភេទនេះពីប្រទេសរុស្ស៊ី ហើយបានរចនារូបរាងរបស់វាឱ្យឱ្យស្រដៀងទៅនឹង F-35 របស់អាមេរិក រហូតដល់អាមេរិកចោទប្រកាន់ថា ចិន លួចទាំងបច្ចេកវិទ្យា និងការរចនាម៉ូដរបស់ខ្លួន។ យ៉ាងណាក៏ដោយ វាស្ថិតនៅក្នុងដំណាក់កាលនៃការផលិតដំបូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើការកែប្រែលើចំណុចជាច្រើនទៀត ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធជាងមុន។
លក្ខណៈពិសេសរបស់យន្តហោះនេះ គឺវាមានប្រព័ន្ធរ៉ាដាពិសេស AESA មានប្រព័ន្ធកំណត់គោលដៅ electro-optical និងជាយន្តហោះបំបាំងកាយពីប្រព័ន្ធរ៉ាដាទីមួយរបស់ចិន។ ក្រៅពីនេះ វាមានបំពាក់អាវុធពីខាងក្នុងចំនួនពីរដែលអាចបាញ់ប្រឆាំងសត្រូវលើអាកាស បាញ់មកលើដី និងបាញ់កម្ទេចកប៉ាល់ក្នុងសមុទ្របានទៀតផង។ អ្នកជំនាញលើកឡើងថា ចិនអាចនឹងប្រើយន្តហោះប្រយុទ្ធនេះវាយប្រហារមកលើកប៉ាល់ និងមូលដ្ឋានយោធារបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបាន។
ខ) Shenyang J-31 ៖ ក៏ជាយន្តហោះប្រយុទ្ធជំនាន់ទី ៥ដែរដែលរដ្ឋាភិបាលក្រុងប៉េកាំងរចនាម៉ូដដោយខ្លួនឯងមិនចម្លងគេនោះទេ។ យន្តហោះប្រយុទ្ធនេះ ស៊ីសាំងតិច មានល្បឿនលឿន តែបំពាក់អាវុធធុនតូច និងមានរាងប៉ុន F-35 របស់អាមេរិក។ អ្វីដែលជាលក្ខណៈពិសេសមួយទៀតនោះ គឺត្រូវបានគេហៅថា ជាយន្តហោះបំបាំងកាយពីប្រព័ន្ធរ៉ាដាទីពីរបន្ទាប់ពី J-20។ យោងតាមគេហទំព័រ airforce-technology.com យន្តហោះប្រយុទ្ធនេះនឹងផលិតដោយក្រុមហ៊ុន Shenyang Aircraft Corporation ហើយត្រៀមនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២០ ខាងមុខនេះ។
គ) Shenyang J-15 ៖ ជាប្រភេទយន្តហោះពហុមុខងារដែលមានរហស្សនាមថា ឆ្លាមហោះ (Flying Shark)។ រដ្ឋាភិបាលក្រុងប៉េកាំងបានសាកល្បង យន្តហោះប្រយុទ្ធនេះ ជាលើកដំបូងកាលពីឆ្នាំ២០០៩ ប៉ុន្តែរហូតមកដល់ពេលនេះ វានៅតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងដដែល។ តាមការឱ្យដឹងពីគេហទំព័រ militaryfactory.com វាអាចនឹងលេចមុខផ្លូវការនៅឆ្នាំក្រោយ។
បក្សាស្លាបដែកនេះ ចិនបានយកគំរូតាម Sukhoi Su-33 របស់សូវៀត (ចិនបានទិញយន្តហោះនេះពី អ៊ុយក្រែននៅឆ្នាំ២០០១)។ វាស្ថិតនៅក្នុងជំនាន់ ៤,៥ ដែលមានសមត្ថភាពប្រយុទ្ធប្រដំប្រសងនឹង F/A-18 របស់អាមេរិកនិង Dassault Rafale របស់បារាំង។
ជាមួយគ្នានេះដែរ គេហទំព័រ Air Force World បានឱ្យដឹងថា យន្តហោះនេះអាចនឹងត្រូវប្រើវាយប្រហារគាំទ្រដល់កម្លាំងជើងទឹក ព្រោះវាសក្ដិសមបំពាក់ជាមួយនឹងនាវា។
ឃ) Chengdu J-10 ៖ ជាយន្តហោះប្រយុទ្ធពហុមុខងារ ត្រូវបានដាក់ឱ្យប្រតិបត្តិការជាលើកដំបូងកាលពីឆ្នាំ២០០៤។ អ្នកវិភាគលើកឡើងថា យន្តហោះប្រយុទ្ធនេះ គឺជាយន្តហោះដំបូងរបស់ចិនដែលអាចប្រជែងជាមួយក្រុមបស្ចឹមប្រទេសបានទៅលើសមត្ថភាពប្រយុទ្ធរបស់វា។ យន្តហោះប្រយុទ្ធរហស្សនាមបក្សាអគ្គីនេះ ត្រូវបានចិនហៅថា Meng Long ឬ នាគកំណាច។ វាមានរន្ធសម្រាប់ផ្ទុកអាវុធនៅផ្នែកខាងក្រៅចំនួន ១១កន្លែង ដែលអាចផ្ទុកម៊ីស៊ីលបាញ់លើអាកាសបានច្រើនប្រភេទ។ វាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការបំពាក់គ្រប់បែកបាញ់នាំផ្លូវដោយកាំរស្មីឡាស៊ែរ។ បណ្ដាប្រទេសមួយចំនួន មានដូចជា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន និងថៃ នាពេលកន្លងមកបានបង្ហាញឆន្ទៈចង់ទិញយន្តហោះប្រយុទ្ធនេះ។
ង) Xian H-6 ៖ គឺត្រូវបានចម្លងតាម Tupolev Tu-16 Badger របស់រុស្ស៊ីក្រោមអាជ្ញាប័ណ្ណត្រឹមត្រូវ។ យន្តហោះទម្លាក់គ្រាប់នេះ មានពីរប្រភេទគឺ X-6G និង H-6K។ តាមពិតទៅ យន្តហោះប្រយុទ្ធ Tu-16 បានរុស្ស៊ីបង្ហាញលើកដំបូងនៅឆ្នាំ១៩៥៤ ហើយបានចូលនិវត្តន៍នៅឆ្នាំ១៩៩៣។ ប្រទេសធំបីបានប្រើយន្តហោះប្រភេទនេះច្រើន គឺអេហ្ស៊ីប ឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ ដែលសរុបទាំងអស់ត្រូវបានរុស្ស៊ីផលិតប្រហែល ១៥០០គ្រឿង។ ចិនបានចាប់ផ្ដើមផលិតនៅឆ្នាំ១៩៦៨ ហើយនៅបន្តប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ ល្បឿនអតិបរមា គឺប្រហែល ១០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបំពេញរង្វង់ប្រតិបត្តិការ ៦០០០គីឡូម៉ែត្រ៕
ដោយ៖ រតនៈវិភូ
ប្រភព៖ businessinsider, militaryfactory.com, airforce-technology.com, military-today.com, airforceworld.com