តើពណ៌នៅក្នុងផ្ទះ ជះឥទ្ធិពលលើអារម្មណ៍អ្នកយ៉ាងណាខ្លះ?
ពណ៌នៅក្នុងផ្ទះក៏អាច ជះឥទ្ធិពលលើអារម្មណ៍និងបុគ្គលិកលក្ខណៈរបស់អ្នកបានផងដែរ។ តើអ្នកមានដែលចាប់អារម្មណ៍ពីការផ្លាស់ប្ដូរអារម្មណ៍របស់អ្នកទេនៅ ពេលអ្នកស្ថិតក្នុងបន្ទប់ពណ៌ទឹកសមុទ្រស្រាលៗ ឬក៏ពណ៌ខ្លាំងៗ។ ខាងក្រោមនេះនឹងបង្ហាញពីពណ៌នីមួយៗ ដែលអាចកែប្រែអារម្មណ៍របស់អ្នក៖
១) ពណ៌សម្រាប់ផ្ទះបាយ៖ អ្នកដឹងហើយថាផ្ទះបាយនេះជាទីកន្លែងមួយដែលមមាញឹក ដោយអ្នកត្រូវប្រើប្រាស់កន្លែងនោះសម្រាប់ចម្អិនអាហារនិងទុកដាក់របស់របរផ្សេងៗ ។ អ្នកជំនាញខាងផ្នែកថ្នាំពណ៌បង្ហាញថា ការប្រើប្រាស់ពណ៌ទឹកក្រូច ក្រហមឬលឿង សម្រាប់ដាក់ជាពណ៌នៅក្នុងផ្ទះបាយគឺជាការជ្រើសរើសដ៏ល្អ ព្រោះ ពណ៌ក្រហមនឹងជួយធ្វើបង្កើនការស្រេកឃ្លានរបស់អ្នក ដែលវាស័ក្ដិសមជាពណ៌នៅក្នុងផ្ទះបាយ។ រីឯពណ៌ទឹកក្រូចបង្ហាញពីភាពស្វាហាប់ ហើយពណ៌លឿងនឹងជួយបង្កើនអារម្មណ៍សប្បាយរីករាយ នៅក្នុងក្រុម គ្រួសារពេលកំពុងស្រស់ស្រូបអាហារផងដែរ។
២) ពណ៌សម្រាប់កន្លែងទទួលភ្ញៀវ៖ កន្លែងទទួលភ្ញៀវគឺជាកន្លែងដែលក្រុមគ្រួសារអង្គុយជួបជុំគ្នាជជែកគ្នាលេង មើលទូរទស្សន៍និងធ្វើអ្វីផ្សេងៗ ទៀត។ អ្នកជំនាញខាងផ្នែកថ្នាំពណ៌ ចង់ឲ្យអ្នកប្រើប្រាស់ពណ៌ទឹកក្រូចនិងពណ៌ក្រហម ព្រោះវានឹងបង្កើនទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យកាន់តែមានភាពជិតស្និទ្ធទ្វេដង។
៣) ពណ៌សម្រាប់បន្ទប់ទឹក៖ ជាទូទៅអ្នកចូលចិត្តលាបបន្ទប់ទឹកពណ៌ស ឬក៏ពណ៌ណាដែលប្រហាក់ប្រហែលទៅនឹងពណ៌ស ដោយសារតែពណ៌បែបនេះតំណាងឲ្យអនាម័យនិង ភាពសស្អាត។ តែអ្នកក៏អាចជ្រើសរើសពណ៌ផ្សេងទៀតបានផងដែរ ដូចជាពណ៌ខៀវចាស់ ខៀវស្រាល លឿងស្រាល និងបៃតងស្រាល ព្រោះ ពណ៌ទាំងនេះអាចធ្វើឲ្យអារម្មណ៍អ្នកកាន់តែស្រស់ថ្លា ហើយបង្កើនបរិយាកាសកុំឲ្យមានភាពស្អុះស្អាប់ផងដែរ។
៤) ពណ៌សម្រាប់បន្ទប់គេង៖ បន្ទប់គេងគឺជាបន្ទប់មួយដែលអ្នកទាំងអស់គ្នាចង់ឲ្យមានបរិយាកាសស្ងប់ស្ងាត់ ដោយសារអ្នកត្រូវការសម្រាកនៅទីនោះ។ ដូចនេះហើយអ្នកត្រូវជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការទទួលបានអារម្មណ៍តប់ប្រមល់នានា។ ក្នុងនោះអ្នកគួរលាបពណ៌ខៀវ បៃតង និងពណ៌ស្វាយស្រាល ដោយសារតែពណ៌ខៀវអាចជួយបន្ថយសម្ពាធឈាម ហើយធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់។ ឯពណ៌បៃតងគឺកាន់តែធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយគ្មានភាពតានតឹង និងពណ៌ស្វាយស្រាលបង្ហាញពីភាពស្ងប់សុខ និងគ្មានទុក្ខព្រួយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thespiritscience.net