ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង​



ខណៈដែលកំណើនទីផ្សារខុនដូនៅប្រទេសកម្ពុជា មានការយឺតយ៉ាវ ទីផ្សារអាផាតមិននឹងត្រូវពង្រីកបន្ថែម។ អ្នកនាង អាន ធីតា នាយិការង ជាន់ខ្ពស់ គ្រប់គ្រង នៅក្រុមហ៊ុន CBRE កម្ពុជា បាននិយាយក្នុងបទបង្ហាញនៅក្នុងសន្និសីទ Real Estate Market & Outlook នៅដើមឆ្នាំនេះថា ទីក្រុងភ្នំពេញ មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការសាងសង់សំណង់អាផាតមិន។ យោងតាមការស្រាវជ្រាវផ្នែកទីផ្សារនៃក្រុមហ៊ុន CBRE បានឲ្យដឹងថា អត្រាប្រើប្រាស់ដីធ្លីសម្រាប់ការសាងសង់អាផាតមិន នៅទីក្រុងភ្នំពេញ មានរហូតដល់ ៨៥,៨០ភាគរយ។ របាយការណ៍ឆ្នាំ២០១៥ របស់ក្រុមហ៊ុន CBRE កម្ពុជា បានបង្ហាញថា មានជនបរទេសប្រមាណជា ៣៥០០០នាក់ បានស្នើសុំការអនុញ្ញាតមកធ្វើការនៅប្រទេសកម្ពុជារាល់ឆ្នាំ បើប្រៀបធៀបជាមួយនឹងអត្រាផ្គត់ផ្គង់នៃសំណង់អាផាតមិន នៅទីក្រុងភ្នំពេញ ដែលមានចំនួន ៦៤៩៤យូនីត។ អតុល្យភាពនៃការផ្គត់ផ្គង់ក្នុងទីផ្សារនេះ គឺជាហេតុផលសំខាន់មួយនៃការឡើងតម្លៃ នៃសំណង់អាផាតមិននៅក្នុងទីផ្សារ បើប្រៀបធៀបនឹងទីផ្សារអាផាតមិននៅទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហូជីមិញ។ អត្រាឈ្នួលផ្ទះប្រចាំខែ នៅក្នុងតំបន់បឹងកេងកង និងតំបន់ដូនពេញ ជាតំបន់ពេញនិយម មានតម្លៃរហូតដល់ ៣៥០០ដុល្លារអាមេរិក ក្នុងមួយខែ។ លោក Jeremiah lee ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global មានទីតាំងនៅប្រទេសសិង្ហបុរី បាននិយាយថា ៖ «ខណៈដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានការអភិវឌ្ឍខ្លាំង មានជីវភាពរស់នៅល្អ និងការកើនឡើងនៃអ្នកទេសចរបរទេស និងសមត្ថភាពប៉ិនប្រសប់ វាបានបង្កើតឲ្យមានតម្រូវការគេហដ្ឋាន និងការរស់នៅដែលមានស្តង់ដារ និងគុណភាពខ្ពស់»។ ក្រុមហ៊ុន Kingsland នឹងឈានជើងចូលក្នុងវិស័យអាផាតមិន នៅទីក្រុងភ្នំពេញ ដោយមានគម្រោងសាងសង់ One18 Residences Project មានទីតាំងនៅលើផ្លូវ១១៨ ដែលជិតនឹងបញ្ចប់ការសាងសង់ហើយនាពេលនេះ។ អ្នកនាង ធីតា បានលើកឡើងថា បើមើលក្នុងរូបភាពធំវិញ ទាក់ទងនឹងទីផ្សារអាផាតមិនក្នុងតំបន់ទីក្រុងភ្នំពេញ មានអត្រាឈ្នួលទាបជាងគេសម្រាប់អាផាតមិន ដែលមានគុណភាពខ្ពស់បើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលរាប់ចាប់ពីអាផាតមិន ដែលមានបន្ទប់គេង១ដល់អាផាតមិនដែលមានបន្ទប់គេង៣។ ប៉ុន្តែលោក Sofia Perez ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank កម្ពុជា បាននិយាយថា ៖ «វាមិនសមហេតុផលទេ បើយើងស្វែងរកសំណង់អាផាតមិននៅតំបន់ដាច់ស្រយាលជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងសាងសង់ខុនដូ អាចប្រែក្លាយជាសំណង់អាផាតមិនវិញ ឬក៏ពីអាផាតមិនទៅជាខុនដូវិញនោះ»។ លោក Perez បានបន្តថា ៖ «ភាពខុសគ្នាធំមួយ រវាងសំណង់ខុនដូ និងសំណង់អាផាតមិននៅប្រទេសកម្ពុជា គឺទាក់ទងនឹងការសុំសិទ្ធិធ្វើកម្មសិទ្ធិ។ ទាំងសំណង់ខុនដូ និងសំណង់អាផាតមិន នៅប្រទេសកម្ពុជា នៅទំនេរសម្រាប់ជួល ដែលធ្វើឲ្យអ្នកជួលទាំងអស់នោះ មិនអាចកំណត់ភាពខុសគ្នាបានរវាងសំណង់ទាំងពីរ។ អាផាតមិនធំៗ និងទំនើបៗទាំងនោះ បានផ្តល់ឲ្យនូវ គ្រឿងបរិក្ខារ និងសេវាកម្មដូចគ្នាទៅនឹងសំណង់ខុនដូ»។ «ដូច្នេះការផ្គត់ផ្គង់នៃសំណង់គេហដ្ឋានសម្រាប់ជួលអាចមានច្រើនជាងតម្រូវការជាពិសេសនៅពេលដែលការផ្គត់ផ្គង់ផ្នែកសំណង់ខុនដូ នឹងធ្វើការដាក់លក់អនឡាញនៅពេលពីរទៅបីឆ្នាំទៀត ខណៈបច្ចុប្បន្ននេះមានសំណង់ខុនដូ ប្រហែលជា ២០០០០យូនីត ប្រសិនបើគម្រោងសាងសង់ទាំងនោះបានបញ្ចប់ទៅតាមកាលកំណត់»។ ព័ត៌មានលម្អិត សូមអាន realestate.com.kh 
X
5s