​ហេតុ​អ្វី​អ្នក​​នៅ​តែ​មិន​អាច​​​រក​បាន​ការងារ​ល្អ ​ដូច​អ្នក​ទៃ​? ​អាន​មូលហេតុ​ទាំង​៥​នេះ​!​​



​ការ​ទទួល​បាន​ការងារ​ល្អ​ ​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​​​នៅ​ក្នុង​សង្គម ​ដើម្បី​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​​ឲ្យ​បាន​ប្រសើរ​​​ ​​មិន​ថា​នៅ​កម្ពុជា ​ឬ​នៅ​ប្រទេស​ណា​នោះ​ទេ​។ ​​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ ការងារ​​ដែល​ល្អ​នោះ​ ​​ពិត​ជា​មិន​ងាយ​រក​នោះ​ឡើយ​ ​ ​​ជា​ពិសេស​​សម្រាប់​អ្នក​ដែល​​មិន​ស្វាហាប់​ក្នុង​ការ​ឆាប់​ចាប់​យក​ឱកាស​។​ ខាង​ក្រោម​នេះ​ ជា​ហេតុផល​ ​១) ​ខ្វះ​ចំណេះដឹង៖ ​ការងារ​ដែល​ល្អ ​និង​ ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​នោះ ​គឺ​​​តែង​​​​ធ្លាក់​លើ​តែ​មនុស្ស​ណា​ដែល ​មាន​ចំណេះដឹង​ខ្ពស់​​។ ​ប្រសិន​បើ​​​ចំណេះ​ដឹង​របស់​អ្នក​មិន​គ្រប់គ្រាន់ ​ឬ​ មាន​តែ​សញ្ញាប័ត្រ​ប៉ុន្តែ​គ្មាន​ចំណេះដឹង​ ​​គឺ​​ពិត​ជា​មិន​​អាច​ទៅ​រួច​នោះ​​ឡើយ​។ ​​ដូច្នេះ​ហើយ ​បើ​អ្នក​ជា​សិស្ស​​ គឺ​គួរ​តែ​​ព្យាយាម​ពង្រឹង​ចំណេះដឹង​ឲ្យ​បាន​ខ្ពស់ ​ដើម្បី​ជា​ទុន​ក្នុង​ការ​ចាប់​យក​ការងារ​ល្អ​ដែល​អ្នក​ពេញ​ចិត្ត​។ ២) ​ខ្វះ​បទពិសោធន៍​៖ ​ចំណេះដឹង​ និង បទពិសោធន៍​មិន​អាច​ខ្វះ​​ផ្នែក​ណា​មួយ​បាន​ឡើយ ​ព្រោះ​បើ​គ្រាន់​តែ​មាន​ចំណេះដឹង ​តែ​ខ្វះ​បទពិសោធន៍​នោះ ​ក៏​​ម្ចាស់​ក្រុមហ៊ុន​​​ត្រូវ​ដក​ថយ​ដើម្បី​គិត​បន្តិច​សិន​ដែរ​។​ ដូច្នេះ​ជម្រើស​ល្អ ​​ក្នុង​ពេល​ដែល​កំពុង​សិក្សា​នោះ ​អ្នក​គួរ​តែ​ព្យាយាម​សន្សំ​បទពិសោធន៍​ការងារ​បណ្ដើរៗ​​ ជា​ពិសេស​ធ្វើ​ការងារ​ណា​ដែល​ពាក់ព័ន្ធ​​នឹង​ការងារ​ដែល​​អ្នក​ចង់​បាន​នៅ​ពេល​អនាគត​​។ ៣) ​​គិត​រឿង​ប្រាក់​ខែ​ខ្លាំង​ពេក​៖ ​ការងារ​ដែល​ល្អ​​មិន​មែន​មាន​ន័យ​ថា ​នឹង​ផ្ដល់​​ប្រាក់ខែ​កប់​ពពក​ភ្លាមៗ​ដល់​អ្នក​នោះ​ឡើយ ​ពោល​គឺ​អ្វីៗ​ទាមទារ​ពេលវេលា​ឲ្យ​បាន​សមស្រប​​។ ​ដូច្នេះ​ប្រសិន​បើ​អ្នក​ ​​គិត​ថា​វា​ជា​ការងារ​ដែល​ល្អ​សម្រាប់​អ្នក ​​​សូម​កុំ​ទាន់​​ទាមទារ​ប្រាក់ខែ​ខ្ពស់​ពេក​ ​​នា​ដំណាក់​កាល​ដំបូង ពោល​គឺ​ធ្វើ​យ៉ាង​ណា​​ត្រូវ​ឲ្យ​ក្រុមហ៊ុន​នោះ​ទទួល​​​អ្នក​​សិន​។ ក្រោយ​ពេល​ដែល​មាន​​ឱកាស​​ចូល​បម្រើ​ការ​ហើយ ​អ្នក​ត្រូវ​តែ​បង្ហាញ​ដល់​ក្រុមហ៊ុន​ថា ​អ្នក​គឺ​ពិត​ជា​មនុស្ស​ដែល​​អស្ចារ្យ​ ​ហើយ​សម​តែ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។​ ៤) ​​​មិន​ចេះ​ចាប់​យក​ឱកាស​៖ ​បច្ចុប្បន្ន​ទីផ្សារ​ការងារ​​​កម្ពុជា​ គឺ​មិន​ទូលាយ​ពេក​នោះ​ទេ ​ដូច្នេះ​ហើយ​ឱកាស​ល្អ​តែងតែ​កើត​មាន​ចំពោះ​អ្នក​ស្វែងរក​ប៉ុណ្ណោះ ​ហើយ​វា​​ពិត​ជា​មិន​អាច​ដើរ​ទៅ​គោះទ្វារ​ដល់​ផ្ទះ​របស់​មនុស្ស​ខ្ជិល​ឡើយ​។ ​សម្រាប់​​មនុស្ស​មួយ​ចំនួន​ ​​ពិត​ជា​មិន​អាច​ទទួល​បាន​ការងារ​ល្អ​​​ឡើយ​ ​ទោះបីជា​​មាន​ចំណេះដឹង​ខ្ពស់​ក្ដី​ ដោយសារតែ​ការ​ដេក​ចាំ​គេ​ផ្ដល់​ឱកាស​ឲ្យ​។ ​៥) ​​គ្មាន​ភាព​អំណត់​ក្នុង​ការងារ​៖ ​គ្រប់​ទម្រង់​នៃ​ការងារ​ទាំង​អស់​ ​​គឺ​សុទ្ធតែ​មាន​ចំណុច​​លំបាក​ផ្សេងៗ ពី​គ្នា ​ដូច្នេះ​​អ្វី​ដែល​អ្នក​ត្រូវ​មាន​នោះ ​គឺ​ភាព​អំណត់​ ​ដើម្បី​អាច​​ជម្នះ​វា​បាន​ ទោះបីជា​​ជួប​បញ្ហា​ប៉ុណ្ណា​ក៏​ដោយ​។ ​សម្រាប់​មនុស្ស​គ្មាន​​ចិត្ត​អត់ធន់ ​ប្រាកដ​ណាស់​ថា ​នឹង​ត្រូវ​វេចបង្វេច​រត់​ចេញ​មិន​ខាន​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​​ ​​​​​​​​
X
5s