លោក Richard Branson មហាសេដ្ឋីអង់គ្លេស៖ អនុវត្តក្បួនទាំង៥នេះ ដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់
លោកគឺជា អ្នកវិនិយោគសញ្ជាតិអង់គ្លេសដ៏ជោគជ័យហើយមានការស្រមើស្រមៃខ្ពស់ម្នាក់។ ហើយក៏ជាស្ថាបនិក Virgin Group ដែលមានរហូតដល់ទៅ៤០០ក្រុមហ៊ុន។ លោកមានគំនិតចង់រកស៊ីតាំងតែពីតូចមកម្ល៉េះ។ ខាងក្រោមនេះជាអ្វីដែលលោកចង់ប្រាប់ដល់អ្នករាល់គ្នាឱ្យអនុវត្តតាមគាត់ផងដែរ នេះបើតាមការចុះផ្សាយពី addicted2success.com រួមមាន៖
១) ធ្វើអ្វីៗឲ្យសាមញ្ញ៖ គាត់អាចទទួលបានប្រាក់ចំណូលរហូតដល់ទៅ៤ពាន់លានដុល្លារ។ តើអ្នកគិតថា គាត់ធ្វើការងារអោយស្មុគស្មាញឬ ទើបទទួលបានប្រាក់ច្រើនបែបនេះ? អ្នកត្រូវគិតថាកិច្ចការណាក៏មិនពិបាកសម្រាប់អ្នកដែរ លុះត្រាតែអ្នកមិនចង់ធ្វើ។ ត្រូវចាំថា មិនគួរធ្វើអ្វីៗឲ្យស្មុគស្មាញពេកនោះទេ ពោលគឺត្រូវសម្រួលអារម្មណ៍ និង ព្យាយាមធ្វើអ្វីៗឲ្យសាមញ្ញា ដែលមិនផ្តល់ការស្មុគស្មាញដល់ខ្លួន និង មនុស្សជុំវិញខ្លួន។
២) ត្រូវហ៊ានសាកល្បង៖ មិនចាំបាច់ចំណាយពេលយូរ ក្នុងការគិតពេកនោះទេ។ បើអ្នកមិនធ្វើតាមអ្វីដែលអ្នកកំពុងគិត អ្នកនឹងគ្មានថ្ងៃដឹងពីលទ្ធផលទាំងនោះឡើយ។ សាកល្បងចំពោះគំនិតថ្មីៗរបស់អ្នក ទោះបីបរាជ័យក៏វាគ្មានបញ្ហាធំសម្រាប់អ្នកដែរ ព្រោះវាជាមេរៀនដ៏សំខាន់ដែលពិបាករក។
៣) រៀនធ្វើជាអ្នកដឹកនាំ៖ ជំនាញក្នុងការដឹកនាំនេះ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សណាដែលចង់ជោគជ័យក្នុងជីវិត ជាពិសេសក្នុងមុខជំនួញតែម្តង។ ការដឹកនាំ មិនមែនប្រើអំណាច ដើម្បីដាក់សម្ពាធអ្នកនៅក្រោមបង្គាបនោះទេ ប៉ុន្តែជាការធ្វើឲ្យមនុស្សគ្រប់រូបក្នុងក្រុម អាចធ្វើការងារប្រកបដោយសក្តានុពលខ្ពស់។
៤) មិនត្រូវចុះចាញ់៖ នៅខាងមុខប្រាកដជាមានឧបសគ្គ។ ដើម្បីសម្រេចគោលដៅតើអ្នកគួរដើរទៅមុខឬ ក៏ចង់ឈប់ត្រឹមហ្នឹង? អ្នកជំនួញជោគជ័យគឺតែងតែជម្នះរាល់ឧបសគ្គ រៀនពីភាពបរាជ័យ តស៊ូទៅមុខ និងមិនងាកក្រោយជាដាច់ខាត។
៥) ត្រូវគោរពអ្នកដទៃអោយបានល្អ៖ តើអ្នកអាចឡើងដល់កំពូលបានទេប្រសិនបើអ្នកគ្មានភាពមេត្តាដល់អ្នកដទៃ?
លោក Branson បានបង្ហាញថា៖ «ប្រសិនបើអ្នកមិនគោរពអ្នកដទៃអោយបានល្អទេ វាហាក់ដូចជាអ្នកខ្លួនឯងកំពុងតែដុតបំផ្លាញស្ពានទៅរកភាពជោគជ័យដូច្នេះដែរ៕»
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា