ចំណូលក្រុមហ៊ុនFacebook កើនឡើង ១១ភាគរយនៅត្រីមាសទី៣
ប្រាក់ចំណូលសុទ្ធ (Net Income) របស់ក្រុមហ៊ុនFacebook មានការកើនឡើងដល់៨៩១លានដុល្លារអាមេរិក គិតចាប់ពីខែកក្កដា ដល់ ខែកញ្ញានេះ ពោលគឺកើនឡើង១១ភាគរយ បើគិតរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺមានចំនួន ៨០៦លានដុល្លារអាមេរិក។
ការកើនឡើងចំណូលគួរឲ្យកត់ស្គាល់នេះ ក៏ដោយសារតែក្រុមហ៊ុនFacebook មានកំណើនអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗនៅលើពិភពលោក។ បើតាមរបាយការណ៍របស់ក្រុមហ៊ុនយក្សមួយនេះ គឺមានអ្នកប្រើប្រាស់ថ្មីចំនួន៦០ លាននាក់ជារៀងរាល់ខែ ក្នុងត្រីមាសទី៣នៃឆ្នាំ២០១៥ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook សរុបប្រមាណ១,៥៥ ពាន់លាននាក់នៅលើពិភពលោក។
លោក Mark Zuckerberg ស្ថាបនិកវ័យក្មេងរបស់ក្រុមហ៊ុនFacebookបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺផ្ដោតសំខាន់ទៅលើ «ការបង្កើតថ្មី និង វិនិយោគយូរអង្វែង»។
សូមបញ្ជាក់ថា Facebook ក្លាយជាបណ្ដាញសង្គមធំជាងគេនៅលើពិភពលោក ហើយចំណូលសំខាន់របស់ក្រុមហ៊ុននេះ គឺបានមកពីការផ្សព្វផ្សាយនៅលើទំព័រ Facebook តែម្តង៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.bbc.com & www.businessinsider.com