ក្រុមហ៊ុនទូរស័ព្ទចិន Oppo រៀនតាម Apple ប្រកាសចេញស្មាតហ្វូនថ្មីម្ដង ២ម៉ូដែលគឺ R9 និង R9 Plus កាមេរ៉ាមុខធំដល់ 16MP
ពេលនេះ មិនត្រឹមតែការឌីហ្សាញរូបរាងទូរស័ព្ទរបស់ក្រុមហ៊ុនចិន ដូច iPhone 6/6S ប៉ុណ្ណោះទេ សូម្បីតែការផលិតចេញលក់ ក៏រៀនតាមក្រុមហ៊ុនអាមេរិក Apple ដែរ។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទចិន Oppo បានសម្ពោធស្មាតហ្វូនថ្មីម្ដងពីរម៉ូដែលគឺ Oppo R9 និង R9 Plus ដែលហាក់ដូចជា ធ្វើតាមលំនាំ Apple ប្រកាស iPhone 6 និង 6 Plus អីចឹងដែរ។ តើ R9 និង R9 Plus មានលក្ខណៈ សម្បត្តិល្អយ៉ាងណាខ្លះ?
Oppo R9 មានអេក្រង់ ៥,៥អីញកម្រិត Full HD ជាមួយទំហំ resolution (1920x1080)px ហើយបំពាក់ដោយឈីបអង្គប្រតិបត្តិ Mediatek Heilo P10 និងមាន RAM 4GB។ លក្ខណៈ សម្បត្តិផ្សេងទៀតនៅលើ Oppo R9 គឺមានមេម៉ូរីម៉ាស៊ីនទំហំ 64GB និងអាចបន្ថែមកាត microSD ដល់ 128GB។
Oppo R9 ប្លែកខុសពីស្មាតហ្វូនទូទៅ ដែលវាមានកាមេរ៉ាមុខធំជាងកាមេរ៉ាក្រោយទៅវិញ។ កាមេរ៉ាមុខរបស់ R9 មានទំហំ 16MP សម្រាប់ថតរូប selfie បានច្បាស់ ហើយកាមេរ៉ាក្រោយត្រឹម 13MP។ ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុនចិននេះ មានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មរហ័សហៅ VOOC fast charge អមដោយកម្រិតថាមពលថ្ម 2850mAh។
ងាកមកមើល Oppo R9 Plus វិញ គឺបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៦អ៊ីញកម្រិត Full HD ដូចគ្នា និងមាន Resolution (1920x1080)px ហើយបំពាក់ដោយឈីប Qualcomm Snapdragon 652, RAM 4GB និងមានមេម៉ូរីម៉ាស៊ីន 64GB ដែលអាចបន្ថែម microSD ដល់ 128GB បាន។
R9 Plus មានកាមេរ៉ាមុខ និងកាមេរ៉ាក្រោយប៉ុនគ្នាគឺ 16MP ងាយស្រួលថតទាំងរូប selfie និងវីដេអូបានច្បាស់ល្អ។ ហើយវាក៏មានបច្ចេកវិទ្យាសាកថ្មរហ័សដូច Oppo R9 ដែរ តែមានថាមពលថ្មធំជាងគឺ 4120mAh។
ស្មាតហ្វូនថ្មីទាំងពីរខាងលើ ដំណើរការដោយសូហ្វ៊ែរ Color OS 3.0 ដោយផ្អែកតាមប្រព័ន្?ធ Android Lollipop។ ចំពោះតម្លៃរបស់ Oppo R9 ប្រហែលចាប់ពី ៤៣១ដុល្លារ ហើយ R9 Plus ចាប់ពី ៥០៨ដុល្លារអាមេរិក។ Oppo R9 នឹងមានលក់លើទីផ្សារនៅថ្ងៃទី២៤ មីនានេះ ខណៈ ដែល R9 Plus អតិថិជនត្រូវរង់ចាំរហូតដល់ថ្ងៃទី១២ ខែមេសាខាងមុខ៕