ទូរស័ព្ទ Galaxy S7 និង S7 edge ទទួលបានការកុម្ម៉ង់ទិញច្រើនលើសពីការរំពឹងទុករបស់ Samsung
យោងតាមការបញ្ជាក់របស់លោក Dong-jin ប្រធានផ្នែកពាណិជ្ជកម្មរបស់ Samsung បានឱ្យដឹងថា តួលេខបញ្ជាទិញទូរស័ព្ទ Galaxy S7 និង S7 edge បានធ្វើឱ្យក្រុមហ៊ុនមានការភ្ញាក់ផ្អើលព្រោះច្រើនលើសការរំពឹងទុកទៅទៀត។ ទូរស័ព្ទកំពូលស៊េរីថ្មីចុងក្រោយទាំងពីរនេះ ចាប់ផ្ដើមមានលក់នៅតាមបណ្ដាទីផ្សារមួយចំនួននៅថ្ងៃនេះហើយ ខណៈដែលអតិថិជនបានបានកុម្ម៉ង់ទិញមុន ព្រោះទន្ទឹងរង់ចាំដើម្បីទទួលយកបទពិសោធន៍ថ្មីជាមួយស្មាតហ្វូនទំនើបនេះ។
https://youtu.be/gH-XNZRN4J8
ថ្នាក់ដឹកនាំរបស់ Samsung រូបនេះបានលើកឡើងថា ស្មាតហ្វូន Galaxy S7 ថ្មីទាំងពីរនេះ នឹងជួយដល់ការច្បាមយកចំណែកទីផ្សារទូរស័ព្ទនៅប្រទេសចិនបានខ្លះឡើងវិញ បន្ទាប់ពីថមថយការលក់កន្លងទៅដោយសារបណ្ដាក្រុមហ៊ុនក្នុងស្រុកវាយលុកចំគោលដៅអ្នកប្រើប្រាស់ជាមួយតម្លៃ ព្រមទាំងសមត្ថភាព។
តាមការបញ្ជាក់ពី Samsung ឱ្យដឹងថា តួលេខបញ្ជាទិញពិតជាច្រើនក្រាស់ក្រែលលើចំនួនដែលខ្លួនបានរំពឹងទុកទៅទៀត។ របាយការណ៍ចេញផ្សាយកាលពីដើមសប្ដាហ៍នេះ ឱ្យដឹងថា តួលេខបញ្ជាទិញ Galaxy S7 ទាំងពីរនៅលើទីផ្សារកូរ៉េខាងត្បូងគឺមានសភាពល្អប្រសើរជាង Galaxy S6 កាលពីឆ្នាំទៅ។
អ្នកវិភាគជឿថា ចំពោះទីផ្សារចិនវិញ Galaxy S7 និង S7 edge នឹងមិនទាន់មានសន្ទុះខ្លាំងក្លាអាចវាយលុកទីផ្សារនៅចិនខ្លាំងជាង Galaxy S6 នោះនៅឡើយទេ៕