Apple ប្រុងប្រៀប​ផលិត iPhone Pro ​ទំហំ ៥,៨អ៊ីញ​ទៀត​ដោយ​បំពាក់​អេក្រង់ OLED ផលិត​ដោយ Samsung​



​យោង​តាម​បណ្ដាញ​ព័ត៌មាន Digitimes ​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុមហ៊ុន Apple ​កំពុង​អភិវឌ្ឍ​ម៉ូដែល​ iPhone ថ្មី​មាន​អេក្រង់ ៥,៨អ៊ីញ​ប្រភេទ OLED។ ​មាន​ការ​សន្និដ្ឋាន​ជាច្រើន​ជុំវិញ​ពេលវេលា​ថា​តើ​នៅ​ពេល​ណា​ទើប អេក្រង់ OLED សម្រាប់​បំពាក់​លើ iPhone ​ត្រូវ​បាន​ផលិត​រួចរាល់។ ​ភ្ជាប់​ទៅ​អ្នក​វិភាគ​ជុំវិញ​ព័ត៌មាន​របស់ Apple គឺ​លោក Ming-Chi Kuo ​បាន​លើកឡើង​ថា ​នឹង​មិន​ទាន់​លេច​មុខ​ឡើយ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ២០១៩។ ​ច្បាស់ជា​ពុំ​មាន​អ្នក​នឹក​ស្មាន​ថា Apple ​នឹង​ផលិត iPhone អេក្រង់​រឹតតែ​ធំជាង​មុន​នោះ​ទេ គឺ​ទំហំ ៥,៨អ៊ីញ​ដែល​ប្រើ​អេក្រង់​ប្រភេទ OLED។ ​យ៉ាងណា ២០១៦ អាច​ពុំ​មែន​ជា​ឆ្នាំ​ដែល Apple សម្រេច​បាន iPhone អេក្រង់ ៥,៨អ៊ីញ OLED នេះ​នៅ​ឡើយ។ បើ​តាម​គេហទំព័រ DigiTimes ​ឱ្យ​ដឹង​ថា iPhone ​ម៉ូដែល​ថ្មី​អេក្រង់​ធំ​ជាង​មុន​នេះ នឹង​មិន​ងាយ​លេច​មុខ​នោះ​ឡើយ គឺ​ត្រូវ​ចាំ​យ៉ាង​លឿន​នៅ​ឆ្នាំ២០១៧។ ​ចចាមអារ៉ាម​បាន​បន្ថែម​ថា Samsung ​គឺ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​អេក្រង់ OLED ​ដល់ Apple ​សម្រាប់​បំពាក់​លើ iPhone ​ម៉ូដែល​ថ្មី ហើយ​ក្នុង​នោះ​ក៏​មាន​ចំណែក​របស់​ក្រុមហ៊ុន LG Display និង Japan Display ​ដែរ។ iPhone អេក្រង់ ៥,៨អ៊ីញ​នឹង​ត្រូវ​ប្រសិទ្ធិនាម​ឈ្មោះ​ថា iPhone Pro។ សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី២១ មីនា​នេះ សាធារណជន​ជឿ​ថា Apple ​នឹង​ប្រកាស​ចេញ iPhone ​ស៊េរី​ថ្មី​អេក្រង់ ៤អ៊ីញ​ដែល​មាន​ឈ្មោះ iPhone SE។ ​iPhone SE ​នឹង​មាន​លក្ខណៈ សម្បត្តិ​ប្រហាក់ប្រហែល iPhone 6S ពោល​នឹង​បំពាក់​ឈីប A9, NFC និង Apple Pay ​ហើយ​កាមេរ៉ា​ក្រោយ​ទំហំ 12MP ​បំពាក់​មុខងារ Live Photos។ Apple ត្រូវ​គេ​រំពឹង​ទៀត​ថា នឹង​ប្រកាស​ចេញ iPad Pro ដំណាល​គ្នា​នឹង iPhone SE ដែរ។ iPad Pro ​នឹង​មាន​ទំហំ ៩,៧អ៊ីញ បំពាក់​ឈីប A9X, RAM 4GB, មាន speaker បួន​គ្រាប់ ​គាំទ្រ​ប៊ិច Apple Pencil និង Smart Keyboard៕
X
5s