បើមានសញ្ញា៤យ៉ាងនេះ មានន័យថា មិនយូរទេអ្នកជិតឡើងបុណ្យសក្តិហើយ!
ការឡើងតំណែង គឺជាអ្វីដែលបុគ្គលិកគ្រប់រូប ប្រាថ្នាចង់បាន ដូច្នេះហើយពួកគេតែងខិតខំធ្វើការងារគ្រប់យ៉ាង ដើម្បីបញ្ជាក់ប្រាប់ថ្នាក់លើថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាន់កិច្ចការសំខាន់ៗ និង ធ្វើឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនជាងមុន។ ឲ្យតែមានការខិតខំប្រឹងប្រែងលើការងារ និង សម្រេចលទ្ធផលជាបន្តបន្ទាប់នោះ មិនយូរនោះទេប្រាកដជាមានរឿងល្អកើតឡើងមិនខាន។ មុនពេលថ្នាក់លើសម្រេចដំឡើងតំណែងនោះ អ្នកអាចដឹងជាមុនតាមរយៈសញ្ញាជាវិជ្ជមានមួយចំនួន៖
១) អ្នកត្រូវបានថ្នាក់លើហៅទៅប្រជុំរឿងសំខាន់ៗដែលពុំធ្លាប់មានពីមុន៖
ជាទូទៅក្នុងក្រុមហ៊ុននីមួយៗ តែងតែមានការប្រជុំជាប្រចាំដើម្បី ពិភាក្សា និង ដាក់ចេញនូវយុទ្ធសាស្ត្រ ឬ ផែនការដើម្បីប្រាកដជា ក្រុមហ៊ុនអាចសម្រេចគោលដៅ។ ក្នុងនោះ ការប្រជុំក៏មានប្រភេទផ្សេងៗគ្នាផងដែរ ពោលគឺថ្នាក់ទាប(សម្រាប់បុគ្គលិកធម្មតា) និង ថ្នាក់ខ្ពស់ (សម្រាប់តំណែងខ្ពស់ៗ)។ នៅថ្ងៃមួយដែល អ្នកត្រូវបានគេ ហៅទៅប្រជុំប្រភេទថ្នាក់ខ្ពស់ ដែលពីមុនពុំធ្លាប់មាន មានន័យថា អ្នកនឹងក្លាយជាបុគ្គលសំខាន់ក្នុងចំណោមបុគ្គលិកជាន់ខ្ពស់ផ្សេងៗទៀត។
២) អ្នកត្រូវបានគេផ្តល់ការងារពិសេសពុំធ្លាប់មាន៖
កិច្ចការពិសេសៗ គឺត្រូវបានគេប្រគល់ឲ្យសម្រាប់តែបុគ្គលិកណាដែលមានសមត្ថភាព និង មានស្នាដៃគ្រប់គ្រាន់ក្នុងការសម្រេចវាប៉ុណ្ណោះ។ ដូច្នេះហើយ ប្រសិនបើថ្នាក់លើបានប្រគល់ភារកិច្ចពិសេសៗដល់អ្នក មានន័យថា វាជាសញ្ញាមួយបញ្ជាក់ថា អ្នកនឹងអាចឡើងតំណែងឆាប់ៗមិនខាន។
៣) ថ្នាក់លើបញ្ជូនអ្នកទៅចូលរួមវគ្គបណ្តុះបណ្តាល៖
ក្នុងការកាន់តំណែងខ្ពស់ គឺវាមិនមែនជារឿងងាយស្រួលឡើយ ពោលគឺទាមទារទាំងសមត្ថភាព ការអត់ធ្មត់ និង ទំនួលខុសត្រូវខ្ពស់។ ពេលមួយ ដែល អ្នកត្រូវបានថ្នាក់លើ បញ្ជូនទៅចូលរួមវគ្គបំពាក់បំប៉ន និង បណ្តុះបណ្តាលផ្សេងៗនោះ មានន័យថា នេះគឺជាសញ្ញាដែលថ្នាក់លើចង់ជំរុញអ្នកឲ្យមានសមត្ថភាពខ្ពស់ ដើម្បីកាន់តំណែងល្អ។
៤) ក្រុមហ៊ុនពង្រីកវិសាលភាព
ជាទូទៅ ក្រុមហ៊ុននីមួយៗតែងតែព្យាយាមពង្រីកខ្លួនឲ្យកាន់តែធំ នៅពេលទទួលបានប្រាក់ចំណូលច្រើន។ ក្នុងពេលដែលពង្រីកវិសាលភាពរបស់ខ្លួននោះ អ្នកគ្រប់គ្រង ឬ ម្ចាស់ក្រុមហ៊ុនពិតជាត្រូវការបុគ្គលិកដែលមានបទពិសោធន៍ច្រើនក្នុងក្រុមហ៊ុនកាន់ការងារសំខាន់ៗមិនខាន ព្រោះបើរើសយកអ្នកចំណូលថ្មីមក គឺពិតជាមានការលំបាក។ ដូច្នេះចំពោះបុគ្គលិកដែលមានទំនួលខុសត្រូវខ្ពស់ និង មានភាពសកម្មក្នុងការងារនោះ ប្រាកដជាអាចឡើងតួនាទីមិនខាននៅពេលក្រុមហ៊ុន ពង្រីកខ្លួន៕