គន្លឹះសម្ងាត់ទាំង ៦ ដែលជួយអភិវឌ្ឍចិត្តគំនិតរបស់អ្នកឲ្យដូចមហាសេដ្ឋី
មានមនុស្សជាច្រើនឆ្ងល់ថាហេតុអ្វីបានជាអ្នកខ្លះអាចក្លាយជាអ្នកមាន ហើយមានអ្នកខ្លះទៀតគិតថាប្រហែលមកពីអ្នកទាំងអស់នោះបានរៀបការជាមួយអ្នកមាន ឬទទួលបានកេរ្តិ៍មរតកពីម្ដាយឪពុករបស់ពួកគេ ឬមកពីសំណាងជាដើម។ តែវាមិនមែនបែបនោះទាំងអស់នោះទេ ព្រោះភាគច្រើនគឺមនុស្សដែលអាចក្លាយជាអ្នកមានដោយសារតែគំនិត ការខិតខំប្រឹងប្រែង និងការតស៊ូរបស់ពូកគេផ្ទាល់តែម្ដង។ ខាងក្រោមនេះជាគន្លឹះសម្ងាត់ក្នុងការអភិវឌ្ឍចិត្តគំនិតទាំង៦ដែលអ្នកគួរតែដឹងហើយព្យាយាមអនុវត្តតាម៖
១) រក្សានូវភាពសុចរិត៖ នៅពេលដែលយើងឃើញអ្នកមាន យើងតែងគិតថាអ្នកទាំងនោះសុទ្ធតែមានការកេងប្រវ័ញ្ច ឬពុករលួយទើបពួកគេអាចនឹងមានថ្ងៃនេះ។ តែយើងគួរតែយកពេលដែលយើងទៅរិះគុណគេនេះទៅធ្វើអ្វីដែលមានប្រយោជន៍វិញល្អជាជាង។ អ្នកគួរតែប្រកាន់ភាពសុចរិតពីពេលនេះតទៅ ហើយមិនចាំពេលនេះឬពេលនោះទេ ព្រោះសុចរិតភាពគឺអាចជួយឲ្យអ្នកបោះជំហានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតបាន។
២) ចេះគ្រប់គ្រងចិត្តរបស់ខ្លួនឯង៖ មិនថាស្ថិតនៅក្នុងស្ថានភាពណានោះទេ អ្នកត្រូវតែស្គាល់ពីខ្លួនអ្នកឲ្យច្បាស់ហើយចេះគ្រប់គ្រងអារម្មណ៍របស់អ្នក។ បើសិនជាអ្នកដឹងថាអ្នកជាមនុស្សម្នាក់ដែលចូលចិត្តដើរលេងរាល់ថ្ងៃដូចនេះបើមានមិត្តភ័ក្ដិដែលចូលចិត្តបបួលអ្នកដើរលេង អ្នកត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន។
៣) អភិវឌ្ឍជំនាញរបស់អ្នកឲ្យដល់កម្រិតកំពូល៖ ជាទូទៅមនុស្សយើងត្រូវការយ៉ាងតិចជំនាញដ៏ច្បាស់លាស់មួយក្នុងជីវិត ដូចនេះយើងត្រូវតែអភិវឌ្ឍវាឲ្យល្អឡើងជាលំដាប់។ ជំនាញរបស់អ្នកគឺជាប្រភពមាសប្រភពប្រាក់របស់អ្នកហើយ។
៤) បង្កើនការយល់ដឹងផ្នែកភាសារបស់អ្នក៖ នៅពេលដែលអ្នកមានជំនាញច្បាស់លាស់ហើយ អ្នកមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ហើយ អ្នកមិនគួរធ្វើឲ្យភាសាក្លាយជារបាំងឃាំងអ្នកពីភាពជោគជ័យនោះទេ។ អ្នកគួរតែព្យាយាមរៀនភាសាណាដែលមានប្រយោជន៍និងចាំបាច់។
៥) កុំព្យាយាមប្រកួតប្រជែងជាមួយអ្នកដទៃ៖ វាជាការល្អដែលអ្នកចង់ធ្វើឲ្យខ្លួនអ្នកមានភាពរីកចម្រើននិងល្អជាងអ្នកដទៃ តែអ្នកកុំបង្ខំខ្លួនឯងខ្លាំងពេក ព្រោះមនុស្សភាគច្រើនចូលចិត្តគិតថាខ្លួនឯងល្អមិនគ្រប់គ្រាន់ដែលធ្វើឲ្យពួកគេធ្វើអ្វីៗដើម្បីតែផ្គាប់ចិត្តអ្នកដទៃតែប៉ុណ្ណោះ។
៦) ឲ្យតម្លៃទៅលើទឹកប្រាក់៖ មានមនុស្សជាច្រើនដែលស្គាល់ពីអំណាចនៃទឹកប្រាក់ តែមិនមានមនុស្សច្រើនទេដែលស្គាល់ពីតម្លៃនៃទឹកប្រាក់នោះ។ ទាល់តែអ្នកស្គាល់ពីតម្លៃរបស់វា ទើបអ្នកអាចឲ្យតម្លៃរបស់សមត្ថភាពខ្លួនឯង។
ដោយ៖ តូច ម៉ាយ៉ារស្មី