​បុគ្គល​ជោគជ័យ​ចំនួន​៥​រូប​ ​អភិវឌ្ឍ​ខ្លួន​ពី​អ្នក​ក្រ​ក្លាយ​មក​ជា​មហាសេដ្ឋី​



នៅ​ពេល​ដែល​យើង​បាន​ឮ​ឈ្មោះ​សេដ្ឋី​ទាំងឡាយ​យើង​ស្គាល់​ នៅ​ពេល​ដែល​ពួកគេ​ជោគជ័យ​តែ​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ​ ពួក​គេ​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​លំបាក​ហើយ​ជួប​ការ​បរាជ័យ​រាប់​មិន​អស់។ អ្នក​ទាំង​នោះ​​ចូលចិត្ត​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឯង​យ៉ាង​ខ្លាំង ព្រោះ​ពួកគេ​ស្គាល់​ពី​គុណ​តម្លៃ​វា​ច្បាស់។ ខាង​ក្រោម​នេះ​ជា​មហា​សេដ្ឋី​ទាំង​៥​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ មុន​នឹង​អាច​ក្លាយ​ជា​មហាសេដ្ឋី៖

១) ឡែរី អែលីសុន​ (Larry Elison) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Oracle Corporation៖ Larry ធ្លាប់​ជា​និស្សិត​ដែល​បោះបង់​ការ​សិក្សា​ម្នាក់ ហើយ​ធ្វើ​ការ​ជាច្រើន​កន្លែង​ផ្សេងៗ​គ្នា​ទម្រាំ​តែ​គាត់​មាន​ភាព​ជោគជ័យ​បាន​មក​ដល់​ថ្ងៃ​នេះ។បន្ទាប់​ពី​គាត់​ផ្លាស់​ទី​លំនៅ​មក​កាលីហ្វញ៉ា (California) គាត់​បាន​ចំណាយ​ពេល​ជាង​មួយ​ទសវត្ស​ឆ្លង​កាត់​ការ​លំបាក​ ​ទម្រាំ​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​មួយ​រូប។   

២) ហូវឺត ស្កាល់ស៍ (Howard Schultz) នាយក​ប្រតិបត្តិ​ Starbuck៖ ជា​នាយក​ប្រតិបត្តិ​ហាង​កាហ្វេ​មួយ​ដ៏​ល្បី​ទាំង​នៅ​អាមេរិក​និង​ទូទាំង​ពិភព ​លោកHoward ​បាន​ធ្វើ​គំរូ​ដ៏​ល្អ​មួយ​ គឺ​គាត់​បាន​ព្យាយាម​ពង្រឹង​បុគ្គលិក​របស់​គាត់​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គាត់​ធ្លាប់​បាន​ដើរ។ ​គាត់​ជា​កូន​ប្រុស​របស់​ទាហាន​ដែល​បោះបង់​ការ​សិក្សា​ម្នាក់​ហើយ​គ្រួសារ​គាត់​មិន​មាន​ជីវភាព​អ្វី​ធូរធារ​នោះ​ទេ តែ​ដោយ​សារ​តែ​ភាព​អត់​ធន់​និង​ការ​ប្រឹង​ប្រែង​របស់​គាត់​ទើប​ធ្វើ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ។  

៣) ​ដូ​វុនឆាង (Do Won Chang)​ នាយក​ប្រតិបត្តិ Forever 21៖ ​សេដ្ឋី​មួយ​រូប​នេះ​ក៏​មិន​ធម្មតា​ដែរ ​​ព្រោះ​គាត់​ធ្លាប់​ធ្វើការ​ទាំង​នៅ​ហាង​កាហ្វេ​ និង​ ​​​ស្ថានីយ​ចាក់សាំង។ ​គាត់​ព្រម​ទាំង​ប្រពន្ធ​របស់​បាន​បើក​​​​ហាង​ខោអាវ​បោះ​ដុំ​ដោយ​ឃើញ​ពី​តម្រូវ​ការ​របស់​មនុស្ស​ទូទៅ​ ដែល​ហាង​ដំបូង​បង្អស់​របស់​គាត់​បាន​បើក​នៅ​ឆ្នាំ​១៩៨៤​ ហើយ​មក​ដល់​ឥឡូវ​គឺ​មាន​បុគ្គលិក​ធ្វើការ​រហូត​ច្រើន​ជាង២សែន​នាក់​ឯណោះ។​​ 

៤)​ រាលហ្វ ឡរែន (Ralph Lauren) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Polo៖ ​ថ្វី​ត្បិត​តែ​អ្នក​អាច​ស្គាល់​ឈ្មោះ​គាត់​ ឬ​ម៉ាក​ផលិតផល​របស់​គាត់​តែ​អ្នក​ប្រហែល​មិន​បាន​ស្គាល់​ប្រវត្តិ​គាត់​នោះ​ទេ។ ឪពុក​គាត់​ជា​អ្នក​លាប​ថ្នាំ​ផ្ទះ​ម្នាក់​ដែល​រក​កម្រៃ​ចិញ្ចឹម​គ្រួសារ​ត្រឹម​តែ​មួយ​រស់​នោះ​ទេ ហើយ​ចំណែក​សេដ្ឋី​រូប​នេះ​មាន​ប្រវត្តិ​ធ្វើ​ជា​បុគ្គលិក​ផ្នែក​លក់​ធម្មតា​ម្នាក់​តែ​ប៉ុណ្ណោះ​នៅ​ហាង​លក់​សំលៀក​បំពាក់​មួយ ទើប​ធ្វើ​ឲ្យ​គាត់​មាន​ចំណាប់​អារម្មណ៍​ខាង​វិស័យ​ម៉ូត​សំលៀក​បំពាក់​តាំងពី​ពេល​នោះ​មក។​     

​​​៥) ​លយដ៍ ប្លេងហ្វៀន (Lloyd Blankfein) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Goldman Sachs៖ ​វា​ត្រូវ​ការ​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន​ទើប​គាត់​អាច​មាន​កេរ្តិ៍ឈ្មោះ​មក​ដល់​សព្វថ្ងៃ ដែល​គាត់​ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​លក់​ទឹក​សូដា​នៅ​ការ​ប្រកួត​ហ្គេម​ New York Yankees ទៀត​ផង។ នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​តស៊ូ​ព្យាយាម​របស់​គាត់​មុន​នឹង​គាត់​អាច​ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​មួយ​រូប​បាន៕

 

ប្រែសម្រួល​៖ តូច​ ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com

X
5s