គតិបណ្ឌិតចំនួន ៤ឃ្លា របស់ Shams Tabrizi ដែលជាស៊ូហ្វីឬអ្នកបដិបត្តិសាសនាមូស្លីមរបស់ហ្វាស៊ី
ថ្ងៃនេះយើងបានចងក្រងនូវគតិបណ្ឌិតចំនួន ៤ឃ្លា របស់ស៊ូហ្វីឬអ្នកបដិបត្តិសាសនាមូស្លីមរបស់ហ្វាស៊ីមួយរូបដែលមានឈ្មោះថា Shams Tabrizi:
១) «គីមីសាស្ត្រនៃចិត្តខុសពីគីមីសាស្ត្រនៃការស្រឡាញ់។ ចិត្តគឺប្រុងប្រយ័ត្ន សង្ស័យ វាដើរទៅមុខបន្តិចម្ដងៗ។ វាណែនាំថា `ឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឯង`។ ឯការស្រឡាញ់និយាយថា `ចូរប្រលែងខ្លួនឯងទៅ!` ចិត្តគឺខ្លាំងក្លាណាស់ មិនដែលដួលនោះឡើយ ខណៈពេលដែលការស្រឡាញ់ធ្វើឲ្យខ្លួនវាឈឺចាប់ ធ្លាក់ចូលទៅក្នុងការវិនាស។ ប៉ុន្តែតើមិនមែននៅដោយសារក្តីវិនាស និងឈឺចាប់ទេឬដែលយើងច្រើនតែស្វែងរកឃើញអ្វីដែលល្អប្រសើរ ? បេះដូងដែលឈឺចាប់លាក់ទុកនូវរតនសម្បត្តិជាច្រើន។»
២) «ចក្រវាលទាំងមូលត្រូវបានសង្ខេបចូលទៅក្នុងមនុស្ស។ មារមិនមែនជាព្រាយបិសាចដែលចាំដាក់អន្ទាក់យើងនោះឡើយ វាគឺជាសំឡេងនៅខាងក្នុង។ សម្លឹងរកមើលមាររបស់អ្នកនៅក្នុងខ្លួនឯង មិនមែននៅខាងក្នុងអ្នកដទៃឡើយ។ ចូរកុំភ្លេចថាបុគ្គលណាដែលបានស្គាល់មាររបស់គាត់ គឺគាត់បានស្គាល់ព្រះរបស់គាត់។»
៣) «អតីតកាលគឺជាការបកស្រាយ។ អនាគតកាលគឺជាការបោកបញ្ឆោត។ ពិភពលោកមិនមែនធ្វើដំណើរទៅមុខឆ្លងកាត់ពេលវេលាហាក់ដូចជាវាគឺជាខ្សែបន្ទាត់ត្រង់មួយ ដែលរំកិលពីអតីតកាលទៅអនាគតកាលនោះឡើយ។ ជាជាងបែបនេះពេលវេលាធ្វើដំណើរទៅមុខក្នុងខ្លួនមនុស្សយើងជារង្វង់ដែលគ្មានទីបញ្ចប់។ និរន្តរភាពមិនមែនមានន័យថាពេលវេលាដែលគ្មានដែនកំណត់នោះទេ ប៉ុន្តែគ្រាន់តែជាភាពដែលមិនមានពេលវេលាជាក់លាក់ប៉ុណ្ណោះ។ បើអ្នកចង់ឆ្លងកាត់បទពិសោធន៍ដែលមានពន្លឺចែងចាំងជានិរន្តរ៍ ដាក់អតីតកាលនិងអនាគតកាលនៅ ផ្នែកណាមួយនៃចិត្តរបស់អ្នក ហើយប្រើពេលបច្ចុប្បន្នដែលមានរស់នៅឲ្យបានល្អបំផុត។»
៤) «អ្នកអាចសិក្សាពីព្រះតាមរយៈគ្រប់អ្វីៗទាំងអស់និងគ្រប់មនុស្សទាំងអស់នៅក្នុងចក្រវាល ព្រោះថាព្រះមិនមែនឃុំទុកនៅក្នុងវិហារឥស្លាម វិហារជ្វីស ឬវិហារយេស៊ូនោះឡើយ។ ប៉ុន្តែបើអ្នកនៅតែត្រូវការស្វែងរកទីស្នាក់នៅរបស់ព្រះនៅទីណាពិតប្រាកដ មានកន្លែងតែមួយប៉ុណ្ណោះសម្រាប់ស្វែងរកគាត់នោះគឺនៅក្នុងបេះដូងរបស់មនុស្សដែលពោរពេញដោយក្ដីស្រឡាញ់ពិតប្រាកដ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ពាក្យសម្ដីចំនួន១០ឃ្លាពីបុគ្គលដែលប្រកបដោយបញ្ញាអំពីដំណើរជីវិតរបស់មនុស្សយើង