គតិចំនួន ៣ឃ្លា ដែលបង្រៀនឲ្យអ្នកចាប់ផ្ដើមចេះដោះស្រាយបញ្ហានៅខាងក្រៅពីខាងក្នុងមក
ខាងក្រោមនេះគឺជាគតិចំនួន ៣ឃ្លា ដែលបង្រៀនឲ្យអ្នកចាប់ផ្ដើមចេះដោះស្រាយបញ្ហានៅខាងក្រៅពីខាងក្នុងមក៖
១) «នៅពេលធម៌និយាយអំពីការមិនជាប់ជំពាក់និងការប្រលែងចោល វាមិនមែនមានន័យថាខ្វះសេចក្ដីស្រឡាញ់ឡើយ។ មានពេលខ្លះមនុស្សមិនអាចយល់បានថាតើព្រះពុទ្ធសាសនាអាចនិយាយពីសេចក្ដីអាណិតអាសូរនិងសេចក្ដីស្រឡាញ់នៅក្នុងដង្ហើមមួយ ការមិនជាប់ជំពាក់និងការប្រលែងចោលនៅក្នុងដង្ហើមមួយទៀតបានយ៉ាងដូចម្ដេចកើត។ ប៉ុន្តែនេះគឺមកពីយើងយល់ច្រឡំសេចក្ដីស្រឡាញ់ជាមួយនឹងការជាប់ជំពាក់។ យើងគិតថាបើយើងស្រឡាញ់នរណាម្នាក់ រង្វាស់នៃការស្រឡាញ់របស់យើងគឺនៅត្រង់ថាយើងចង់ជាប់ជំពាក់ជាមួយពួកគេកម្រិតណា។ ប៉ុន្តែនោះមិនមែនជាការស្រឡាញ់នោះទេ នោះគ្រាន់តែជាការស្រឡាញ់ខ្លួនឯង ជាការជាប់ជំពាក់ប៉ុណ្ណោះ។ វាមិនមែនជាការស្រឡាញ់មនុស្សម្នាក់ទៀតដោយពិតប្រាកដចង់ឲ្យពួកគេរស់នៅបានល្អនិងរីករាយនោះឡើយ។» Jetsunma Tenzin Palmo
២) «ស្រមៃថាអ្នកកំពុងតែស្ថិតនៅក្នុងបញ្ហាដែលកំពុងតែកើតឡើង ហើយការគិតចំនួនរាប់ពាន់កំពុងតែបានប្រណាំងប្រជែងគ្នានៅក្នុងខួរក្បាលរបស់អ្នក។ អ្នកភ្ញាក់ផ្អើល ឬប្រហែលជាអាចតក់ស្លុតទៀតផង។ ដោយទៅតាមរបៀបបែបណាមួយ នៅក្នុងចក្រវាលដែលឥតមានដែនកំណត់នេះ វាមានអ្នកដែលតូចមួយនេះកំពុងតែមានការបាក់បែកខាងផ្លូវចិត្ត ប្រៀបបានទៅនឹងសត្វល្អិតតូចមួយដែលត្រូវបានកៀសចេញពីស្លឹកមួយនៅក្នុងស្ទឹងដូច្នោះដែរ។ នេះគឺជាស្ថានភាពមួយដែលយើងស្វែងរកឃើញខ្លួនឯងនៅក្នុងវាជាញឹកញាប់យ៉ាងខ្លាំង។ ហើយទាំងអស់នេះគ្រាន់តែកើតឡើងនៅក្នុងខួរក្បាលយើងប៉ុណ្ណោះ។ ការគិតរបស់យើងសង្កត់ពីលើយើង ដោយយើងខ្លួនឯងមិនបានអនុញ្ញាតឡើយ។ ជាទូទៅ បើយើងមិនត្រូវបានអូសទាញដោយពួកវាទេក៏ត្រូវបានយកឈ្នះដោយពួកវាដែរ។ ដូច្នេះ តើត្រូវធ្វើបែបណា ? គួរឲ្យភ្ញាក់ផ្អើល យើងមិនចាំបាច់ធ្វើអ្វីនោះទេ។ គ្រាន់តែសម្លឹងមើលហើយស្ថិតនៅក្នុងពេលបច្ចុប្បន្នឲ្យបានល្អ យើងនឹងរកឃើញខ្លួនឯងនៅក្នុងចន្លោះទំនេរមួយស្ងប់ស្ងាត់និងមានសន្តិភាពដែលមិនធ្លាប់មានអ្វីមួយកើតឡើងនោះឡើយ។» Anam Thubten Rinpoche
៣) «ផ្កាមួយទងធ្លាក់បើទោះជាយើងស្រឡាញ់វា ហើយស្មៅនៅតែលូតលាស់បើទោះជាយើងមិនស្រឡាញ់វាក៏ដោយ។» Dogen
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតចំនួន១៣ឃ្លា ដែលអ្នកគួរក្រេបយកគតិបណ្ឌិតពីជាតិសាសន៍ទាំងនេះ