សម្ដីដកស្រង់ចំនួន ៧ឃ្លា ពីទស្សនវិទូបារាំងលោក Henri Bergson ដែលជាម្ចាស់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៧ឃ្លា ពី Henri Bergson ដែលជាទស្សនវិទូមួយរូបរបស់បារាំង ដែលត្រូវបានប្រគល់ពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រក្នុងឆ្នាំ១៩២៧ និងត្រូវបានប្រគល់ពានរង្វាន់ដ៏មានកិត្តិយសបំផុតរបស់បារាំង the Grand-Croix de la Legion d'honneur ក្នុងឆ្នាំ១៩៣០:
១) «ខ្ញុំមិនអាចគេចវេះពីការលើកឡើងជំទាស់ដែលថា «មិនមានសភាពនៃចិត្តណាមួយដែលមិនថាសាមញ្ញប៉ុណ្ណាក៏ដោយ វាមិនផ្លាស់ប្ដូរគ្រប់ខណៈពេលទាំងអស់នោះឡើយ» ព្រោះថាមិនមានសតិដឹងនោះឡើយបើមិនមានការចងចាំ ហើយក៏មិនមានការបន្តជាប់គ្នានៃសភាពមួយនោះឡើយបើមិនមានការបន្ថែមទៅខណៈពេលបច្ចុប្បន្ននៃការចងចាំខណៈពេលអតីតកាលទេនោះ។ គឺជាបែបនេះឯងដែលបង្កើតនូវរយៈពេល។ រយៈពេលខាងក្នុងគឺជាជីវិតបន្តជាប់គ្នានូវការចងចាំដែលមកពីអតីតកាលបន្តមកបច្ចុប្បន្ន បច្ចុប្បន្ន បើមិនបង្កប់នៅខាងក្នុងវានៅក្នុងទម្រង់ដ៏ច្បាស់លាស់មួយនូវរូបភាពដែលកើនឡើងឥតឈប់ឈរនៃអតីតកាលនោះទេ ក៏ត្រូវបានបង្ហាញឡើងដោយការផ្លាស់ប្ដូរបន្តជាប់គ្នានៃគុណភាពនូវបន្ទុកដ៏ធ្ងន់ដែលយើងអូសពីក្រោយយើងនៅពេលដែលយើងចាស់ទៅនោះដែរ។ បើមិនមានការនៅរស់នៃអតីតកាលទៅក្នុងបច្ចុប្បន្នកាលនោះទេ បច្ចុប្បន្នកាលនឹងមិនមានរយៈពេលនោះឡើយ ប៉ុន្តែមានត្រឹមតែខណៈពេលខ្លីភ្លាមៗប៉ុណ្ណោះ។»
២) «ការគិតរបស់មនុស្សគឺពិតជាមានលក្ខណៈជារចនាសម្ព័ន្ធណាស់ដែលវាមិនអាចយល់ពីអ្វីមួយថ្មីបានរហូតទាល់តែវាបានធ្វើគ្រប់យ៉ាងនៅក្នុងអំណាចរបស់វាដើម្បីភ្ជាប់ទំនាក់ទំនងវាទៅនឹងអ្វីដែលចាស់។»
៣) «ភាពច្របូកច្របល់គ្រាន់តែជាភាពមានសណ្ដាប់ធ្នាប់ដែលយើងមិនបានស្វែងរកតែប៉ុណ្ណោះ។»
៤) «ពិភពលោកដែលញាណរបស់យើងនិងសតិដឹងរបស់យើងតាមទម្លាប់ស្និទ្ធស្នាលជាមួយយើងឥឡូវនេះគ្មានអ្វីក្រៅពីជាស្រមោលនៃខ្លួនវា ហើយវាត្រជាក់ដូចស្លាប់ដូច្នោះ។»
៥) «ភ្នែកមើលឃើញតែអ្វីដែលចិត្តត្រូវបានត្រៀមខ្លួននឹងបកស្រាយតែប៉ុណ្ណោះ។»
៦) «ភាគច្រើននៅពេលយើងនិយាយពីពេលវេលា យើងតែងគិតអំពីខ្នាតរង្វាស់នៃរយៈពេល និងមិនមែនរយៈពេលខ្លួនវានោះឡើយ។ ប៉ុន្តែរយៈពេលដែលវិទ្យាសាស្ត្របានលុបចោលនេះ និងដែលពិបាកក្នុងការយល់និងបង្ហាញចេញមកនេះ គឺជាអ្វីដែលបុគ្គលម្នាក់ទទួលអារម្មណ៍និងរស់នៅ។»
៧) «បច្ចុប្បន្នកាលមិនបង្កប់អ្វីក្រៅពីអតីតកាលនោះឡើយ ហើយអ្វីដែលត្រូវបានរកឃើញនៅក្នុងផលមាននៅក្នុងហេតុស្រាប់ទៅហើយ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សុភាសិតល្អៗចំនួន១៣ឃ្លា ដែលជាតិសាសន៍នៅទូទាំងពិភពលោកបានបន្សល់ទុកមក