ប្រយោគចំនួន ៨ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណនៃសតវត្សទី២០ លោក G. I. Gurdjieff
ថ្ងៃនេះយើងបានចងក្រងនូវប្រយោគចំនួន ៨ឃ្លា ពីគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណនៃសតវត្សទី ២០ G. I. Gurdjieff ដែលមានដើមកំណើតពីសាធារណរដ្ឋអាមេនី:
១) «ការភ្ញាក់ខ្លួនចាប់ផ្ដើមនៅពេលដែលបុគ្គលម្នាក់ដឹងថាគាត់កំពុងតែមិនទៅទីណាទាំងអស់ និងមិនដឹងទីណាដែលត្រូវទៅ។»
២) «ភាគរយច្រើនគួរសមនៃមនុស្សដែលយើងជួបនៅតាមផ្លូវ គឺជាមនុស្សដែលទទេនៅខាងក្នុង មានន័យថាពួកគេបានស្លាប់ទៅហើយ។ វាសំណាងសម្រាប់យើងហើយដែលយើងមិនបានឃើញនិងមិនបានដឹងអំពីវា។ បើយើងដឹងថាតើមានចំនួនប៉ុន្មានដែលស្លាប់និងថាតើមានចំនួនប៉ុន្មាននៃមនុស្សស្លាប់ទាំងនេះបានគ្រប់គ្រងលើជីវិតរបស់យើង យើងនឹងក្លាយជាឆ្កួតជាមួយនឹងភាពភ័យខ្លាចមិនខាន»។
៣) «វាក៏ពិបាកខ្លាំងដែរក្នុងការលះបង់សេចក្ដីទុក្ខរបស់បុគ្គលម្នាក់។ បុគ្គលម្នាក់នឹងលះបង់ចោលនូវភាពសប្បាយរីករាយបានទាំងអស់ប៉ុន្តែគាត់នឹងមិនលះបង់សេចក្ដីទុក្ខរបស់គាត់នោះឡើយ។»
៤) «មូលហេតុដំបូងនៃភាពជាទាសកររបស់មនុស្សគឺជាភាពឆោតល្ងង់របស់យើង និងនៅលើអ្វីៗទាំងអស់ គឺភាពឆោតល្ងង់អំពីខ្លួនឯង។»
៥) «ពេលវេលាចាប់ផ្ដើមនៅពេលអ្នកកើត។ វានឹងបញ្ចប់នៅពេលអ្នកស្លាប់។»
៦) «ចូរយើងលើកឡើងនូវព្រឹត្តិការណ៍មួយចំនួននៅក្នុងជីវិតនៃមនុស្សជាតិ ឧទាហរណ៍ដូចជា សង្គ្រាម មានសង្គ្រាមកំពុងតែកើតឡើងក្នុងពេលឥឡូវនេះ។ តើវាចង្អុលបង្ហាញពីអ្វី? វាចង្អុលបង្ហាញថាមនុស្សរាប់លាននាក់កំពុងតែព្យាយាមបំផ្លាញមនុស្សរាប់លាននាក់ទៀត។ ពួកគេនឹងមិនធ្វើបែបនេះនោះទេ បើពួកគេភ្ញាក់ដឹងខ្លួន។ គ្រប់យ៉ាងដែលកើតឡើងគឺដោយសារតែការគេងលក់នេះឯង។»
៧) «វាគឺជាកំហុសដ៏ធំមួយក្នុងការគិតថាមនុស្សម្នាក់គឺតែងតែជាមនុស្សម្នាក់និងនៅដដែល។ មនុស្សម្នាក់មិននៅដដែលយូរនោះទេ។ គាត់តែងតែផ្លាស់ប្ដូររហូត។ គាត់កម្រនៅដដែលណាស់សូម្បីតែកន្លះម៉ោងក៏ដោយ។»
៨) «ចំណេះដឹងដោយខ្លួនវាមិនអាចផ្ដល់ការយល់បានឡើយ។ ហើយក៏មិនមែនការយល់កើនឡើងដោយការកើនឡើងនៃចំណេះដឹងតែឯងនោះដែរ។ ការយល់អាស្រ័យទៅលើទំនាក់ទំនងនៃចំណេះដឹងទៅនឹងអត្ថិភាព វាស្ដែងចេញមកតែនៅពេលដែលមនុស្សទទួលដឹងអារម្មណ៍នូវអ្វីដែលមានទំនាក់ទំនងជាមួយវាតែប៉ុណ្ណោះ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ប្រយោគដកស្រង់ចំនួន៧ឃ្លា ដែលធ្វើឲ្យអ្នកចាប់ផ្ដើមកើតភាពងឿងឆ្ងល់ទៅក្នុងធម្មជាតិនៃការគិតរបស់អ្នក