ទស្សនដែលអ្នកគួរគិតពិចារណាចំនួន ៦ឃ្លា ពីលោក Gavin Nascimento ដែលជាសកម្មជននិងជាអ្នកផ្ដល់ប្រឹក្សាយោបល់ជីវិតមួយរូប
ថ្ងៃនេះយើងបានចងក្រងនូវទស្សនដែលអ្នកគួរគិតពិចារណាចំនួន ៦ឃ្លា ពីលោក Gavin Nascimento ដែលជាសកម្មជននិងជាអ្នកផ្ដល់ប្រឹក្សាយោបល់ជីវិតមួយរូប:
១) «អ្នកមិនចេះអក្សរនៃសតវត្សទី២១មិនមែនជាមនុស្សដែលមិនចេះអានឬសរសេរនោះទេ ប៉ុន្តែគឺជាមនុស្សដែលមិនអាចបញ្ឈប់រៀនបាននូវការកុហកជាច្រើនដែលពួកគេត្រូវបានដាក់លក្ខខណ្ឌឲ្យជឿ និងមិនអាចស្វែងរកចំណេះដឹងដែលបានលាក់បង្កប់ដែលពួកគេត្រូវបានដាក់លក្ខខណ្ឌឲ្យបដិសេធ។»
២) «លទ្ធិប្រជាធិបតេយ្យមានការពេញនិយមដោយសារតែវាគឺជាការបោកបញ្ឆោតនៃជម្រើសនិងការចូលរួមដែលវាបានផ្ដល់ឲ្យ ប៉ុន្តែបើអ្នករស់នៅក្នុងសង្គមដែលចំណេះដឹងរបស់មនុស្សភាគច្រើនអំពីពិភពលោកលាតសន្ធឹងរហូតដល់ទៅកីឡា រឿងភាគទូរទស្សន៍ឬវិទ្យុកំប្លែង កម្មវិធីទូរទស្សន៍ និងការនិយាយដើមតារាប្រជាប្រិយ លទ្ធិប្រជាធិបតេយ្យនឹងក្លាយជាទស្សនមួយដែលគួរឲ្យគ្រោះថ្នាក់។ រហូតទាល់តែមនុស្សត្រូវបានទទួលការអប់រំនិងផ្ដល់ព័ត៌មានបានត្រឹមត្រូវ ជាជាងត្រូវបានបង្រៀនឲ្យក្លាយជាអ្នកទិញប្រើប្រាស់ផលិតផលដែលល្ងង់ខ្លៅ ពុំនោះទេលទ្ធិប្រជាធិបតេយ្យគ្មានអ្វីក្រៅតែពីជាឧបករណ៍វៃឆ្លាតដែលត្រូវបានប្រើប្រាស់ដោយពួកគ្រប់គ្រងអំណាចដើម្បីគ្រប់គ្រងពួកយើងទាំងអស់គ្នានោះឡើយ។»
៣) «មិនថាជាប្រព័ន្ធនៅផ្ទៃខាងលើគឺជាមូលធននិយម សង្គមនិយម កុម្មុយនិស្ត អទេវនិយម សាសនាយូដា សាសនាឥស្លាម ឬសាសនាគ្រិស្តក៏ដោយ គឺមិនមានអត្ថន័យអ្វីនោះឡើយ។ អំណាចដែលគ្រប់គ្រងសង្គមទាំងនេះនៅពីក្រោយវាំងននទើបមានអត្ថន័យគ្រប់យ៉ាង។ បើអ្នកគិតថាប្ដូរពីស្លាកឈ្មោះមួយទៅមួយទៀតគឺជាដំណោះស្រាយ អ្នកមិនទាន់ដឹងពីបញ្ហានោះឡើយ។»
៤) «ការបដិវត្តន៍មិនមែនដូចទៅនឹងអ្វីដែលមនុស្សភាគច្រើនគិតនោះទេ ការបដិវត្តន៍គឺនៅពេលដែលអ្នកបិទទូរទស្សន៍ហើយចាប់ផ្ដើមអប់រំខ្លួនឯងហើយគិតដោយខ្លួនឯង។»
៥) «កុំយល់ច្រឡំច្បាប់ជាមួយនឹងយុត្តិធម៌ ច្បាប់តំណាងឲ្យអំណាចនិងប្រព័ន្ធ។ រីឯយុត្តិធម៌តំណាងឲ្យសុក្រឹតភាពនិងការពិត។»
៦) «ដោយមិនមានស្លាក គ្រប់គ្នាសុទ្ធតែជាមនុស្ស។ ដោយមិនមានភាពលោភលន់ គ្រប់គ្នាសុទ្ធតែមាន។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីដ៏ស៊ីជម្រៅចំនួន៥ឃ្លារបស់ Nisargadatta Maharaj ជាគ្រូបង្រៀនចិត្តវិញ្ញាណមួយរូបរបស់ហិណ្ឌូ