ត្រូវបង្កើតទម្លាប់ល្អៗទាំង ៦យ៉ាង នេះ មុនឈានដល់វ័យ ៣០ ដើម្បីធានាអំពីភាពជោគជ័យរបស់អ្នក
នៅពេលមនុស្សឈានដល់វ័យខ្ទង់២០ឆ្នាំ គឺជាពេលមួយដែលពួកគេត្រូវស្វែងយល់ និង រៀនសូត្រនូវរឿងរ៉ាវច្រើន ថ្វីបើអារម្មណ៍របស់ពួកគេនៅតែចង់បានភាពរីករាយច្រើនក្តី។ សម្រាប់អ្នកដែលបានរៀបចំខ្លួនបណ្ដើរៗនៅពេលឈានដល់វ័យខ្ទង់២០នេះ ពួកគេនឹងអាចបង្កើតអនាគតបានល្អនៅពេលវ័យចាស់បន្តិច ជាពិសេសនៅពេលឈានដល់អាយុខ្ទង់៣០ ឡើងទៅ។
ប៉ុន្តែបើអ្នកដែលឡេះឡោះ មិនគិតគូររៀបចំខ្លួន និង បង្កើតសមត្ថភាព ក៏ដូចជាបទពិសោធន៍ឲ្យបានច្រើនទេ ពួកគេនឹងប្រឈមនឹងបញ្ហាជាច្រើនមិនខាន។ ដើម្បីត្រៀមខ្លួនឲ្យបានល្អ អ្នកត្រូវបង្កើតទម្លាប់សំខាន់ៗទាំងនេះ៖
១) ទម្លាប់រៀនសូត្រឲ្យច្រើន
ការរៀនសូត្រ គឺគ្មានដែនកំណត់នោះទេ។ រៀនសូត្រកាន់តែច្រើន នោះវានឹងធ្វើឲ្យអ្នកមានចំណេះកាន់តែទូលាយ ដែលមានប្រយោជន៍សម្រាប់ការប្រើប្រាស់ក្នុងជីវិត។ ដូច្នេះហើយ ស្ថិតក្នុងវ័យខ្ទង់២០ អ្នកមិនគួរអល់អែកក្នុងការរៀនសូត្រនោះទេ ព្រោះនេះគឺជាវ័យដែលត្រូវតែរៀនសូត្រឲ្យបានច្រើនបំផុត។ បើមិនប្រឹងប្រែងរៀនសូត្រឲ្យបានច្រើនទេ នោះនៅពេលឈានដល់វ័យខ្ទង់៣០ អ្នកនឹងស្ដាយក្រោយមិនខាន ព្រោះពេលវេលាដើរលឿនណាស់។
២) សេពគប់មនុស្សទាំងឡាយណាដែលអាចអភិវឌ្ឍខ្លួនអ្នក
មានមនុស្សច្រើនជំពូក ដែលលោកអ្នកត្រូវពិចារណា មុនពេលសម្រេចជ្រើសរើសបង្កើតទំនាក់ទំនងជិតស្និត។ បើអ្នករាប់អាន ឬ ដើរជាមួយមនុស្សដែលពូកែតែរឿងស្រីស្រា នោះតិចឬច្រើនអ្នកនឹងក្លាយទៅជាមនុស្សបែបនេះដែរ ប៉ុន្តែបើអ្នកសេពគប់ជាមួយជនទាំងឡាយណា ដែលមានចំណេះដឹង ឬ មានភាពជោគជ័យច្រើនក្នុងជីវិត នោះអ្នកនឹងទទួលបានការអភិវឌ្ឍន៍ខ្លួន ទៅតាមនោះដែរ។
៣) រៀនសូត្រពីការបរាជ័យឲ្យបានច្រើន
ថ្វីបើគ្មាននរណាម្នាក់ចង់ទទួលការបរាជ័យ ប៉ុន្តែវាជារឿងជៀសមិនផុតនោះឡើយ គ្រាន់តែតិចហើយនិងច្រើនប៉ុណ្ណោះ ដូច្នេះហើយបើអ្នកជួបការបរាជ័យ សូមកុំតក់ស្លុតហួសហេតុពេក តែគួរតែគិតថា អ្នកនឹងទទួលមេរៀនជីវិតថ្មី ដើម្បីជាប្រយោជន៍នៅពេលខាងមុខ។
៤) រៀនសន្សំលុយកាក់
ការសន្សំលុយកាក់ គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប។ ចំពោះអ្នកដែលមានវ័យខ្ទង់២០ គឺគួរតែគិតគូរលើចំណុចនេះឲ្យបានល្អិតល្អន់បន្តិច ព្រោះថាបើចេះតែចាយខ្ជះខ្ជាយនោះ អ្នកនឹងគ្មានថ្ងៃអាច ប្រើប្រាស់លុយកាក់ដែលរកបានឲ្យមានប្រយោជន៍ច្រើនសម្រាប់ជីវិតនោះទេ។ បើមិនព្យាយាមសន្សំឲ្យបានច្រើនទេ នោះដល់ពេលវ័យចាស់បន្តិច អ្នកនឹងដឹងថា ខ្លួនពិតជាខុស។
៥) ត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត
ត្រូវចាំថា មានតែខ្លួនអ្នកប៉ុណ្ណោះដែលដឹងច្បាស់ថា ពេញចិត្តអ្វី និង ចូលចិត្តអ្វី ហើយអ្នកដទៃមិនងាយអាចតម្រូវចិត្តអ្នក១០០ភាគរយឡើយ។ ដូច្នេះហើយ អ្នកមិនគួរធ្វើអ្វីតាមការចង់បានរបស់អ្នកដទៃនោះឡើយ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា គ្មានក្តីសុខក្នុងចិត្ត ហើយអ្វីៗក៏មិនល្អទៅតាមហ្នឹងដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើអ្វីដែលខ្លួនពេញចិត្តនោះ អ្នកនឹងធ្វើវាយ៉ាងអស់ពីចិត្ត និង មានសេចក្តីសុខផងដែរ។
៦) ថែរក្សាសុខភាពឲ្យបានល្អ
សុខភាពគឺជារឿងសំខាន់បំផុត សម្រាប់មនុស្សរាល់គ្នា។ បើទោះបីជាមានលុយច្រើនប៉ុណ្ណា តែបើសុខភាពមិនល្អ នោះជីវិតរបស់អ្នកគឺសឹងតែគ្មានន័យអ្វីដដែល។ ដើម្បីទទួលបានសុខភាពល្អ អ្នកគួរតែចេះយកចិត្តទុកដាក់ និង ថែរក្សាឲ្យបានល្អបំផុត។ សម្រាប់អ្នកវ័យខ្ទង់២០ មួយចំនួនហាក់ធ្វេសប្រហែស ព្រោះអាងតែកម្លាំងនៅមាន ដោយផឹកស៊ីមិនគិត ធ្វើឲ្យសុខភាពកាន់តែចុះខ្សោយបន្តិចម្តងៗ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ uk.businessinsider.com & www.lifehack.org