សេដ្ឋកិច្ចអាមេរិកក្នុងត្រីមាសទី២ ធ្លាក់ចុះយ៉ាងអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
ព័ត៌មានផ្លូវការបានបញ្ចេញហើយ! វិបត្តិជំងឺ Covid-19 បានធ្វើឲ្យ GDP របស់អាមេរិកធ្លាក់ចុះនៅក្នុងអត្រាមួយខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ ផលិតផលក្នុងស្រុកសរុបរបស់មហាអំណាចមួយនេះបានធ្លាក់ចុះរហូតដល់ទៅ ៣៣% សម្រាប់ឆមាសទី២ ឆ្នាំ ២០២០ នេះ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លទ្ធផលនេះគឺជាការធ្លាក់ចុះដ៏ច្រើនបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៤០មក។ បើយោងតាមទិន្នន័យរបស់សារព័ត៌មាន Bloombergវិញដែលបានដកស្រង់សម្ដីសេដ្ឋកិច្ចវិទូជាច្រើនបានរំពឹងថា យ៉ាងហោចណាស់សេដ្ឋកិច្ចរបស់អាមេរិកធ្លាក់ចុះរង្វង់ ៣៥% ក្នុងត្រីមាសទី២នេះ។ ការធ្លាក់ចុះជាប្រវត្តិសាស្ត្រខាងលើបានឆ្លុះបញ្ចាំងពីលទ្ធផលអាក្រក់បំផុតដោយសារតែសកម្មភាពសេដ្ឋកិច្ចត្រូវបានរាំងខ្ទប់ទៅនឹងការរីករាលដាលនៃជំងឺ COVID-១៩ ដែលជាការបន្តធ្លាក់ចុះនៅក្នុងរយៈពេលដ៏វែងបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ខណៈដែលមានភាពស្រពិចស្រពិលនៅតែបន្តកើតមានជុំវិញការរីករាលដាលនៃជំងឺនេះ តួលេខផលិតផលក្នុងស្រុកសរុបជាប្រវត្តិសាស្ត្រអាចកាន់តែអាក្រក់ជាងការរំពឹងទកទៅទៀត។ ការព្យាករណ៍នៃការធ្លាក់ចុះ GDP ចំនួន ៣៥% ក្នុងមូលដ្ឋានប្រចាំឆ្នាំមានន័យថា ទំហំសេដ្ឋកិច្ចតូចជាង ១០% នៅត្រីមាសទី២នេះ បើប្រៀបធៀបទៅនឹងខែដំបូងនៃឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ សេដ្ឋកិច្ចធ្លាក់ចុះ ១០% ក្នុងមួយត្រីមាសក៏ត្រូវបានចាត់ទុកថា ជាកំណត់ត្រាធ្លាក់ចុះដែរ។
សេដ្ឋកិច្ចវិទូរំពឹងថា សកម្មភាពសេដ្ឋកិច្ចនឹងងើបឡើងវិញ ខណៈដែលបណ្ដារដ្ឋមួយចំនួនបានចាប់ផ្ដើមបើកទ្វាដក បម្រាមចេញវិញ។ ការស្ទង់មតិធ្វើឡើងដោយសារព័ត៌មាន Bloomberg រំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងក្នុងអត្រា ១៨% នៅត្រីមាសទី៣ ។ ប៉ុន្តែទោះបីជាវាបង្ហាញពីភាពសុទិដ្ឋិនិយមនៅក្នុងត្រីមាសទី៣ក៏ដោយ ក៏កំណើន GDP របស់ខ្លួននៅតែស្ថិតនៅក្នុងអត្រាទាបជាងអត្រាសេដ្ឋកិច្ចនៅមុនពេលជំងឺនេះរាតត្បាតដដែល៕
ដោយ៖ ខេវិន
ប្រភព៖ Businessinsider