មហាសេដ្ឋី Mark Cuban បកស្រាយយ៉ាងណាពេលគេនិយាយថា មនុស្សប្រែប្រួលពេលមានលុយ?
ក្នុងនាមជាសហគ្រិន និងជាប្រធានក្រុមហ៊ុន Dallas Mavericks លោក Mark Cuban បានក្លាយជាមហាសេដ្ឋីម្នាក់នៅពេលដែលលោក និងស្ថាបនិករួមជាច្រើននាក់ទៀតបានលក់ក្រុមហ៊ុន Broadcast.com ទៅឲ្យក្រុមហ៊ុន Yahoo ក្នុងតម្លៃ ៥,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ១៩៩៩។ កាលនោះលោកមានអាយុត្រឹមតែ ៤០ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះលោកមានអាយុ ៦១ ឆ្នាំហើយ និងមានទ្រព្យសម្បត្តិប្រមាណ ៤,៣ ពាន់លានដុល្លារ។
ថ្លែងទៅកាន់បទសម្ភាសន៍មួយ (The HoopsHype) កាលពីពេលថ្មីៗកន្លងទៅនេះ មហាសេដ្ឋី អាមេរិករូបនេះលើកឡើងដូច្នេះថា ទ្រព្យសម្បត្តិរបស់លោកប៉ុណ្ណេះ គឺច្រើនពេកណាស់សម្រាប់លោក។ យ៉ាងណាមិញ ក៏មានមនុស្សជាច្រើនបានលើកឡើងថា លុយបានធ្វើឲ្យមនុស្សប្រែប្រួលច្រើនណាស់។
លោក Mark Cuban បានលើកឡើងដូច្នេះថា៖ “មនុស្សគ្រប់គ្នានិយាយថា លុយបានធ្វើឲ្យអ្នកប្រែប្រួល។ ការពិតគឺវាដូច្នេះមែន ប៉ុន្តែវាមិនប្រែប្រួលទាំងអស់ទេ”។
មុនពេលលោកមានលុយច្រើនដូចសព្វថ្ងៃនេះ លោកមានអារម្មណ៍ថា គឺវាខុសគ្នាឆ្ងាយណាស់ពីជីវិតរបស់លោកកាលពីនៅអាយុខ្ទង់ ២០ឆ្នាំ។ កាលនោះលោកមិនមានលុយគ្រប់គ្រាន់ទេដើម្បីបើកគណនេយ្យធនាគារ ហើយរស់នៅផ្ទះមួយមាន ៣ បន្ទប់ជាមួយមិត្តភក្តិ ៥ នាក់ក្នុងតម្លៃ ៦០០ ដុល្លារក្នុងមួយខែ។ លោកគេងតែនៅលើឥដ្ឋការ៉ូជាមួយកម្រាលភួយ។ ប៉ុន្តែទោះបីជាលោករស់នៅបែបនេះ លោកនៅតែសប្បាយចិត្តអាចសប្បាយដើរហើរជាមួយមិត្តភក្កិ ហើយពួកគេទាំងនោះនៅតែជាមិត្តភក្តិរបស់លោករហូតមកដល់សព្វថ្ងៃ នេះ។
“មនុស្សគ្រប់គ្នានិយាយថា លុយបានធ្វើឲ្យអ្នកប្រែប្រួល។ ការពិតគឺវាដូច្នេះមែន ប៉ុន្តែវាមិនប្រែប្រួលទាំងអស់ទេ”។
ដើម្បីឆ្លើយតបទៅនឹងការលើកឡើងថា តើទំនាក់ទំនងជាមួយអ្នកផ្សេងទៀតនឹងប្រែប្រួលយ៉ាងណាពេលដែលក្លាយជាអ្នកមាន? លោកថារឿងដ៏លំបាកបំផុតមួយគឺទំនាក់ទំនងជាមួយមិត្តភក្តិរបស់អ្នក ពីព្រោះពួកគេជាមនុស្សដំបូងគេដែលមានភាពសង្ស័យមកលើអ្នកមុនគេនៅ ពេលអ្នកក្លាយជាអ្នកមាន។ ពួកគេនឹងអង្កេតមើលថា តើអ្នកនៅដូចមុនទៀតទេ? អ្នកប្រែប្រួលអ្វីខ្លះ?
“វាជាដំណាក់កាលមួយដែលមានការប្រែប្រួលតិចតួច ប៉ុន្តែមិត្តល្អនៅតែជាមិត្តល្អ ពួកយើងមិនបោះបង់គ្នាទេ”។ លោកMark Cuban បញ្ជាក់។
លោកMark Cuban បានសង្កត់ធ្ងន់ថា វាជាការពិតណាស់ នៅពេលក្លាយជាអ្នកមាន ជាពិសេសនៅពេលអ្នកចាប់ផ្ដើមតាំងពីបន្តិចបន្តួចទៅ វានឹងមានការផ្លាស់ប្ដូរមួយចំនួនដោយចៀសមិនរួច។ លោកថា លុយធ្វើឲ្យលោកមានក្ដី សុខ និងមានអារម្មណ៍ស្ងប់ជាងមុន។ លោកយល់ថា ខ្លួនឯងមានសំណាងណាស់ពីព្រោះលោកមិនចាំបាច់តប់ប្រមល់ ឬខ្វាយខ្វល់ដូចមុនពេលឃើញវិក្កយបត្របង់លុយរាល់ខែនោះទេ។ លោកមិនចាំបាច់ដេកព្រួយដូចមុនពីរឿងលុយនេះ ទេ ហើយលោកអាចរៀបចំកាលវិភាគធ្វើការយ៉ាងសប្បាយចិត្តទៀតផង។
អ្វីដែលលុយធ្វើឲ្យជីវិតរបស់លោកកាន់តែពិសេសទៀតនោះគឺថា វាធ្វើឲ្យលោករស់នៅក្នុងជីវិតសំបូរសប្បាយទៅតាមអ្វីដែលជាក្តីស្រមៃរបស់លោក។ ឧទាហរណ៍មួយសម្រាប់រឿងនេះគឺថា ក្រោយលោកបានក្លាយជាមហាសេដ្ឋីភ្លាមៗ លោកអាចរៀបចំកម្មវិធីជប់លៀងថ្លៃៗ ដើរកម្សាន្តយ៉ាងសប្បាយជាមួយគ្រួសារនៅតាមកោះល្បីៗ និងអាចទិញភូមិគ្រឹះស្កឹមស្កៃតាមអ្វីដែលលោកចង់បាន។
លោកបានបន្តដូច្នេះថា៖ “មិនខ្វល់ថា អ្នកចាប់ផ្តើមមានលុយក្នុងកម្រិតណាទេ នៅពេលអ្នកមានលុយច្រើនជាងមុន អ្នកនឹងមានការផ្លាស់ប្ដូរខ្លះហើយ”។ ប៉ុន្តែវាមិនមែនដូរទាំងអស់នោះទេ! ខ្ញុំយល់ថា មនុស្សជាច្រើននៅតែយល់ច្រឡំលើរឿងនេះ”។
លោកបានផ្តល់ដំបូន្មានថា ពេលអ្នកមានសមត្ថភាពធ្វើឲ្យខ្លួនឯងងើបផុតពីភាពក្រីក្រ ហើយក្លាយជាអ្នកមានលុយច្រើនម្នាក់ អ្នកគួរតែឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់អ្នក។ ប៉ុន្តែសូមកុំយកភាពមានបានរបស់អ្នកទៅបង្អួត ឬបញ្ឈឺអ្នកដទៃ ហើយកុំធ្វើឲ្យលុយបំផ្លាញជីវិតរបស់អ្នក៕
ដោយ៖ ខេវិន
ប្រភព៖ CNBC