ចិននឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ផុតលេខ វ៉ាដាច់អាមេរិក​ក្នុងឆ្នាំ ២០២៤ខាងមុខ​



យោង​តាម​ទិន្នន័យ​ចេញផ្សាយ​​របស់​​ធនាគារ​ពិភពលោក (World Bank) និង មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹង​ថា​ ចិននឹងក្លាយជាមហាអំណាច​សេដ្ឋកិច្ចធំជាងគេ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២៤ ខាងមុខ។ ក្នុងរយៈពេលដូចគ្នា​នេះ បណ្តា​ប្រទេស​មក​ពី​តំបន់​អាស៊ី​ចំនួន ៥ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​ជាប់​ឈ្មោះ​ក្លាយ​​មហាអំណាច​​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ចំណោម​មហាអំណាច​សេដ្ឋកិច្ច​កំពូលៗ​ទាំង​ ១០​។

​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​​កំណើន​លូតលាស់​បោះពួយ​ទៅមុខ​យ៉ាង​លឿន​ចាប់តាំង​ពី​ទសវត្ស​ ៩០​មក ខណៈ​ដែល​ឥណ្ឌា និង​ឥណ្ឌូណេស៊ី​កំពុង​បោះ​ជំហាន​បន្តិចម្តងៗ​ចូល​ក្នុង​បញ្ជី​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទាំង ១០ របស់​ពិភពលោក​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ប្រទេស​ទាំងពីរ​នេះ​នឹង​បន្ត​ឡើង​ចំណាត់ថ្នាក់​ទី ៣ និង​ទី ៥ នៅ​ត្រឹម​ ៤​ឆ្នាំ​ខាងមុខ​ប៉ុណ្ណោះ។ ចំណែក​ជប៉ុន​វិញ ដែល​កំពុង​ឈរ​នៅ​លេខរៀង​ទី ៣​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ទៅ​លេខ ៤​វិញ​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ ខណៈ​ដែល​រុស្សី នឹង​​ឡើង​មក​លេខ​រៀង​ទី ៦ ពី​ចំណាត់ថ្នាក់​ទី ១១ នៅ​ក្នុង​ឆ្នាំ ២០២០​នេះ។

ការ​កើន​ឡើង​នៃ​ប្រជាជន​វណ្ណៈ​កណ្ដាល គឺ​ជា​ហេតុផល​ដ៏​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​តំបន់​អាស៊ី​ហក់​យ៉ាង​លឿន​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​ខាងមុខ។ ខណៈ​ដែល​ចិន​​មាន​កំណើន​យុវជន​វ័យក្មេង​ខ្ពស់​នៅ​ដើម​សតវត្ស​ទី ២១​នេះ គេ​រំពឹង​ថា មហាយក្ស​អាស៊ី​មួយ​នេះ​នឹង​ប្រឈមមុខ​ទៅ​នឹង​ប្រជាជន​ចាស់​ជរា​ដែល​អាច​ប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​​នៅ​ពេល​ខាងមុខ។ ​ចំណែក​ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ម៉ាឡេស៊ី​វិញ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​មាន​កំណើន​កម្លាំង​ពលកម្ម​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នេះ​ដែល​រួមចំណែក​ធ្វើ​ឲ្យ​ខ្លួន​អាច​ចាកចេញ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​​មធ្យម​​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ World Economic Forum។

ក្រុមហ៊ុន​​​​ធំៗ​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​​អាស៊ី​ដូច​ជា ​ក្រុមហ៊ុន​ Huawei និង​Tataឥណ្ឌា​បាន​បង្ហាញ​សក្ដានុពល​របស់​ខ្លួន​​រួច​ទៅ​ហើយ​នៅ​សតវត្ស​នេះ​ ហើយ​គេ​រំពឹង​ថា នឹង​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​នឹង​បង្ហាញខ្លួន​នៅ​លើ​​ទីផ្សារ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​ឆាប់ៗ​ខាងមុខ​។   ក៏ប៉ុន្តែ​​កំណើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទ្វីប​អាស៊ី​ក៏​​បណ្ដាល​ឲ្យ​កើត​មាន​នូវ​បញ្ហា​របស់​ខ្លួន​ដែរ​ដូចជា​​​ការ​បែងចែក​យ៉ាង​លឿន​រវាង​ប្រាក់ចំណូល​​​នៅ​ជនបទ ​និង​ទីក្រុង​ ការ​សឹករិចរិល​នៃ​​បរិស្ថាន​និង​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​អភិបាលកិច្ច​  និង​ស្ថាប័ន​ផ្សេងៗ៕

ដោយ៖ ខេវិន
ប្រភព៖ statista 

X
5s