គតិដ៏ស៊ីជម្រៅចំនួន ៨ឃ្លា របស់លោក Adyashanti គ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អាមេរិក
ថ្ងៃនេះយើងបានចងក្រងនូវគតិដ៏ស៊ីជម្រៅចំនួន ៨ឃ្លា របស់លោក Adyashanti ដែលជាគ្រូបង្រៀនផ្នែកចិត្តវិញ្ញាណមួយរូបរបស់អាមេរិក:
១) «ការភ្ញាក់សតិដឹងគឺជាដំណើរការនៃការរលំបាក់បែក។ វាមិនពាក់ព័ន្ធអ្វីជាមួយនឹងការដែលក្លាយជាប្រសើរជាងមុនឬរីករាយជាងមុននោះឡើយ។ ការភ្ញាក់សតិដឹងគឺជាការបាក់បែកនូវអ្វីដែលមិនមែនជាការពិត។ វាគឺជាការដែលមើលឃើញនូវការលេចសម្ដែងឡើងមកនៅសម្បកក្រៅនៃការបោកបញ្ឆោត។ វាគឺជាការបាក់បែកទាំងស្រុងនៃអ្វីគ្រប់យ៉ាងដែលយើងស្រមៃថាជាការពិត។»
២) «បើអ្នកចូលចិត្តផ្សែងជាងភ្លើង ចូរក្រោកឡើងហើយដើរចេញឥឡូវនេះទៅ។ ព្រោះថាខ្ញុំមិនមានបំណងចង់តុបតែងសំលៀកបំពាក់នៃចិត្តរបស់អ្នកជាមួយនឹងចំណេះដឹងដែលឥតបានការដទៃទៀតនោះឡើយ។»
៣) «ការនិយាយរបស់ខ្ញុំមានគោលបំណងរង្គើអ្នកឲ្យភ្ញាក់សតិឡើង មិនមែនប្រាប់អ្នកឲ្យសុបិនល្អជាងមុននោះឡើយ។»
៤) «រហូតទាល់តែពិភពលោកទាំងមូលមានសេរីភាពក្នុងការយល់ស្របជាមួយអ្នកឬប្រឆាំងនឹងអ្នក រហូតទាល់តែអ្នកបានផ្ដល់នូវសេរីភាពទៅឲ្យគ្រប់គ្នាដើម្បីចូលចិត្តអ្នកឬមិនចូលចិត្តអ្នក ស្រឡាញ់អ្នកឬស្អប់អ្នក មើលឃើញរឿងរ៉ាវដូចអ្វីដែលអ្នកឃើញឬខុសពីគ្នា រហូតទាល់តែអ្នកបានផ្ដល់ឲ្យពិភពលោកនូវសេរីភាពរបស់វា ពុំនោះទេអ្នកនឹងមិនមានសេរីភាពរបស់ខ្លួនឯងនោះឡើយ។»
៥) «អ្វីក៏ដោយដែលអ្នកគេចវេសនៅក្នុងជីវិត នឹងត្រឡប់មកវិញម្ដងហើយម្ដងទៀត រហូតទាល់តែអ្នកសុខចិត្តព្រមប្រឈមមុខនឹងវា សម្លឹងជ្រៅចូលទៅក្នុងធម្មជាតិរបស់វា។»
៦) «ការភ្ញាក់សតិដឹងគឺនៅពេលអ្វីៗនៅខាងក្នុងយើងបានរួមសហការគ្នាជាមួយលំហូរនៃជីវិតខ្លួនវា ជាមួយអ្វីដែលមិនគេចវេសបាន។»
៧) «ឈប់ដេញតាមសន្តិភាពហើយឈប់ដេញតាមក្ដីស្រឡាញ់ ហើយបេះដូងរបស់អ្នកនឹងពេញលេញ។ ឈប់ព្យាយាមធ្វើជាមនុស្សដែលប្រសើរជាងមុន ហើយអ្នកនឹងក្លាយជាមនុស្សដែលប្រសើរជាងមុន។ ឈប់ព្យាយាមអភ័យទោស ហើយការអភ័យទោសនឹងកើតឡើង។ ឈប់ហើយនៅឲ្យស្ងៀម។»
៨) «មិនថារូបភាពអំពីអ្នកជាអ្វីក៏ដោយ វាគឺជារបាំងមុខហើយវាកំពុងតែលាក់បាំងនូវភាពទទេ។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ គតិបណ្ឌិតចំនួន១០ឃ្លា ដែលអាចដាស់អ្នកឲ្យងាកមកផ្សារភ្ជាប់ជាមួយធម្មជាតិរបស់ខ្លួនឯងវិញ