សម្ដីដកស្រង់ ៨ឃ្លា របស់អ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញមួយរូបនាសម័យកាលតន្ត្រីក្លាហ្សិកគឺលោក Mozart
ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដកស្រង់ចំនួន ៨ឃ្លា របស់អ្នកនិពន្ធបទភ្លេងដ៏ល្បីល្បាញមួយរូបរបស់ចក្រភពរ៉ូមាំុងនាសម័យកាលតន្ត្រីក្លាហ្សិក (The Classical Period) គឺលោក Wolfgang Amadeus Mozart:
១) «ខ្ញុំមិនចាប់អារម្មណ៍ទៅលើការសរសើរឬក៏ស្ដីបន្ទោសរបស់នរណាម្នាក់នោះឡើយ។ ខ្ញុំគ្រាន់តែដើរតាមអារម្មណ៍របស់ខ្លួនឯងប៉ុណ្ណោះ។»
២) «មិនមែនជាប្រាជ្ញាវៃឆ្លាតនៅក្នុងកម្រិតដ៏ខ្ពស់ឬក៏ជាការស្រមើស្រមៃឬទាំងពីរនេះទៅជាមួយគ្នានោះឡើយ ដែលបង្កើតឲ្យមានបញ្ញវ័ន្តនោះ។ ក្ដីស្រឡាញ់ ក្ដីស្រឡាញ់ ក្ដីស្រឡាញ់ នេះហើយទើបជាវិញ្ញាណរបស់បញ្ញវ័ន្ត។»
៣) «នៅពេលខ្ញុំធ្វើដំណើរនៅក្នុងរទេះសេះ ឬដើរស្រូបយកខ្យល់អាកាសក្រោយពីទទួលទានអាហារដ៏ឆ្ញាញ់មួយពេលរួច ឬនៅពេលយប់ពេលដែលខ្ញុំគេងមិនលក់ គឺនៅខណៈពេលបែបនោះឯងដែលគំនិតហូរបានយ៉ាងល្អបំផុតនិងសម្បូរហូរហៀរបំផុត។»
៤) «តន្ត្រីមិនមែននៅក្នុងណោតភ្លេងនោះទេ ប៉ុន្តែនៅក្នុងភាពស្ងប់ស្ងាត់ដែលនៅចន្លោះនោះ។»
៥) «ភាពស្ងប់ស្ងាត់ពិតជាសំខាន់ណាស់។ ភាពស្ងប់ស្ងាត់នៅចន្លោះណោតភ្លេងគឺសំខាន់ស្មើនឹងណោតភ្លេងដែរ។»
៦) «សេចក្ដីអត់ធ្មត់និងភាពស្ងប់ស្ងាត់នៃចិត្តរួមចំណែកដល់ការព្យាបាលជំងឺរបស់យើងច្រើនជាងសិល្បៈនៃការព្យាបាលតាមបែបវេជ្ជសាស្ត្រទាំងមូលទៅទៀត។»
៧) «ចំពោះសេចក្ដីស្លាប់ នៅពេលដែលយើងយកវាមកពិចារណាឲ្យបានដិតដល់ គឺជាគោលដៅពិតប្រាកដនៃអត្ថិភាពរបស់យើង។»
៨) «បើមនុស្សអាចមើលឃើញដល់បេះដូងរបស់ខ្ញុំបាន ខ្ញុំអាចនឹងស្ទើរតែមានអារម្មណ៍ថាខ្មាសអៀន។ នៅទីនោះទាំងអស់គឺសុទ្ធតែត្រជាក់ ត្រជាក់ប្រៀបបាននឹងទឹកកក។»
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ ទស្សនចំនួន១០ឃ្លារបស់លោក Deepak Chopra ដែលជាអ្នកនិពន្ធសញ្ជាតិឥណ្ឌាអាមេរិក