មេរៀនទាំង ៥ ជួយម្ចាស់អាជីវកម្មឆ្លងផុតស្ថានភាពលំបាក​



នៅពេលនេះ បើនិយាយពីស្ថានភាពលំបាកគឺគ្រប់គ្នាសុទ្ធតែសំដៅទៅលើស្ថានភាពដែលបានញាំញីដោយកូវីដ ១៩ ព្រោះស្ទើរគ្រប់អាជីវកម្ម និងនៅតាមបណ្ដាប្រទេសទាំងអស់លើពិភពលោកកំពុងតែជួបបញ្ហាធ្លាក់ចុះនេះដូចៗគ្នា។ 

ក្នុងអត្ថបទមួយនេះ នឹងធ្វើការបង្ហាញអ្នកពីវិធីដែលម្ចាស់អាជីវកម្មអាចរំដោះខ្លួនចេញពីស្ថានភាពអាក្រក់ មិនត្រឹមតែកូវីដ ១៩ទេ តែមេរៀនមួយនេះអាចបន្តអនុវត្តបានទោះបីជាស្ថានភាពកូវីដផុតរលត់ទៅវិញក៏ដោយ នៅពេលដែលដំណើរការអាជីវកម្មជួបប្រទះបញ្ហា ឬការជាប់គាំងណាមួយ។ 

ខាងក្រោមនេះជាមេរៀនទាំង ៥ ដែលម្ចាស់អាជីវកម្មត្រូវរៀនសូត្រ៖

១) កុំព្រងើយកន្តើយពីការធ្វើទីផ្សារ

ស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ពេលវេលាដ៏លំបាកខ្លាំងបែបនេះ វាគឺជាពេលដែលអ្នកត្រូវខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងដូចគ្នានៅក្នុងការធ្វើទីផ្សារ។ ស្របពេលដែលគូប្រកួតរបស់អ្នកកំពុងបាក់កម្លាំងខ្លះ ដួលសន្លប់ខ្លះ និងមួយចំនួនទៀតទ្រាំទ្រនឹងការរស់នៅក្នុងទីផ្សារមួយនេះលែងបាន វិធីសាស្រ្តល្អបំផុតសម្រាប់អ្នកនៅក្នុងការជំរុញការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកឲ្យទៅដល់អតិថិជនបានកាន់តែច្រើន។  បណ្ដាញទំនាក់ទំនងដែលអ្នកបានបង្កើត បណ្ដាញសង្គមដែលអ្នកកំពុងបានប្រើប្រាស់ អតិថិជនដែលមានស្រាប់នៅក្នុងដៃ សុទ្ធសឹងជាខ្សែរយៈនៅជាបណ្ដាញសំខាន់បំផុតសម្រាប់ការផ្សព្វផ្សាយរុញច្រានអាជីវកម្មរបស់អ្នក។ ទោះស្ថិតក្នុងស្ថានភាពមានការហាមឃាត់មិនឲ្យមានការជួបជុំច្រើន ប៉ុន្តែបណ្ដាញសង្គមបានដើរតួនាទីសំខាន់ជួយអ្នកផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នក បានទៅដល់អតិថិជនគោលដៅបានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងកាលៈទេសៈបែបនេះអ្នកត្រូវចេះកេងចំណេញពីការប្រើប្រាស់បណ្ដាញសង្គម និងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលឲ្យបានកាន់តែច្រើនតាមតែអាចធ្វើបាន ហើយវាគឺជាពេលវេលាមួយដែលអ្នកត្រូវវាយលុកទីផ្សារឲ្យបានកាន់តែខ្លាំង ព្រោះបន្ទាប់ពីពេលដែលអ្នកអាចយកជ័យជំនះលើស្ថានភាពអាក្រក់មួយនេះបាន ក្រោយវិបត្តិនេះត្រូវបានបញ្ចប់ទីផ្សារនៅស្ថិតនៅលើដៃរបស់អ្នក។

២ ធ្វើការវិនិយោគទៅលើធនធានមនុស្ស

ភាពជោគជ័យនៃដំណើរការអាជីវកម្ម ឬការគ្រប់គ្រងអាចសម្រេចទៅបានលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីធនធានមនុស្ស។ ទោះបីអ្នកជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងជាមនុស្សរបៀបបទពិសោធន៍ច្រើន មានផែនការ យុទ្ធសាស្ត្រច្បាស់លាស់ក្នុងការរង់ចាំអាជីវកម្មរបស់ខ្លួនឱ្យដើរទៅមុខ ប៉ុន្តែប្រសិនបើគ្មានធនធានមនុស្សនៅជួបជ្រោមជ្រែងសកម្មភាពរបស់ខ្លួន ភាពជោគជ័យមួយនោះក៏មិនអាចសម្រេចទៅបានដូចគ្នា។ នៅក្នុងន័យនេះចង់បង្ហាញថា ការយកចិត្តទុកដាក់ទៅលើបុគ្គលិកគឺជារឿងមួយដែលសំខាន់។ ជាម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់បុគ្គលិក បង្កើតទំនាក់ទំនងឲ្យបានរឹងមាំ និងជិតស្និទ្ធជាមួយបុគ្គលិក ផ្ដល់ឱកាសឲ្យពួកគេមានការរីកចម្រើន រួមជាមួយការលើកទឹកចិត្តផ្សេងៗតាមរយៈហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

៣ មានភាពបត់បែននិងរហ័សរហួន

ស្ថានភាពកូវីដ ១៩ បានបង្កើតនូវទម្លាប់នៃការរស់នៅថ្មីដល់មនុស្សទាំងអស់នៅជុំវិញពិភពលោក។ វាគឺជាការបត់បែនដោយឆាប់រហ័សមួយ ដែលទាមទារឲ្យម្ចាស់អាជីវកម្មត្រូវមានភាពវ័យឆ្លាតនៅក្នុងការបត់បែនយ៉ាងឆាប់រហ័ស ដើម្បីអាចសម្របខ្លួនបានទៅនឹងបរិបទសង្គម។ ការចាប់យកឱកាសបានឆាប់រហ័សរបស់សហគ្រិនបានបង្ហាញពីភាពឆ្លាតវៃ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងពុះពាររើបម្រាស់ខ្លួនចេញពីស្ថានការណ៍អាក្រក់ ដើម្បីឲ្យបន្តរស់រានជីវិតអាជីវកម្មបាន។

៤ បង្កើតនូវភាពច្នៃប្រឌិតឲ្យបានកាន់តែខ្លាំងជាងពេលណាទាំងអស់

អាជីវកម្មមួយអាចទទួលបានភាពជោគជ័យ និងឱកាសទាក់ទាញអតិថិជនបានច្រើនគឺជាអាជីវកម្មមួយដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត អាចបង្កើតជម្រើសនៃការប្រើប្រាស់របស់អតិថិជន រួមជាមួយការចូលរួមដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។ ភាពច្នៃប្រឌិតនិងនវានុវត្តន៍ បានចូលរួមយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យប្រឈមសម្រាប់អាជីវកម្ម ហើយវាបានផ្ដល់មកវិញនូវការផលិតនៅប្រទេសផលឬសេវាកម្មថ្មីៗ ក្នុងការបំពេញតម្រូវការរបស់អតិថិជន។ ដើម្បីបានគំនិតច្នៃប្រឌិតថ្មីៗ សហគ្រិន ឬម្ចាស់អាជីវកម្មចាំបាច់ត្រូវស្វែងយល់អំពីតម្រូវការរបស់អតិថិជន និងបញ្ហាធំបំផុតដែលអតិថិជនឬអ្នកប្រើប្រាស់នៅជុំវិញខ្លួនកំពុងជួបប្រទះ ហើយការស្រាវជ្រាវនិងការស្វែងយល់នេះត្រូវធ្វើឡើងឲ្យបានឆាប់រហ័សមុនពេលដៃគូប្រកួតប្រជែងរបស់អ្នកធ្វើវា។

៥ យកចិត្តទុកដាក់លើអតិថិជន

វាច្រើនសំខាន់បំផុតនៅក្នុងការថែរក្សាអតិថិជនចាស់មាននៅក្នុងដៃឲ្យបានល្អ ក្នុងស្ថានការបែបនេះពិតណាស់ថាអ្នកពិបាកនឹងស្វែងរកអតិថិជនថ្មីដើម្បីបង្កើនចំណូលអាជីវកម្មរបស់អ្នក។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺការគិត និងផ្តល់តម្លៃទៅដល់អតិថិជនដែលមានស្រាប់តាមលទ្ធភាពដែលអ្នកអាចធ្វើបាន៕

 

X
5s