គួរអនុវត្តទម្លាប់ ៧នេះ ប្រសិនបើអ្នកចង់ឲ្យខ្លួនឯងមានឥទ្ធិពលនៅក្នុងចំណោមក្រុមមនុស្ស
អត្តចរិតរបស់អ្នកដើរតួយ៉ាងសំខាន់ណាស់ដើម្បីធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពលដល់អ្នកដទៃ។ ទោះបីជាភាពទាក់ទាញខាងរូបសម្បត្តិ ចំណេះដឹង និងជំនាញទំនាក់ទំនងល្អមានសារៈសំខាន់ក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដើម្បីកសាងឥទ្ធិពលដ៏យូរអង្វែងដល់អ្នកដទៃបានដែរ។ ទន្ទឹមនឹងនេះ វាក៏មិនមានយុទ្ធសាស្ត្រល្អឥតខ្ចោះដែលធ្វើឲ្យអ្នកក្លាយជាមនុស្សមានឥទ្ធិពលនោះដែរ។ ក៏ប៉ុន្តែ អ្នកនឹងទទួលបានផ្លែផ្កា ប្រសិនបើអ្នកសាកល្បងអនុវត្តទម្លាប់ ៧ ចំណុចខាងក្រោមនេះ។
១.ជឿជាក់លើខ្លួនឯង
នេះគឺជាទម្លាប់សំខាន់បំផុតមួយដើម្បីក្លាយជាមនុស្សមានឥទ្ធិពលម្នាក់នៅក្នុងចំណោមមនុស្សម្នា។ ការជឿជាក់លើខ្លួនឯង គឺជាមូលដ្ឋានគ្រឹះមួយសម្រាប់អ្នកដទៃចាប់ផ្ដើមជឿជាក់មកលើអ្នក។ នៅពេលដែលអ្នកមានអារម្មណ៍ជឿជាក់ជាពិសេសលើគម្រោងការងារ មនុស្សជុំវិញអ្នកនឹងចាប់ផ្តើមចាប់អារម្មណ៍មកលើអ្នក។
២.គោរពអ្នកដទៃឲ្យដូចអ្វីដែលអ្នកចង់ឲ្យអ្នកដទៃគោរពអ្នក
នៅក្នុងបរិបទជាក់ស្ដែង សកម្មភាព ឬទង្វើវាមានសារសំខាន់ជាងពាក្យសម្ដី។ នៅពេលអ្នករាប់អានមនុស្សជុំវិញអ្នកដោយការគោរពមានន័យថា អ្នកកំពុងបង្ហាញផ្នែកមួយនៃកិរិយាមារយាទរបស់អ្នកដែលមានតម្លៃខ្លាំងសម្រាប់អ្នក និងអ្នកដទៃ។ ការគោរពគឺជាគុណតម្លៃមួយក្នុងចំណោមគុណតម្លៃសំខាន់ៗ ជាច្រើនទៀតនៅក្នុងជីវិត។ មនុស្សជាច្រើនទំនងជាជឿជាក់ និងឲ្យតម្លៃអ្នកប្រសិនបើអ្នកគោរពពួកគេ។
៣.មានភាពស្មោះត្រង់
ដើម្បីក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ វាមានហេតុផលដ៏ត្រឹមត្រូវរបស់វា។ ភាពស្មោះត្រង់ទាំងពាក្យសម្តី និងសកម្មភាពទង្វើ នឹងផ្ដល់ឱកាសជាច្រើនសម្រាប់អ្នកបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរឡើងជាមួយមនុស្សគ្រប់ប្រភេទ។ ហេតុដូច្នេះហើយ អ្នកត្រូវប្រាកដថា អ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើ គឺដើរស្របជាមួយគ្នា។
៤.បង្ហាញចំណាប់អារម្មណ៍របស់អ្នកទៅកាន់អ្នកដទៃ
សូមចាំថា គ្មានឡើយកន្លែងសម្រាប់ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបំពេញតែតាមចិត្តអ្នកចង់បាន ប្រសិនបើគោលដៅរបស់អ្នកចង់ក្លាយជាមនុស្សមានឥទ្ធិពលម្នាក់នោះ។ តើអ្នកអាចមានឥទ្ធិពលទៅអ្នកដទៃដោយរបៀបណាបើអ្នកមិនបានយល់អារម្មណ៍ ឬយកចិត្តទុកដាក់ចំពោះពួកគេផងនោះ? ចំណុចសំខាន់មួយនទីនេះដែលបញ្ជាក់ថា អ្នកបានចាប់អារម្មណ៍លើពួកគេនោះគឺថា អ្នកត្រូវស្ដាប់នូវអ្វីដែលពួកគេនិយាយ។ អ្នកត្រូវផ្លាស់ប្ដូរមតិយោបល់ និងគំនិតគ្នាទៅវិញទៅមក។ អ្នកត្រូវចាំថា មនុស្សចូលចិត្តនរណាដែលឲ្យតម្លៃ និងយល់ពីពួកគេ។
៥.និយាយឲ្យសុភាព
នៅពេលទំនាក់ទំនងជាមួយនរណាម្នាក់ ឬនៅក្នុងចំណោមក្រុមមនុស្ស អ្នកត្រូវធ្វើឲ្យពួកគេយល់ច្បាស់ពីអ្វីដែលអ្នកកំពុងនិយាយ និងធ្វើឲ្យពួកគេមានអារម្មណ៍មូលតក់នៅក្នុងការសន្ទនានោះ។ ម្ល៉ោះហើយអ្វីដែលអ្នកត្រូវធ្វើមុនគេ អ្នកគួរជៀសវាងប្រើភាសាកាយវិការ ឬពាក្យសម្ដីមិនសមរម្យ ហើយមិនត្រូវធ្វើខ្លួនដូចដឹងអ្វីគ្រប់យ៉ាងនោះទេ។ សូមប្រើភាសាណាដែលសុភាព ទន់ភ្លន់ មិននិយាយក្បុតៗ ដើម្បីធ្វើឲ្យអ្នកទាំងនោះស្តាប់ទៅពេញត្រចៀក និងងាយយល់។
៦.កុំភ្លេចស្នាមញញឹមនៅពេលជួបពួកគេ
ស្នាមញញឹមគឺជាមន្តស្នេហ៍ដ៏ទាក់ទាញមួយជួយឲ្យមនុស្សជុំវិញអ្នកមានអារម្មណ៍កក់ក្ដៅនៅពេលបានជួបអ្នក។ សូមធ្វើឲ្យស្នាមញញឹមរបស់អ្នកកាន់តែស្រស់ស្រាយឡើង និងដោយសមរម្យ។ យកចិត្តទុកដាក់មនុស្សដែលនៅជុំវិញអ្នក ប្រសិនបើអ្នកប្រើស្នាមញញឹមមិនត្រឹមត្រូវបង្កប់ដោយន័យឌឺដង ឬបន្ទាប់តម្លៃដល់ពួកគេ ឱកាសបង្កើតឥទ្ធិពលនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយពួកគេក៏ធ្លាក់ចុះទៅតាមនោះដែរ។
៧.ជួយអ្នកដទៃឲ្យបានច្រើន
មិនថានៅកន្លែងការងារ ឬនៅក្នុងជីវភាពប្រចាំថ្ងៃក្តី អ្នកគួរឆ្លៀតពេលវេលាណាមួយដើម្បីជួយអ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការជួយអ្នកដទៃមិន ទាមទារឲ្យអ្នកត្រូវតែមានលុយនោះទេ។ ការជួយចែករំលែកចំណេះដឹង ការជួយធ្វើកិច្ចការផ្សេងៗ និងការជួយនៅពេលមានទុកធុរៈជាដើមទោះតិចក្តីច្រើនក្តី សុទ្ធសឹងតែជួយកសាងគុណសម្បត្តិ និងកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យកាន់តែមានឥទ្ធិពលខ្លាំងឡើង៕
អត្ថបទទាក់ទង៖
- គន្លឹះជោគជ័យទាំង ៩ សម្រាប់អ្នកដែលមានបំណងប្រាថ្នា និងចង់ក្លាយជាគ្រិនវ័យក្មេង
- ចង់ធ្វើជាចៅហ្វាយខ្លួនឯង អ្នកគួរឆ្លើយសំនួរ៦នេះជាមុនសិនទៅ!
ដោយ៖ ខេវិន
ប្រភព៖ Inc