អ្នកជំនាញ៖វិធានការរបស់ធនាគារជាតិជាវិធីសាស្រ្តជំហានៗឈានទៅរកការកាត់បន្ថយការប្រើប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ- វិធានការរបស់ធនាគារជាតិនៃកម្ពុជា ជាសកម្មភាពក្នុងការកាត់បន្ថយការប្រើប្រាស់ដុល្លារក្នុងសេដ្ឋកិច្ច ក៏ដូចលើកទឹកចិត្តឲ្យមានការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភាកន្លងទៅ ធនាគារជាតិនៃកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេសថា NBC បានសម្រេចទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នាំយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីដឹកនាំចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
ប៉ុន្តែចាប់ពី ៣ខែ បន្ទាប់ពីនេះទៅ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាទទួលរ៉ាប់រងសេវាដឹកជញ្ជូនដោយខ្លួនឯង។
ធនាគារជាតិនៃកម្ពុជាក៏បញ្ជាក់ផងដែរថា ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះនៅលើទីផ្សារនោះទេ។
អានបន្ត៖ លោកជំទាវ ជា សិរី ៖ ក្រដាសប្រាក់១$ ២$ និង ៥$ នៅតែអាចចរាចរបាន ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ
ការសម្រេចដាក់ចេញវិធានការនេះ ដើម្បីពង្រឹងឯករាជ្យភាពក្នុងការដឹកនាំគោលនយោបាយរូបិយវត្ថុ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាពនៅក្នុងស្ថានភាពដែលពិភពលោកកំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។
ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ការធ្លាក់ចុះថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ ដែលជាចម្បងបណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ។ ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះមានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានិយាយដូច្នេះថា៖ «ដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗគួរត្រូវជំនួសដោយប្រាក់រៀលវិញ»។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានថ្លែងនៅក្នុងបណ្តាលសង្គម Instagram ផ្ទាល់ខ្លួនថា ការប្រើប្រាស់ប្រាក់រៀល ដើម្បីមោទនភាពជាតិ អធិបតេយ្យភាពជាតិ មិនអាចធ្វើទៅបានដោយមិនមានវិធានការអ្វីសោះនោះទេ។
លោកជំទាវបាននិយាយថា៖ «វិធានការអ្វីក៏ដោយធ្វើហើយ និងមានអ្នកទទួលផលច្រើន និងទទួលផលតិច ទទួលផលភ្លាមៗ និងទទួលផលនាពេលក្រោយ។ ហើយបើចាំឱ្យទទួលប្រយោជន៍បានស្មើៗគ្នា គឺមិនអាចទៅរួចទេ ត្រូវគិតប្រយោជន៍រួមជាធំ។ តែបើមានជួយប្រាប់ផង។ សូមឱ្យការស្រលាញ់លុយរៀល ការស្រលាញ់ជាតិ ចេញពីទឹកចិត្តពិត និងសកម្មភាពជាក់លាក់ កុំឱ្យចេញតែពីមាត់»។
យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថបានយល់ថាសេចក្តីសំរេចចំពោះវិធានការរបស់ធានាគារជាតិនៃកម្ពុជានេះជាវិធីសាស្រ្តជំហានៗ ក្នុងការកាត់បន្ថយការប្រើប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា ដោយអាចជំនួសដោយការចាយប្រាក់រៀលបានយ៉ាងងាយ។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានយល់ឃើញថា ៖ «នៅប្រទេសកម្ពុជាយើងនេះដល់ដំណាក់កាលហើយ ដែលយើងគួរតែប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើន ពីព្រោះវាចំណេញដល់ប្រទេសយើង ចំណេញដល់ការបោះពុម្ពប្រាក់រៀល ហើយវាជួយដល់សេដ្ឋកិច្ចយើងទៀត»។
លោកបាននិយាយបន្ថែមថា ៖ «នៅពេលដែលប្រទេសកម្ពុជាយើងអាចមានម្ចាស់ការលើប្រាក់រៀល ឬក៏រូបិយវត្ថុក្នុងស្រុកបាន វាបង្កលទ្ធភាពឲ្យរដ្ឋាភិបាល ឬក៏ធនាគារជាតិធ្វើគោលនយោបាយរូបិយវត្ថុ មានន័យថាការបញ្ចេញបញ្ចូលប្រាក់រៀល ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ឬក៏ដូចជាទប់ស្កាត់អតិផរណាជាដើម»។
ប៉ុន្តែនៅចំពោះមុខនេះខ្ញុំយល់ឃើញថា អ្វីដែលយើងខាតបង់ គឺការយកក្រដាសប្រាក់ពីប្រទេសអាមេរិកជាច្រើនមកចាយ ហើយវាខាតឱកាសដល់ការបោះពុម្ព
ក្រដាសប្រាក់របស់យើងដែរ។
ជាមួយគ្នាដែរ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានមានប្រសាសន៍លើកឡើងថា ធនាគារជាតិនៃកម្ពុជាបានព្យាយាមធ្វើឲ្យមានការចាយវាយប្រាក់រៀលយូរហើយ ប្រសិទ្ធភាពក៏វាបានច្រើនដែរ ប៉ុន្តែគ្រាន់តែមានកម្រិត ឧទាហរណ៍ដូចជាតម្រូវឲ្យគ្រឹះស្ថានធានាគារ និងមីក្រូហិរញ្ញវត្ថុ បញ្ចេញកម្ចីជាប្រាក់រៀល យ៉ាងហោចឲ្យបាន ១០% នៃសមតុល្យឥណទានសរុបរបស់ខ្លួន។
ចំពោះវិធានការបន្ថែមនេះអ្នកជំនាញផ្នែកសេដ្ខកិច្ចរូបនេះបានយល់ថា ៖ «នេះជារឿងល្អ ដើម្បីជំរុញឲ្យការប្រើប្រាស់លុយរៀលឲ្យបានទូលំទំលាយនៅពេលខាងមុខទៀត ហើយមែនទែនទៅជាវិធានការជាដំណាក់កាល មិនគួរមានការភ្ញាក់ផ្អើកនោះទេ ពីព្រោះបើសិនជាយើងមានប្រាក់ដុល្លារប្រភេទតូចនឹង យើងអាចយកទៅបង់ធានាគារ ឬមីក្រូហិរញ្ញវត្ថុទៅ។»
លោកបានសង្កេតឃើញថា ៖ «កន្លងមកការប្រើប្រាក់ដុល្លារក្រោមហេតុផលពីសំណាក់ប្រជាពលរដ្ឋទូទៅ ប្រាក់រៀលមានតម្លៃទាប ហើយការកាន់លុយរៀលមានចំនួនច្រើន ប្រសិនបើប្រើប្រាក់ដុល្លារស្រួលជាង មានតម្លៃខ្ពស់ជាង។ ប៉ុន្តែដោយឡែកទាក់ទងជាមួយនឹងប្រាក់ដុល្លារប្រភេទតូច ដូចជា ក្រដាសប្រាក់ ៥ ដុល្លារ ស្មើរ ២ម៉ឺនរៀល យើងក៏មានក្រដាសប្រាក់រៀលអាចជំនួសបានដែរ»។
លោកក៏បានបញ្ជាក់បន្ថែមថា ការណែនាំ និងការសម្រេចចិត្តរបស់ធនាគារជាតិនឹង មិនមែនឲ្យផ្អាកចាយប្រាក់ដុល្លារខ្នាតតូចតែម្តងនោះទេ គឺជាជំហានអាចឈានទៅរកការឈប់ចាយនៅពេលអនាគតតែប៉ុណ្ណោះ។
យ៉ាងណាមិញ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបញ្ជាក់យ៉ាងដូច្នោះថា ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយក តាមតម្លៃសេដ្ឋកិច្ច ប៉ុន្តែសូមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ ធានាគារជាតិនៃកម្ពុជាបានចេញសេក្តីប្រកាសតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ បញ្ចេញកម្ចីជាប្រាក់រៀល ឲ្យបានយ៉ាងតិច ១០ភាគរយនៃទំហំកម្ចីសរុបរបស់ខ្លួន។ ការកំណត់របស់ NBC ដូចនេះ គឺដើម្បីជំរុញការផ្ដល់ឥណទានជារូបិយវត្ថុជាតិ និងបង្កើនការប្រើប្រាស់រូបិយវត្ថុជាតិនៅក្នុងចរន្តសេដ្ឋកិច្ច៕
ដោយ៖ នូ វិរៈ