ឡើងផ្សារហ៊ុនដំបូង អេស៊ីលីដា បោះផ្សាយមូលបត្រកម្មសិទ្ធិជាង ៤៣០លានហ៊ុន ស្មើប្រមាណ ១,៧៥ប៊ីលានដុល្លារ
ភ្នំពេញ- កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទី១ នៅក្នុងកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជាលើកដំបូង ដែលមានភាគហ៊ុនសរុបចំនួន ៤៣៣.១៦៣.០១៩ ភាគហ៊ុន និងមានមូលធនូបនីយកម្មសរុបចំនួន ចំនួន ១,៧៥ ប៊ីនលានដុល្លារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅថ្ងៃនេះ នឹងធ្វើឲ្យធនាគារ អេស៊ីលីដា ក្លាយជាក្រុមហ៊ុនចុះ បញ្ជីទី ១២ និងជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ឬភាសាសាមញ្ញហៅថា ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា»។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការដែលគួរឲ្យកត់សម្គាល់នោះ គឺមូលធនូបនីយកម្មទីផ្សារសរុបរបស់ធនាគារ អេស៊ីលីដា មានចំនួនប្រមាណ ៧,០០០ប៊ីលានរៀល ដែលទំហំនេះស្មើនឹងជិត៣ដង នៃមូលធនូបនីយកម្មទីផ្សារសរុប នៅផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នដែលនឹងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពទាក់ទាញ ចំពោះវិនិយោគិនបរទេស ជាពិសេស វិនិយោគិនជាស្ថាប័ន ហើយនេះគឺជាកត្តាមួយដែលនឹងជួយជំរុញ សកម្មភាពជួញដូរនៅផ្សារមូលបត្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា សមិទ្ធផលថ្ងៃនេះនឹងក្លាយជាគំរូមួយសម្រាប់ជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀត ដែលមានបំណង ឬកំពុងមានភាពស្ទាក់ស្ទើរ ក្នុងការប្រមូលទុនពីទីផ្សារមូលបត្រ ឲ្យកាន់តែមានភាពជឿជាក់ ក្នុងការចាប់យកឱកាសកៀរគរទុនសម្រាប់ពង្រឹង និង ពង្រីកអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ ផ្សារមូលបត្រកម្ពុជា បាន និងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយ សម្រាប់ក្រុមហ៊ុន និងសហគ្រាសដែលត្រូវការទុន ជួយគាំទ្រដល់ការរីកចម្រើន នៃវិស័យឯកជន និងក៏កំពុងបានផ្តល់នូវបរិយាកាស អំណោយផលដល់អ្នកចូលរួមទីផ្សារទាំងឡាយផងដែរ។
យ៉ាងណាមិញ ឯកឧត្តម ហុង សុហួរ អគ្គនាយក នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះ ធនាគារ អេស៊ីលីដា ដែលបានខិតខំប្រឹងប្រែងជំនះគ្រប់ឧបសគ្គក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដំបូងជាសាធារណៈ និងឈានមកដល់ការចុះបញ្ជីនៅថ្ងៃនេះ។ ឯកឧត្តម ហុង សុហួរ ក៏បានបន្ថែមថា គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន៦ និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណចំនួន ៦។
ក្រុមហ៊ុនទាំង ១២ នេះបានប្រមូលទុនពីផ្សារមូលបត្រ សរុបប្រមាណជាង ២៤០ លានដុល្លារអាមេរិក។ សកម្មភាពទីផ្សារក៏មានការរីកចម្រើនជាងមុនច្រើន ដោយសន្ទស្សន៍ថ្លៃភាគហ៊ុនបានកើនឡើងដល់៧៦១,៧៣ពិន្ទុនៅចុងឆ្នាំ២០១៩ ធៀបនឹងចុងឆ្នាំ២០១៨ ទំហំជួញដូរមធ្យមប្រចាំថ្ងៃបានកើនជាង៥ដងពីចំនួនប្រហែល២៦.៧១៩ដុល្លារអាមេរិក នៅក្នុង ឆ្នាំ២០១៨មកដល់ចំនួនប្រហែល១៥៧.០៤៥ដុល្លារអាមេរិកជាមធ្យមនៅក្នុងឆ្នាំ២០១៩។
ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញចំណាប់យ៉ាងមុតមាំផងដែលថា ការចុះបញ្ជីរបស់ធានាគារ អេស៊ីលីដា នេះគឺជាការបើកទំព័ស័ករាជថ្មីនៃប្រវត្តិជោគជ័យជាង ២៧ ឆ្នាំ របស់ធានាគារ អេស៊ីលីដា ដោយមានអ្នកវិនិយោគិនជាសារធារណៈចំនួន ២,៤៩៧ នាក់ ក្លាយជាភាគហ៊ុនថ្មីរបស់ធានាគារ និងអាចចូលរួមជួញដូរភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា។
គួរបញ្ជាក់ផងដែល វិនិយោគគិតអាចបញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង០៨៖០០ព្រឹក នៅថ្ងៃចុះបញ្ជីនេះតទៅ៕
ដោយ៖ វិរៈ