ថៃនាំចេញផលិតផលកុំព្យូទ័រក្នុងទឹកប្រាក់ជាង ១២០ពាន់លានដុល្លារនាត្រីមាសទី១នេះ ជាប់លេខ១នៅអាស៊ាន​



ការនាំចេញផលិតផលកុំព្យូទ័រនិងគ្រឿងកុំព្យូទ័ររបស់ប្រទេសថៃក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះបានកើនឡើងហូតដល់ទឹកប្រាក់ ១២៨ ពាន់លានបាត ឬស្មើនឹង៤ពាន់លានដុល្លារ ក្លាយជាប្រទេសនាំចេញលេខ១ ក្នុងតំបន់អាស៊ាន។ នេះបើយោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ (Department of Trade Negotiations) ចុះផ្សាយដោយកាសែត Nation Thailand។

ការកើនឡើងនៃតម្រូវការប្រើប្រាស់កុំព្យូទ័រនិងគ្រឿងបង្គុំផ្សេងៗក្នុងការប្រើប្រាស់ក្នុងការរៀនអនឡាញ និងការប្រើប្រាស់ក្នុងការវិបត្តកូវីដ១៩ទូទាំងសកលលោក។ កាលពីឆ្នាំ២០១៩ ថៃជាប់ចំណាត់ថ្នាក់លេខ ៦ទូទាំងពិភពលោកជាប្រទេសនាំចេញកុំព្យូទ័រច្រើនជាងគេ ដែលឈរក្រោយប្រទេសចិន សហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក ម៉ិកស៊ិក និងហុងកុង។ 

លោកស្រី Auramon Supthaweethum បានមានប្រសាសន៍ថា៖ «ចាប់ពីខែមករារហូតដល់មីនាក្នុងឆ្នាំនេះ យើងបាននាំចេញក្នុងទឹកប្រាក់ប្រមាណជាង ៣,៤៩ពាន់លានដុល្លារ នៃផលិតផលកុំព្យូទ័រនិងគ្រឿងកុំព្យូទ័រ ជាពិសេសនាំចេញទៅសហរដ្ឋអាមេរិក ៣៧ភាគរយ ហុងកុង ១៦ភាគរយ ប្រទេសអាស៊ាន ១៤ភាគរយ សហភាពអ៊ឺរ៉ុប ១៤ភាគរយ និងប្រទេសចិន ១១ភាគរយ»។ 

លោកស្រី បានបន្តទៀតថា៖ «បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំទៅ ការនាំចេញកុំព្យូរទ័រនិងគ្រឿងបង្គុំផ្សេងៗបានកើនឡើង១៤ភាគរយ។ ការនាំចេញឧបករណ៍ផ្ទុកទិន្នន័យកុំព្យូរទ័រ (Hard-disk drives) មានការកើនឡើង ២៣ភាគរយ ក្នុងទឹកប្រាក់ ២,៩៦ ពាន់លានដុល្លារ ដោយប្រទេសថៃជាប្រទេសទី២ បន្ទាប់ពីចិនដែលនាំចេញឧបករណ៍ផ្ទុកទិន្នន័យកុំព្យូរទ័រ (Hard-disk drives) ច្រើនជាងគេ។

លោកស្រី Auramon Supthaweethum ក៏បានបន្ថែមទៀតថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺជាហេតុផលដែលជួយសម្រួលដល់ការនាំចេញរបស់ប្រទេសថៃផងដែរ ដោយប្រទេសអាស៊ាននេះបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ១៨ និងបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organisation) ក្នុងកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន (Information Technology Agreement) ដែលអនុញ្ញាតិឲ្យមានការនាំចេញផលិតផលកុំព្យូទ័រដោយមិនបង់ពន្ធទៅកាន់ប្រទេសសមាជិកជាង ៥៣ប្រទេស«។ 

គួរឲ្យដឹងផងដែរថា តម្លៃវិនិយោគក្នុងឧស្សាហកម្មផលិតផលអេឡិចត្រូនិកថៃនាបច្ចុប្បន្នមានតម្លៃក្នុងទឹកប្រាក់ ១៨,១៧ពាន់លានដុល្លារអាមេរិក ដែលជួយបង្កើតការងារដល់ប្រជាពលរដ្ឋជាង ៣០០ ០០០កន្លែង៕

X
5s