ផ្អាកអស់ជាង ២ខែ ពេលនេះរដ្ឋាភិបាលសម្រេចឲ្យនាំអង្ករ ស ចេញវិញហើយ​



រដ្ឋាភិបាលបានសម្រេចផ្ដល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករ ស ជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ចាប់ពីថ្ងៃ ឬទី២០ ខែឧសភា ឆ្នាំ២០២០ នេះ។

នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជម្រាបជូនលោកឧកញ៉ាប្រធានស្រូវអង្គរកម្ពុជា ស្តីអំពីការអនុញ្ញាតិឲ្យធ្វើការនាំចេញអង្ករសឡើងវិញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះ។

ការសម្រេចផ្តល់ការអនុញ្ញាតិឲ្យនាំចេញអង្ករ ស ទៅក្រៅប្រទេសជាបណ្តើរៗនេះ តបតាមសំណើរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ និងមានចំណារដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេស ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នក្នុងការនាំចេញ ស្រូវនិងអង្ករស ទៅក្រៅប្រទេសចាប់ពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បីធានាបរមាណសន្តិសុខស្បៀង និងស្ថិរភាពថ្លៃអង្គរនៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕

ដោយ នូ វិរៈ

 

X
5s