តើរកលុយបានប៉ុន្មានទើបធ្វើឲ្យអ្នកស្កប់ចិត្ត និងសប្បាយចិត្ត?
តើប៉ុន្មានដងហើយដែលអ្នកធ្លាប់គិតថា ប្រសិនបើអ្នករកលុយបាន ៥ ០០០ ដុល្លារ ឬ ១០ ០០០ ដុល្លារក្នុងមួយឆ្នាំធ្វើឲ្យអ្នកសប្បាយចិត្ត? ជាការពិតហើយ ចំណូលប៉ុណ្ណេះ គឺអាចធ្វើឲ្យមនុស្សមួយចំនួនមានអារម្មណ៍ថា ស្កប់ចិត្ត (Satisfaction) និងសប្បាយចិត្តហើយ។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Purdueនិងសាកលវិទ្យាល័យ Virginia បានរកឃើញថា មនុស្សអាចឈានដល់ចំណុចកំពូលស្កប់ចិត្តនឹងឆាកជីវិតរបស់ពួកគេគឺនៅ ពេលដែលខ្លួនអាចរកចំណូលបាន ៩៥ ០០០ ដុល្លារក្នុងមួយឆ្នាំ។ លទ្ធផលស្រាវជ្រាវនេះត្រូវបានធ្វើឡើងទៅលើមនុស្ស ១,៧ លាននាក់មកពីបណ្ដាប្រទេសចំនួន ១៦៤ នៅជុំវិញពិភពលោក។
ទោះបីជាបែបនេះក្តី ភាពស្កប់ចិត្តនៅទីនេះ គឺខុសគ្នាពីភាពសប្បាយរីករាយ។ ប្រសិនបើអ្នកស្កប់ចិត្ត គឺមានន័យថា រាល់តម្រូវការរបស់អ្នកត្រូវបានបំពេញអស់ហើយ។ ប៉ុន្តែមានលុយកាន់តែច្រើនក៏អាចនាំមកនូវបញ្ហាកាន់តែច្រើនដែរ។ អ្នកដែលរកប្រាក់ចំណូលច្រើនជាង ៩៥,០០០ ដុល្លារក្នុងមួយឆ្នាំ ភាពស្កប់ចិត្តនឹងជីវិតរបស់ពួកគេចាប់ផ្ដើមមានការធ្លាក់ចុះដែរ។ ហេតុអ្វី?
នៅពេលចំណូលរបស់ពួកគេឆ្លងផុតចំនួននេះ ពួកគេភាគច្រើនអាចបំពេញនូវរាល់តម្រូវការជាច្រើនរបស់ពួកគេប្រចាំថ្ងៃ ហើយអាចសងបំណុលផ្សេងៗបានលឿនជាងអ្នកផ្សេងទៀត។ ដល់ពេលនោះ អាទិភាពហិរញ្ញវត្ថុរបស់ពួកគេចាប់ផ្តើមផ្លោះទៅលើសម្ភារៈនិយមវិញ និងបង្ហាញភាពឡូយឆាយទាក់ទាញអ្នកដទៃដែលជាហេតុធ្វើឲ្យភាពស្កប់ចិត្តក្នុងជីវិតរបស់ពួកគេធ្លាក់ចុះ។ នេះក៏អាចធ្វើឲ្យពួកគេជួបធ្លាក់ចូលក្នុងអន្ទាក់បញ្ហាហិរញ្ញវត្ថុផងដែរ ប្រសិនបើពួកគេមិនបានប្រុងប្រយ័ត្នត្រួតពិនិត្យចំណូលចំណាយឲ្យបានត្រឹមត្រូវ។
ចំពោះសុខុមាលភាពផ្លូវចិត្ត (Emotional well-being) ឬ ភាពរីករាយក្នុងជីវិត មិនត្រូវការឲ្យអ្នករកចំណូលឲ្យបាន ៩៥ ០០០ ដុល្លារឡើងទៅនោះទេ។ អ្នកអាចរកចំណូលបានត្រឹម ៦០ ០០០ ដុល្លារទៅ ៧៥ ០០០ ដុល្លារ ឬទាបជាងនេះក៏ធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តបានដែរ។ ចំណូលប៉ុណ្ណេះ ប្រហែលជាមិនធ្វើឲ្យអ្នកផ្គត់ផ្គង់តាមតម្រូវការផ្សេងៗក្នុងជីវិតរបស់អ្នកគ្រប់គ្រាន់ទេ ប៉ុន្តែ វាអាចធ្វើឲ្យអ្នកសប្បាយចិត្តជាងអ្នកដែលរកចំណូលបានខ្ទង់ ៦ ខ្ទង់ ឬលានដុល្លារទៀតផង៕
អត្ថបទទាក់ទង៖
តើលុយពិតជាអាចទិញសុភមង្គលឲ្យអ្នកបានឬ?
ដោយ៖ Kevin
ប្រភព៖ Entrepreneur