សេដ្ឋកិច្ចហុងកុងធ្លាក់ចុះជាង ៨ភាគរយ ក្នងត្រីមាសទី១ ដោយសារកូរ៉ូណា​



សេដ្ឋកិច្ចហុងកុងបានដាំក្បាលចុះ ៨,៩ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ដោយសារតែការជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតាមកាសែត SCMP។

បើយោងតាមការព្យាករណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ផលិតផលក្នុងស្រុកសរុប (GDP) របស់ហុងកុង ធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៧៤មក ហើយមានភាពធ្ងន់ធ្ងរជាងការធ្លាក់ចុះសេដ្ឋកិច្ចក្នុងត្រីមាសទី៣ ៨,៣ ភាគរយ ក្នុងវិបត្តហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ ទៅទៀត។

លោក Paul Chan Mo-po រដ្ឋលេខាធិកាហិរញ្ញវត្ថុបានប្រសាសន៍ថា៖ «ស្ថានភាពសេដ្ឋកិច្ចរបស់ពួកយើងកំពុងមានការពិបាក។ យើងកំពុងស្ថិតក្នុងការធ្លាក់ចុះយ៉ាងជ្រៅ»។

លោក Paul Chan Mo-po បានបញ្ជាក់ថា ការធ្លាក់ចុះ ៥,៣ភាគរយក្នុងខែមករារហូតដល់មីនា បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលនេះគឺជាស្ថានភាពអាក្រក់បំផុតគិតចាប់ពីវិបត្តហិរញ្ញវត្ថុអាស៊ីមកម្លេះ។

លោក បានបន្តទៀតថា៖ «ប្រសិនយើងអាចធ្វើការជាមួយគ្នា ប្រសិនបើយើងអាចបង្កើនសាមគ្គីភាពគ្នា មិនត្រឹមប្រយុទ្ធនឹងវីរុសកូរ៉ូណានោះទេ លើកទឹកចិត្តដល់ការប្រើប្រាស់ លើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច។ ខ្ញុំគិតថាស្ថានភាពសេដ្ឋកិច្ចនឹងនឹងនរក្នុងត្រីមាសទី២»។

បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃចន្ទ សេដ្ឋកិច្ចបានធ្លាក់ចុះចន្លោះខែមករាដល់មីនា ដោយសារតែវិបត្តកូវីដទៅលើសេដ្ឋកិច្ចក្នុងស្រុកនិងសង្វាក់ផលិតកម្មក្នុងតំបន់។

លោក Chan បានព្រមានថាការធ្លាក់ចុះសេដ្ឋកិច្ចរបស់ហុងកុងអាចនឹងកាន់តែធ្ងន់ធ្ងរចន្លោះពី ៤ទៅ៧ភាគរយក្នុងឆ្នាំនេះ។ 

គួរបញ្ជាក់ផងដែរថា ដើម្បីទបស្កាត់ជំងឺកូវីដ១៩ តំបន់ត្រួតពិនិត្យព្រំដែនត្រូវបានបិទ ខណៈមនុស្ស ១៨០ ០០០នាក់ត្រូវធ្វើការពីផ្ទះ។ សាលារៀនត្រូវបិទ កន្លែងកម្សាន្ត និងកន្លែងកីឡាមួយចំនួនត្រូវផ្អាក។

ជាមួយគ្នានោះ ប្រភពសេដ្ឋកិច្ចធំរបស់ហុងកុង ការនាំចេញ ការលក់រាយ និងការវិនិយោគ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ការនាំចេញធ្លាក់ ៩,៧ភាគរយ ក្នុងត្រីមាសទី១បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុនដោយសារតែការជាប់គាំង និងសកម្មភាពពាណិជ្ជកម្មពាក់ព័ន្ធត្រូវជួបបញ្ហា៕

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s