ការ​ពិត ៨ យ៉ាង​ដែល​អ្នក​អាច​មិន​បាន​ដឹង​ពី​អ្នក​មាន​​ជាងគេ​នៅ​អាមេរិក​



ទ្រព្យសម្បត្តិ​ដ៏​​ច្រើន​មហាសាល​របស់​អ្នកមាន​ជាងគេ​បំផុត​នៅ​អាមេរិក​នៅតែ​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​។ ជាក់ស្ដែង ត្រឹម​ប៉ុន្មាន​​ខែ​ដើម​ឆ្នាំ ២០២០ នេះ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាមេរិក​មួយ​ចំនួន​បាន​កើន​ឡើង​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត បើ​ទោះបី​ជា​ប្រទេស​នេះ​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូវីដ ១៩ ក៏ដោយ។ ​នេះ​បើ​យោង​តាម​របាយការណ៍​​​របស់​វិទ្យាស្ថាន​​គោលនយោបាយ​សិក្សា​ថ្មី "Billionaire Bonanza"។

របាយការណ៍​ខាងលើ​បាន​​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​របស់​សារព័ត៌មាន Bloomberg (Bloomberg Billionaire Index) និង​ទិន្នន័យ​របស់​ទស្សនាវដ្ដី Forbes (Forbes' Global Billionaires) ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក។ ជា​លទ្ធផល របាយការណ៍​នេះ​បាន​បង្ហាញ​​លទ្ធផល​ដូច​ខាងក្រោម៖ 

១.មហាសេដ្ឋី​អាមេរិក​ចំនួន ៦១៤ នាក់​មាន​ទ្រព្យសម្បត្តិ​រួម​​លើស​ពី​ ៣ ពាន់​ពាន់​លាន​ដុល្លារ ​ខណៈ​ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ទាំង​នេះ​បាន​កើន​ឡើង​ទ្រព្យ​បន្ថែម​ទៀត​ចំនួន ៣ ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​តិច​ជាង​មួយ​ខែ​​ប៉ុណ្ណោះ​​នៅ​​កំឡុង​ពេល​ជំងឺ​​កូវីដ ១៩ រាតត្បាត​។

២.នៅ​ក្នុង​ចំណោម​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​របស់​អាមេរិក​ចំនួន ១៧០ នាក់ មាន​មហាសេដ្ឋី ៣៤ នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទ្រព្យសម្បត្តិ​សរុប​ពួកគេ​បាន​កើន​ឡើង​រាប់​សិប​លាន​ដុល្លារ​ក្នុង​កំឡុង​​ប៉ុន្មាន​ខែ​ឆ្នាំ ២០២០ ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg។ 

៣.ហើយ​​ក្នុង​ចំណោម​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​នៅ​អាមេរិក​ មាន​មហាសេដ្ឋី​ចំនួន​ ៨ ​ នាក់​​មាន​ទ្រព្យសម្បត្តិ​​កើន​ឡើង​លើស​ ១ ពាន់​លាន​ដុល្លារ​​គិត​ត្រឹម​ពី​ថ្ងៃ​ទី ១ ​ខែ​មករា​ដល់ ខែ​មេសា​ឆ្នាំ ​២០២០ ​នេះ​។ 

៤.ចាប់តាំង​ពី​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​ឡើង​កាន់​តំណែង​​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ​ ២០១៧​មក  មហាសេដ្ឋី​អាមេរិក​កាន់តែ​មាន​ជាង​មុន​ចំនួន​ ១០,៦% ។ នៅ​ពេល​នោះ​មហាសេដ្ឋី​អាមេរិក​សរុប​មាន​ចំនួន ៥៦៥ នាក់​ កាន់កាប់​ទ្រព្យសម្បត្តិ​​សរុប ២,៧ ពាន់​ពាន់​លាន​ដុល្លារ ខណៈ​ដែល​នៅ​ខែ​មេសា​ឆ្នាំ ២០២០ នេះ​ មហាសេដ្ឋី​អាមេរិក​​បាន​កើន​ឡើង​ដល់​ទៅ ៦១៤ នាក់ និង​មាន​ទ្រព្យសម្បត្តិ​សរុប​ ៣,២ ពាន់​ពាន់​លាន​ដុល្លារ​។

៥.នៅ​ចន្លោះ​ឆ្នាំ​ ១៩៩០ និង ២០២០ ទ្រព្យសម្បត្តិ​មហាសេដ្ឋី​អាមេរិក​​ទាំងអស់​បាន​កើន​ឡើង​ ១,១៣០% ក្នុង​ឆ្នាំ​ ២០២០ ពោល​គឺ​លឿន​ជាង​ ២១០ ដង​បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន​ ៥,៣៧% នៃ​ទ្រព្យសម្បត្តិ​​គិត​ជា​មធ្យម​របស់​ពលរដ្ឋ​អាមេរិក​ក្នុង​​រយៈពេល​ដូចគ្នា​នេះ​។

៦.ត្រឹម​តែ​មួយ​ទសវត្ស​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​អាមេរិក​បាន​កើន​ឡើង​ជិត​ទ្វេដង ពោល​​គឺ​​បាន​កើន​ឡើង​ ៨០,៦% ក្នុង​ឆ្នាំ ២០២០ នេះ​។ ចំនួន​នេះ​ ​គឺ​កើន​ឡើង​ច្រើន​ជាង ៥ ដង​នៃ​​កំណើន​ទ្រព្យសម្បត្តិ​គិត​​ជា​មធ្យម​របស់​​ពលរដ្ឋ​អាមេរិក​ដែល​បាន​កើន​ឡើង​ត្រឹមតែ​ ១៥,១% ​ចាប់​ពី​ឆ្នាំ ​២០១០ ដល់​ ២០១៦។ 

៧.អ្នក​មាន​ជាងគេ​បំផុត​របស់​អាមេរិក​ចំនួន ៤០០ នាក់​បាន​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​សរុប​ស្មើ​នឹង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​​ក្រីក្រ​អាមេរិក ៦៤% ឬ មាន​ចំនួន​​ជិត​ស្មើ​នឹង  ២ភាគ៣នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​​គ្រួសារ​ពលរដ្ឋ​អាមេរិក​ទាំងមូល។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes។ 

៨.ហើយ​ក្នុង​នោះ មហាសេដ្ឋី មាន​ជាងគេ​បំផុត​ចំនួន ៣ រូប​របស់​អាមេរិក​គឺ​លោក Jeff Bezos លោក Bill Gates និង​លោក​ Warren Buffett បាន​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​​ស្មើ​នឹង​​​ទ្រព្យសម្បត្តិ​​សរុប​របស់​ពលរដ្ឋ​ក្រីក្រ​​​អាមេរិក​ចំនួន​​ពាក់​កណ្ដាល​ប្រទេស​ ១៦០​លាន​នាក់។ អ្នក​ទាំង ៣ មាន​ទ្រព្យសម្បត្តិ​​សរុប ៣០០,៨ ពាន់​លាន​ដុល្លារ៕

អត្ថបទទាក់ទង៖
ទោះ​កូវីដ១៩វាយលុក ទ្រព្យសម្បត្តិ​មហាសេដ្ឋី៨រូបនេះនៅតែកើនឡើង​ខ្ទង់ពាន់លានដុល្លារដដែលនៅដើមឆ្នាំ២០២០នេះ
មកមើលមុខមហាសេដ្ឋីល្បីៗ៩រូប បានបរិច្ចាគប្រាក់ម្នាក់ៗប៉ុន្មានដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩?​

ដោយ៖ Kevin 
ប្រភព៖ Businessinsider 

 

X
5s