COVID-19 ញ៉ាំញីវិស័យទេសចរណ៍ឥណ្ឌូនេស៊ីខ្លាំងពេញបន្ទុក
ក្រុមអ្នកសេដ្ឋកិច្ចបានធ្វើការព្យាករណ៍ថា ប្រទេសឥណ្ឌូនេស៊ីអាចនឹងត្រូវការប្រើពេលយ៉ាងតិច ១ ឆ្នាំ ដើម្បីស្ដាប់វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីមានការជាប់គាំងដោយសារកូវីដ ១៩។
វិស័យទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី គឺជាឧស្សាហកម្មមួយដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយសារការទន្ទ្រានរបស់កូវីដ ១៩ ហើយគ្រោងនឹងចំណាយពេលយូរក្នុងការធ្វើឲ្យវិស័យមួយនេះបានងើបរើបឡើងវិញ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ចនិងអ្នកជំនួញភាគច្រើនបានរំពឹងថាវានឹងបន្តធ្លាក់កាន់តែខ្លាំងនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ។
សេដ្ឋវិទូនៅជានាយកមជ្ឈមណ្ឌលកំណែទម្រង់សេដ្ឋកិច្ច លោក Muhammad Faisal បានមានប្រសាសន៍ថា វិស័យទេសចរណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ីមានការពឹងផ្អែកយ៉ាងខ្លាំងទៅលើចិត្តសាស្ត្ររបស់មនុស្សដែលជាអ្នកទេសចរទាំងក្នុងនិងក្រៅប្រទេស។ លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលនៃការងើបឡើងវិញនេះ ការផ្តល់ទំនុកចិត្តដល់អ្នកទេសចរណ៍ទាំងក្នុង និងក្រៅស្រុកក្នុងការធ្វើដំណើរម្តងទៀតបន្ទាប់ពីការរាតត្បាតរាតនឹងក្លាយជាការងារដ៏លំបាកមួយ។ លោក Faisal បាននិយាយទៀតថា នៅពេលដែលតំបន់គោលដៅទេសចរណ៍របស់ឥណ្ឌូនេស៊ី ត្រូវបានរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិដូចជាការរញ្ជួយដីនៅ Lombok ក្នុងឆ្នាំ ២០១៨ អ្នកទេសចរត្រូវការពេលវេលាដើម្បីពិចារណាជាមុន មុនពេលធ្វើដំណើរទៅទីនោះម្តងទៀត។ សូម្បីតែប្រាំមួយខែបន្ទាប់ពីការរញ្ជួយដីនៅ Lombok នេះចំនួនភ្ញៀវទេសចរនៅតែមិនទាន់វិលមករកភាពធម្មតាវិញផង។
លោកបានព្យាករណ៍ថាកូវីដ ១៩ នឹងបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរជាងគ្រោះមហន្តរាយធម្មជាតិឆ្ងាយណាស់ព្រោះប្រជាជនក្នុងប្រទេស និងអ្នកទេសចរណ៍មិនអាចព្យាករណ៍បានថាតើពេលណាជំងឺរាតត្បាតនឹងត្រូវបញ្ចប់ទាំងស្រុងនោះទេ។ «ដូច្នេះទស្សនវិស័យទេសចរណ៍របស់ឥណ្ឌូនេស៊ីនៅឆ្នាំនេះ ពិតជាត្រូវផ្អែកលើទាំងស្រុងលើភាពធូរស្រាល ឬធ្ងន់ធ្ងរនៃការរីករាលដាលនៃវីរុសនេះ ប្រសិនបើក្នុងករណីមានការថមថយចុះនៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំនេះមែន យើងព្យាករណ៍ថាវិស័យទេសចរណ៍នឹងងើបឡើងវិញនៅឆ្នាំ ២០២១ ប៉ុន្តែវាមិនទាន់ជាសះស្បើយពេញលេញនៅឡើយទេ» លោកបានបន្ថែម ។
ស្ថិតិឥណ្ឌូណេស៊ីបង្ហាញថា ឥណ្ឌូណេស៊ីមានភ្ញៀវទេសចរណ៍បរទេសត្រឹមតែ ៨៨៥ ០៦៧ នាក់ប៉ុណ្ណោះក្នុងខែកុម្ភៈពោលគឺធ្លាក់ចុះ ២៨,៨៥% បើធៀបនឹងខែកុម្ភៈឆ្នាំមុន។ ទន្ទឹមនឹងនេះដែរចាប់ពីខែមករាដល់ខែកុម្ភៈប្រទេសឥណ្ឌូណេស៊ីមានចំនួនភ្ញៀវទេសចរណ៍បរទេសចំនួន ២,១៦ លាននាក់ ពោលគឺធ្លាក់ចុះ ១១,៨% ពីចំនួនភ្ញៀវទេសចរចំនួន ២,៤៥ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Suhariyanto បាននិយាយថា ភ្ញៀវទេសចរណ៍បអន្តរជាតិត្រូវបានកត់សម្គាល់ថាមានការធ្លាលក់ចុះខ្លាំង ក្នុងនោះភ្ញៀវទេសចរណ៍មកពីប្រទេសគោលដៅសំខាន់ៗរួមមាន ចិន ម៉ាឡេស៊ី សិង្ហបុរី និងអូស្រា្តលី មានការធ្លាក់ចុះខ្លាំង។ ចំនួនអ្នកទេសចរមកពីប្រទេសចិនបានធ្លាក់ចុះ ៩៣.៥ ភាគរយមកត្រឹម ១១.៧៨០ នាក់ក្នុងខែកុម្ភៈពីចំនួន ១៩៩.៩៦០ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ដោយ៖ យ៉ាយ៉ា